នាំមកជូនដោយ៖

អីយ៉ាស់ តុលាការសម្រេចដោះលែង ” Love Riya” ឲ្យមានសេរីភាពឡើងវិញ


ទំហំអក្សរ៖ S M L

ភ្នំពេញ ៖ ក្រោយប្រតិកម្មខ្លាំងៗពីមហាជន លោកសាយ សម្ផស្សសេរី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល នៅរសៀលថ្ងៃទី២៩ ខែសីហា នេះ សម្រេចដោះលែងស្ត្រីដ៏ស៊ិចស៊ី “Love Riya” ឲ្យមានសេរីភាពឡើងវិញ ។

ប្រភពព័ត៌មានច្បាស់ការណ៍មួយបង្ហើបឲ្យដឹងថា នេះជាការដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ដោយភ្ជាប់លក្ខខណ្ឌមួយចំនួន តែនីតិវិធីតុលាការនៅដំណើរការជាធម្មតា ។

ប្រភពព័ត៌មាន បន្តថា ការដោះលែងនេះ គឺ ស្ត្រីដ៏ស៊ិចស៊ីនេះ បានតម្កល់ប្រាក់ចំនួន៨លានរៀល មិនត្រូវផ្លាស់ប្ដូរទីលំនៅ និង ត្រូវចូលបង្ហាញខ្លួនគ្រប់នីតិវិធីតុលាការជាដើម ដោយស្របតាមមាត្រា២០៥នៃក្រមនីតិវិធីព្រហ្មទណ្ឌ ។

គួររំលឹកថា លោក សាយ សម្ផស្សសេរី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល កាលពីល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ នេះ សម្រេចបញ្ជូនតារាលក់ឡេលាបស្បែកតាម Facebook ជាមួយការបញ្ចេញរូបរាងកាយដ៏សិចស៊ី «Love Riya» ទៅឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នហើយ លើករណីលក់ផលិតផលក្លែងក្លាយនាំឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ សុខភាពស្បែករបស់អ្នកប្រើប្រាស់។

មន្ត្រីតុលាការ ថ្លែងថា ស្ត្រីដ៏ស៊ិចស៊ីរូបនេះ ត្រូវបានលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល ចោទប្រកាន់បើកការស៊ើបសួរ តាមមាត្រា១៧និងមាត្រា៦៣នៃច្បាប់ស្ដីពីការគ្រប់គ្រងគុណភាពនិងសេវា ។

មាត្រា១៧នៃច្បាប់នេះចែងថា ” ត្រូវបានហាមឃាត់ដាច់ខាតការក្លែងផលិតផលទំនិញដែលធ្វើជាកម្មវត្ថុពាណិជ្ជកម្មឬទុកសម្រាប់ធ្វើពាណិជ្ជកម្ម ដោយធ្វើការកែច្នៃផលិតផលទំនិញដោយរបៀបណាមួយ ដោយធ្វើការបញ្ចូលបន្ថែមការដកចេញឬប្តូរជំនួសនៃភាគណាមួយឬភាគទាំងមូលដែលពុំត្រូវបានអនុញ្ញាតឲ្យធ្វើដោយបទបញ្ញត្តិឬទម្លាប់ បើពុំមានបទបញ្ញត្តិឬដែលសមស្របទៅនឹងបទបញ្ញតិ ” ។

មាត្រា៦៣វិញចែងថា”ទោសនេះត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែទៅ១ឆ្នាំនិងពិន័យជាប្រាក់ពី៥លានរៀលទៅ១០លានរៀល” ។

នគរបាលនាយកដ្ឋានប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៨ ខែសីហា នេះ បានបញ្ជូនតារាលក់ឡេលាបស្បែកតាម Facebook ជាមួយករណីលក់ផលិតផលក្លែងក្លាយនាំឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ សុខភាពស្បែករបស់អ្នកប្រើប្រាស់។

 

លោក ទូច យុទ្ធា អនុប្រធានលេខាដ្ឋានប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងជាប្រធានប្រតិបត្តិការបង្រ្កាបផលិតផលក្លែងក្លាយ បានប្រាប់ថា ការបង្រ្កាបបានធ្វើឡើងនៅគេហដ្ឋានរបស់ស្រ្តីនេះផ្ទាល់តែម្តង ស្ថិតនៅក្នុងសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ស្រ្តីរូបនេះ មានឈ្មោះពិតថា ឆេង ស្រីរ័ត្ន។

លោក ទូច យុទ្ធា បានបញ្ជាក់ថា ការឃាត់ខ្លួនបានធ្វើឡើងបន្ទាប់ពីស្រ្តីរូប បានលក់ផលិតផលដែលគ្មានការចុះបញ្ជី ឬត្រួតពិនិត្យគុណភាពឲ្យបាន ច្បាស់លាស់ពីស្ថាប័នពាក់ព័ន្ធនោះឡើយ។ ជាពិសេសផលិតផលឡេដែលស្រ្តីរូបនេះលក់ និងអះអាងថា ជួយឲ្យស្បែកស ក្នុងរយៈពេល៧ថ្ងៃនោះ ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពស្បែករបស់អ្នកប្រើប្រាស់។

ជាមួយការចុះឆែកឆេរនេះសមត្ថកិច្ចរកឃើញឡេ ដែលលាយដោយ «Love Riya» ជាច្រើន ហើយក៏បានរឹបអូសផងដែរ។ បើតាមលោក ទូច យុទ្ធា ផលិតផលជាវត្ថុតាង និងសារធាតុផ្សំដែលដកហូតមានចំនួនសរុបប្រហែល ១,៣៧០គីឡូក្រាម។

លោក ទូច យុទ្ធា បានបញ្ជាក់ថា ស្រ្តីរូបនេះត្រូវបានឃាត់ខ្លួនយកទៅសួរនាំ ហើយបើពិនិត្យឃើញមានករណីធ្ងន់ធ្ងរនឹងកសាងសំណុំរឿងបញ្ជូនខ្លួន ទៅកាន់តុលាការ។

សូមបញ្ជាក់ថា «Love Riya» គឺជាតារា Facebook ដ៏ល្បីមួយរូបផងដែរ ដោយសារតែស្រ្តីរូបនេះតែងតែផ្សាយផ្ទាល់តាមទំព័រ Facebook ជាមួយការបញ្ចេញរូបរាងដ៏ស៊ិចស៊ីរបស់នាង និងផ្សព្វផ្សាយលក់ផលិតផលឡេលាបស្បែក៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង