ចង់ឲ្យអភិបាលតាមខណ្ឌនីមួយៗ ធ្វើដូចអភិបាលខណ្ឌឫស្សីកែវណាស់


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ អភិបាលខណ្ឌឫស្សីកែវ លោក ជា ពិសី បានជូនដំណឹងភ្លាមៗ ទៅដល់ប្រជាពលរដ្ឋទាំងអស់ នៅទូទាំងខណ្ឌឫស្សីកែវ ត្រូវប្រញាប់រុះរាន់ឡើង ដើម្បីទៅទទួលយកការពិនិត្យព្យាបាលជំងឺទូទៅ ដោយឥតគិតថ្លៃសេវា ដែលរៀបចំដោយក្រុមគ្រូពេទ្យជំនាញ របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ សហការជាមួយ អាជ្ញាធរខណ្ឌឫស្សីកែវ។

ការប្រកាសនេះ បានធ្វើឡើងនៅគ្រាដែល លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ និងលោកស្រី កែវ សុខពិសី អភិបាលរងរាជធានី តំណាងអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានដឹកនាំមន្ត្រីពាក់ព័ន្ធ សហការជាមួយលោក ស៉ឹម ស៊ូយេង អនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ តំណាងលោកបណ្ឌិត ហ៊ុន ម៉ាណែត បានបើកយុទ្ធនាការពិនិត្យព្យាបាលជំងឺទូទៅ ដោយមិនមានបង់ថ្លៃសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយ។ ការពិនិត្យ និងព្យាបាលជំងឺនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ នៅត្រង់ចំណុច ក្នុងបរិវេណសាលាបឋមសិក្សាតេជោ ហ៊ុន សែន ទួលសង្កែ ស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

អភិបាលរងខណ្ឌឫស្សីកែវ លោក ប្រាជ្ញ សីហា បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ពិសេស ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ដែលបានបង្កើតសកម្មភាពចុះពិនិត្យព្យាបាលជំងឺទូទៅ ដោយមិនមានបង់ថ្លៃសេវាសាធារណៈ ជូនប្រជាពលរដ្ឋ។

លោកថ្លែងថា កន្លងមក សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា បានបង្កើតកម្មវិធីមនុស្សធម៌ ក្នុងការចុះពិនិត្យព្យាបាលជំងឺទូទៅ ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ ជូនប្រជាពលរដ្ឋ ជាកម្មករ កម្មការិនី ដោយមិនមានបង់ថ្លៃសេវា ចំនួន៤០០០នាក់ រហូតពេលនេះ ក៏មានវត្តមានក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្ដេចតេជោ ដែលមានលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាប្រធាន បានបន្តសកម្មភាពចុះពិនិត្យព្យាបាលជំងឺទូទៅ ជូនប្រជាពលរដ្ឋ ជាង៥០០០នាក់ ដោយគ្មានបង់ថ្លៃសេវា រួមទាំងចូលរួមផ្សព្វផ្សាយអប់រំសុខភាពតាមបន្ទប់ជួល ចំនួន២៧៥០បន្ទប់ ថែមទៀត។

ជាមួយគ្នានោះ លោក សុឹម ស៊ូយេង អនុប្រធានគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ បានលើកឡើងថា សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ ប្រមាណ១៣៧នាក់ ដែលប្រកបទៅដោយក្រមសិល្ប៍ធម៌ វិជ្ជាជីវៈ និងត្រៀមលក្ខណៈ ដើម្បីរងចាំស្វាគមន៍ ទទួលពិនិត្យព្យាបាលជំងឺទូទៅ ជូនប្រជាពលរដ្ឋ ដោយមិនចាំបាច់បង់ថ្លៃសេវាឡើយ ដូចជា ជំងឺឫសដូងបាត ជំងឺវះកាត់ ជំងឺផ្នែកអេកូ និងរោគស្ត្រី រួមនឹងជំងឺមាត់ធ្មេញ ជាដើម។

លោកស្រីអភិបាលរងរាជធានី កែវ សុខពិសី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ដែលបានចំណាយពេលវេលាដ៏មានតម្លៃនាចុងសប្ដាហ៍ នៃថ្ងៃឈប់សម្រាករបស់ខ្លួន ដើម្បីបំពេញការងារបន្ថែម ជូនគណបក្សប្រជាជនកម្ពុជា ដោយមិនខ្លាចនឿយហត់ ក្នុងការចុះពិនិត្យព្យាបាលជំងឺទូទៅ ជូនប្រជាពលរដ្ឋ ជាកម្មករ កម្មការិនី ដោយមិនតម្រូវឲ្យបង់ថ្លៃសេវាសាធារណៈ នូវទូទាំងខណ្ឌឫស្សីកែវ ក៏ដូចជា នូវទូទាំងរាជធានីភ្នំពេញ៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង