សាហាវណាស់! គ្រាន់តែគ្នាសួរថាហេតុអ្វីបានជាមើលមុខខ្ញុំ ស្រាប់តែដកកាំភ្លើងបាញ់បីគ្រាប់ស្លាប់ភ្លាមៗ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ឃាតករដៃឆៅគ្រាន់តែពាក្យសម្តីសួរនាំ ខឹងក្រេវក្រោធច្រឡោតគ្មានក្តីមេត្តា ដកកាំភ្លើងបាញ់ផ្តាច់សង្ខាជីវិតនារីម្នាក់ ដេកដួលស្លាប់ក្នុងថ្លុកឈាម កាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ចូលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅលើកំណាត់ផ្លូវវេងស្រេង ទល់មុខឈៀងខាងកើតហ្វាន់ក្លឹប ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ​។

ស្រ្តីរងគ្រោះ​ត្រូវបានគេស្គាល់ឈ្មោះ​តាមរយៈអ្នករួមដំណើរថាមាន​ ឈ្មោះ មូល សុីម អាយុ៣២ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ហេនស៊ាំ ២ ស្នាក់នៅផ្ទះជួល ភូមិព្រៃទា សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ ត្រូវបានឃាតករ បាញ់ប្រហារផ្តាច់យកជីវិត ចំនួន៣គ្រាប់ត្រូវចំថ្ងាស១គ្រាប់ ស្លាប់ក្នុងថ្លុកឈាម​។

ជនរង​គ្រោះ​មានគ្នា​៥នាក់​ជិះ​ម៉ូតូ​ម៉ាក MSX និងមួយគ្រឿងទៀតម៉ាក PCX នាំគ្នាចេញពីក្លឹបមីតណាយ ក៏ប៉ុន្តែពេលដែល ត្រឡប់មកពីក្លឹបវិញនោះ មានម៉ូតូ​មួយគ្រឿងម៉ាក MSX ខូចហើយនាំគ្នាបណ្តើរដើររហូតតាមបណ្តោយផ្លូវវេងស្រេងពីកើតទៅលិច លុះរហូតមកដល់ ខាងកើតហ្វាន់ក្លឹប ទើបមានជាង អូសម៉ូតូ យកឲ្យជាងជួយជួសជុល ឆ្លៀតពេលនោះ ស្រ្តីរងគ្រោះបានដើរទៅរកទិញភេសជ្ជៈ ស្ទីងមួយកំប៉ុង ពេលនោះក៏លេខមុខជនសង្ស័យចំនួន៤នាក់ជិះម៉ូតូចំនួន​២​គ្រឿង មួយគ្រឿងម៉ាក​ស្កុបពី មួយគ្រឿងទៀតម៉ាកហុងដា សេ១២៥ តែមិនចាំស្លាកលេខ មកឈប់​រកទិញភេសជ្ជៈ​នៅផ្ទះខាងកើត ហើយខណៈដែល​ជនសង្ស័យឈប់ម៉ូតូទិញភេសជ្ជៈ ក៏តាមសម្លឹងមើលមុខជនរងគ្រោះ ឃើញដូច្នោះ​ជនរងគ្រោះ ក៏សួរហេតុអ្វីបានជាមកមើលមុខខ្ញុំទៅ​វិញ ពេលនោះហើយជនសង្ស័យ​ចិត្តទោម្និញ​គ្មានក្តីមេត្តា ដកកាំភ្លើងពីចង្កេះ​បាញ់ចំនួន៣គ្រាប់ សំដៅលើជនរងគ្រោះ បណ្តាលឲ្យដេកដួលស្លាប់ភ្លាមៗនៅកន្លែង ហើយក្រុមជនដៃដល់ បើកម៉ូតូគេចខ្លួនបាត់​។​

តែបើតាមសម្តី​ពលរដ្ឋដែល​ជា​អ្នកលក់ដូរនៅកន្លែងកើតហេតុវិញ​បានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះនិងមិត្តភ័ក្រ​សរុបគ្នា៥នាក់​ ប្រុស២នាក់ ស្រី៣នាក់ អូសម៉ូតូខូចMSXមួយគ្រឿងមកឲ្យជាងជួសជុល ហើយក៏​មាន​ជនសង្ស័យ មួយក្រុមគ្នា៤នាក់ ជិះម៉ូតូ២គ្រឿង មកឈប់រកទិញភេសជ្ជៈ ហើយមិនដឹងមានទំនាស់ពាក្យសម្តីអ្វីជាមួយជនរងគ្រោះនោះ​ឡើយ​​ទើបឈានដល់ដកកាំភ្លើងបាញ់ប្រហារជីវិតបែបនេះ​។

ក្រោយពីកើតមានហេតុការណ៍ ករណីឃាតកម្មខាងលើ ផ្អើលប្រជាពលរដ្ឋ និង​សមត្ថកិច្ច ចុះទៅពិនិត្យដល់កន្លែងកើតហេតុ​ ឆ្លងតាមការពិនិត្យ កោសល្យវិច្ច័យ ពីសមត្ថកិច្ចជំនាញឃើញថា ពិតជាករណីឃាតកម្មបាញ់ប្រហារសម្លាប់ស្រ្តីរងគ្រោះខាងលើពិតប្រាកដមែន ហើយសាកសព ក្រោយពិនិត្យរួចសមត្ថកិច្ច ដឹកយកទៅតំកល់ទុក នៅវត្តតាំងកសាង ដើម្បីបន្តការស្រាវជ្រាវ និងស្វែងរកសាច់ញាតិ ក៏ដូច​ជា​ជន​ដៃ​ដល់​ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​និតិវិធី​៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង