ល្អណាស់លោកអភិបាលខណ្ឌមានជ័យព្រមានមន្ត្រីថ្នាក់ក្រោមហាមដាច់ខាតយកថ្លៃទឹកតែពីប្រជាពលរដ្ឋ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ លោក ពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យកាលពីរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧ បានអញ្ជើញចុះទៅសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដោយនាំយកប័ណ្ណគ្រួសារទៅប្រគល់ជូនមេគ្រួសារហើយក្នុងនោះលោកអភិបាលខណ្ឌបានបញ្ជាក់នៅចំពោះមុខប្រជាពលរដ្ឋដោយហាមដាច់ខាតមិនឲ្យនគរបាលយកលុយពីប្រជាពលរដ្ឋក្នុងសេវាធ្វើប័ណ្ណគ្រួសារឬឯកសារផ្សេងៗឡើយដោយក្នុងនោះលោកអភិបាលខណ្ឌធានាចេញថវិការជំនួសប្រជាពលរដ្ឋ។

លោក ពេជ្រ កែវមុនី បានមានប្រសាសន៍ថាមូលហេតុដែលលោកសម្រេចចិត្តយកពេលព្រលប់មកចុះជួបបងប្អូនប្រជាពលរដ្ឋចំនួន៣៣គ្រួសារ រស់នៅក្នុងក្រុមទី៤០ ភូមិ៧ សង្កាត់ចាក់អង្រែលើនេះក៏ព្រោះតែ ពេលនឹងពេលថ្ងៃខ្លាចមិនបានជួបមេគ្រួសារហើយខ្លាចរំខានការងារចំពោះមុខរបស់បងប្អូនព្រោះខ្លះជាមន្ត្រីរាជការ អាជីវករ។ល។

ជាក់ស្តែងនៅវេលាម៉ោង៦ល្ងាចថ្ងៃទី៨ ខែសីហានេះ លោកបានចុះមកជួបបងប្អូនប្រជាពលរដ្ឋដោយមាននគរបាលប៉ុស្តិ៍ចាក់អង្រែលើមកជាមួយនឹងនាំយកប័ណ្ណស្នាក់នៅមកប្រគល់ជូនបងប្អូនប្រជាពលរដ្ឋចំនួន៣៣ប័ណ្ណដែលបងប្អូនទើបនឹងត្រូវកាត់ចេញពីសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ឲ្យមកសង្កាត់ចាក់អង្រែលើខណ្ឌមានជ័យគ្រប់គ្រងវិញ។ លោក ពេជ្រ កែវមុនី បានបញ្ជាក់ថាប័ណ្ណគ្រួសារទាំង៣៣នេះគឺកម្លាំងនគរបាលប៉ុស្តិ៍បានចុះមកធ្វើដល់ទីលំនៅរបស់គាត់ផ្ទាល់តែម្តងដោយពំុចាំបាច់ឲ្យបងប្អូនធ្វើដំណើរទៅទីស្នាក់ការនគរបាលប៉ុស្តិ៍ឡើយ។ ចំពោះការចំណាយលើសេវាធ្វើប័ណ្ណនេះគឺលោកអភិបាលខណ្ឌបានហាមប្រាមដាច់ខាតមិនឲ្យមន្ត្រីនគរបាលយើងយកថ្លៃសេវាពីបងប្អូនប្រជាពលរដ្ឋឡើយដោយលោកជាអ្នកចេញជំនួសទាំងថ្លៃសាំងថ្លៃហូបកាហ្វេ និងចំណាយផ្សេងៗហើយក្នុងនោះលោកអភិបាលខណ្ឌក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់កុំចំណាយលុយទៅលើនគរបាលក្នុងការបំពេញបែបបទផ្សេងៗឲ្យសោះហើយបើត្រូវបង់គឺឲ្យលោកបានដឹងឬបើចាំបាច់ លោកនឹងចេញជំនួសដោយមិនប្រកាន់ថាបងប្អូនមកពីគណបក្សណានោះឡើយ។

ស្ថិតនៅចំពោះមុខបងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកទទួលប័ណ្ណស្នាក់នៅនោះលោក ពេជ្រ កែវមុនី បានសុំការអាធ្យាស្រ័យពីបងប្អូនប្រជាពលរដ្ឋខណៈដែលលោកពំុបានយកទៅជូនដល់លំនៅដ្ឋានដោយសារតែបងប្អូនស្ម័គ្រចិត្តមកជួបជំុគ្នាមកទទួលប័ណ្ណព្រោះតែពួកគាត់ចង់បានយកទៅប្រើប្រាស់តាមផ្លូវច្បាប់នឹងសំខាន់ជាងនេះមានការទទួលស្គាល់ស្របច្បាប់ពីអាជ្ញាធរមូលដ្ឋានដែលពួកគាត់ស្នាក់នៅ។

 

បន្ទាប់ពីទទួលបានប័ណ្ណស្នាក់នៅរួចមកបងប្អូនប្រជាពលរដ្ឋទាំង៣៣គ្រួសារបានសំដែងការអរគុណដល់លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យដែលបានចំណាយពេលដ៏មមាញឹកមកជួបសំណេះសំណាលជាមួយពួកគាត់ព្រមទាំងនាំយកប័ណ្ណស្នាក់នៅមកប្រគល់ជូនដោយមិនគិតថ្លៃហើយម៉្យាងទៀតប្រជាពលរដ្ឋលោកចង់ស្គាល់មុខលោកអភិបាលខណ្ឌ ដើម្បីឲ្យមានភាពស្និទ្ធស្នាលហើយមានការងារសំខាន់អ្វីមួយបងប្អូននឹងធ្វើដំណើរទៅជួបលោកអភិបាលខណ្ឌដោយផ្ទាល់ពំុចាំបាច់ពឹងគេឲ្យជួយដែលនាំឲ្យចំណាយថវិការ ព្រោះខណៈពេលនេះពួកគាត់ក៏បានជួបសំណេះសំណាលជាមួយអភិបាលខណ្ឌផ្ទាល់ហើយលោកអភិបាលខណ្ឌបានសំដែងនូវទឹកមុខស្រស់ស្រាយរួសរាយរាក់ទាក់ធ្វើឲ្យប្រជាពលរដ្ឋគោរពស្រឡាញ់និងគាំទ្ររហូត៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង