អីយ៉ាស់! តើនឹងមានអ្វីកើតឡើងបន្តទៀតចំពោះ ការដកហូតរថយន្តពីប៉ូលីសស្រីស័ក្តិ៤ យកសងម្ចាស់បំណុល ?


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ លោក ខាំ សុផារី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ឃាត់ខ្លួន ស្ត្រីម្នាក់ជានគរបាល អន្តោប្រវេសន៍ពាក់ស័ក្តិ ៤ មានតួនាទីជា នាយរងប៉ុស្តិ៍ច្រកទ្វាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ជាមួយរថយន្តទំនើបមួយគ្រឿង តាមដីកាសម្រេចចាត់ចែងរក្សាការពារ របស់លោក គឹម ម៉េង ចៅក្រមនៃសាលាដំបូងខេត្តកណ្តាល។

យោងតាមដីកាសម្រេចចាត់ចែងរក្សាការពារ លេខ ០៨ “ដសចរកព” របស់លោក គឹម ម៉េង ចៅក្រមនៃសាលាដំបូងខេត្តកណ្តាល ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ បានសម្រេចដកហូតរថយន្តមួយគ្រឿង ម៉ាក Lexus RX330 ព័ណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AG-7349 ពីកូនបំណុលឈ្មោះ ថន គារ៉េនណា ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ នគរបាល អន្តោប្រវេសន៍ពាក់ស័ក្តិ ៤ មានតួនាទីជា នាយរងប៉ុស្តិ៍ច្រកទ្វាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទីលំនៅផ្ទះលេខ ១៤ E0E1 ផ្លូវ៣៦៨ ភូមិ៩ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ឱ្យទៅម្ចាស់បំណុលឈ្មោះ ចាន់ ស្រីយ៉ា។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ការចុះអនុវត្តដីកាខាងលើធ្វើឡើងនៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧នេះ នៅក្នុងភោជនីយដ្ឋាន ណានជីង។ ក្រោយឃាត់ខ្លួន និងរថយន្ត ត្រូវបានលោក ខាំ សុផារី បញ្ជាឱ្យនាំយកទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។ ប្រភពបានបន្ថែមថា រហូតដល់ម៉ោងប្រមាណ ៥ល្ងាចថ្ងៃដដែលនេះ ភាគីទាំងសងខាង នៅមិនទាន់សម្របសម្រួលត្រូវគ្នាចប់នៅឡើយទេ ដោយសារតែភាគីកូនបំណុលឈ្មោះ ថន គារ៉េនណា មាន អ្នកមានអំណាចបុណ្យស័ក្តិ ចូលខ្លួនជួយអន្តរាគមន៍ច្រើនពេក ទើបភាគីម្ចាស់បំណុលមិនព្រម និងស្នើឱ្យ លោក ខាំ សុផារី ព្រះរាជអាជ្ញារងបន្តបនីតិវិធីនៅព្រឹកថ្ងៃទី ១ ខែសីហា ឆ្នាំ២០១៧ទៀត។ ទោះជាយ៉ាងណា កូនបំណុលឈ្មោះ ថន គារ៉េនណា ក៏ត្រូវបានលោក ខាំ សុផារី អនុញ្ញាតឱ្យត្រលប់ទៅផ្ទះវិញ ដោយទុកតែរថយន្ត នៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយបន្តទៀតនៅព្រឹកនេះ៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង