អីយ៉ាសមិនធម្មតាទេ! ឃាត់ខ្លួនជនសង្ស័យលើកនេះ ហាក់ដូចជារៀបជាប្រព័ន្ធអីចឹង


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ជនសង្ស័យសរុបចំនួន៩នាក់ រួមនិងថ្នាំញៀនចំនួន២៧កញ្ចប់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ សហការជាមួយនិងកម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវដឹកនាំកម្លាំងចុះទៅបង្ក្រាបនិងឃាត់ខ្លួនបានជាបន្តបន្ទាប់ នៅចំណុច៣ទីតាំងផ្សេងគ្នា។

កម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ ដែលចូលរួមនៅក្នុងប្រតិបត្តិការបង្ក្រាបខាងលើនេះ បច្ចុប្បន្នភាពបានឲ្យដឹងថា ការបង្ក្រាបគឺមានការចូលរួមពីសំណាក់ កម្លាំងអាវុធហត្ថខណ្ឌមានជ័យ និងកម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ ដោយបានបើកការស្រាវជ្រាវ និងកំណត់មុខសញ្ញាជនសង្ស័យអស់រយៈពេលជាយូរ រហូតអាចកំណត់មុខសញ្ញាបាន ឈានទៅដល់ការចុះបង្ក្រាបតែម្តង ហើយក្នុងការបង្ក្រាបនេះគឺធ្វើឡើងនៅចំណុច៣ទីតាំងផ្សេងគ្នា។ ក្នុងនោះទីតាំងទី១ ធ្វើឡើងកាលពីវេលាម៉ោង៣ រសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះគ្មានលេខ ក្រុមទី១៧ ភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។

ជាលទ្ធផលកម្លាំងបានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ ទី១មានឈ្មោះ សាន សាទ ភេទប្រុស អាយុ៣៧ឆ្នាំ មុខសញ្ញាចែកចាយ ស្នាក់នៅកន្លែងកើតហេតុ ជនសង្ស័យទី២ឈ្មោះ ឆាយ សុភា ភេទប្រុស អាយុ១៨ឆ្នាំ និងជនសង្ស័យទី៣ឈ្មោះ សេន ពិសិដ្ឋ ភេទប្រុស អាយុ២៣ឆ្នាំ។ ក្នុងនោះកម្លាំងបានធ្វើការដកហូតបាន ក្រាមសថ្លាចំនួន៥កញ្ចប់។

ក្រោយមកកម្លាំងអាវុធហត្ថខណ្ឌមានជ័យ បានសហការជាមួយការិយាល័យបទល្មើសគ្រឿងញៀនអាវុធហត្ថរាជធានីភ្នំពេញ បន្ទាប់ពីមានការឆ្លើយ សារភាពពីបក្ខពួកជនសង្ស័យឈ្មោះ សាន សាទ និងមានការអនុញ្ញាតពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូង ដឹកនាំដោយលោក វរសេនីយ៍ទោ ប៉ាន់ សុភាព នាយការិយាល័យបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ នៅវេលាម៉ោង៣និង៥០នាទីថ្ងៃដដែល កម្លាំង បានបន្តឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ ជាបក្ខពួកបន្ថែមទៀត នៅចំណុចបន្ទប់លេខ (១១៦ ១១៧) ផ្ទះសំណាក់យីហោ ច័ន្ទ គ្រឹះស្នា ដែលមានទីតាំងនៅតាមបណ្តោយផ្លូវ៣៧១ ភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។ ជនសង្ស័យទី១ឈ្មោះ ហាក់ វីរៈ (ហៅតូ) ភេទប្រុស អាយុ៣០ឆ្នាំ មុខសញ្ញាចែកចាយ ស្នាក់នៅបឹងទំពុន សង្កាត់បឹងទំពុន ជនសង្ស័យទី២ឈ្មោះ វណ្ណ ពិសី ភេទស្រី អាយុ១៨ឆ្នាំ និងជនសង្ស័យទី៣ឈ្មោះ សេង កុម្ភៈ ហៅពែក ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ។ ដកហូតបានក្រាមសថ្លាចំនួន១៧ កញ្ចប់ ដបសម្រាប់ជក់ចំនួន២ ដែកកេះចំនួន៤ និងក្រដាស់អាលុយមីញ៉ូម១ដុំ។

ក្រោយពេលឃាត់ខ្លួន ឈ្មោះ សេង កុម្ភៈ ហៅពែក បានឆ្លើយសារភាពថាមានបក្ខពួកមួយក្រុមទៀត លុះដល់វេលាម៉ោង៤និង៥០នាទី ស្ថិតនៅចំណុចផ្ទះគ្មានលេខ ភូមិចម្រើនផល៣ សង្កាត់បឹងទំពុន បន្តឃាត់ខ្លួនបក្ខពួកជនសង្ស័យបានចំនួន៣នាក់ បន្ថែមទៀត ទី១ឈ្មោះ សុខ សុផា ភេទប្រុស អាយុ៣៨ឆ្នាំ មុខសញ្ញាចែកចាយ ស្នាក់នៅកន្លែងកើតហេតុ ជនសង្ស័យទី២ឈ្មោះ គ្រេន ពិសិដ្ឋ ហៅបារាំង ភេទប្រុស អាយុ៣១ឆ្នាំ នៅកន្លែងកើតហេតុ និងជនសង្ស័យទី៣ឈ្មោះ ភិន ចាន់ណា ភេទប្រុស អាយុ២១ឆ្នាំ ដកហូតបានក្រាមសថ្លាចំនួន៥កញ្ចប់ ជញ្ជីងថ្លឹងថ្នាំញៀនចំនួន១ ថង់ច្រកចំនួន១ដុំ និងដបសម្រាប់ជក់គ្រឿងញៀនចំនួន១ ។

សរុបទាំង៣ទីតាំង កម្លាំងបានធ្វើការឃាត់ខ្លួនបានជនសង្ស័យសរុបចំនួន៩នាក់ ក្នុងនោះមានស្រីម្នាក់ ដកហូតបានក្រាមសថ្លាចំនួន២៧កញ្ចប់ ជញ្ជីងថ្លឹងថ្នាំញៀនចំនួន១ ដែកកេះចំនួន៤ ដបសម្រាប់ជក់ចំនួន៣ ក្រដាស់អាលុយមីញ៉ូម១ដុំនិងថង់ច្រកគ្រឿងញៀនមួយចំនួន ហើយបច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ការិយាល័យបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង