ព្រះតេជគុណ ចន្ទ សុភាព នាំយកទេយ្យទាន និងបច្ច័យជូនដល់កាកបាទក្រហមកម្ពុជា


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ បានដឹកនាំមន្ត្រីក្រោមឱវាទមួយចំនួន ដើម្បីទទួលយកនូវទេយ្យទាន មានជាបច្ច័យ និងទឹកបរិសុទ្ធជាង១០០កេស ពីព្រះតេជព្រះគុណ សុវណ្ណធម្មថេរោ ព្រះនាម ចន្ទ សុភាព គង់នៅវត្ត «ទួលសន្តិវ័ន» (ហៅទួលអស់លោក) ដែលកន្លងមកព្រះអង្គបានសន្យាជួយឧបត្ថម្ភជួយដល់អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ ចំនួន៤លានរៀល ជារៀងរាល់ខែ ស្ថិតនៅសាលាខណ្ឌឫស្សីកែវ ដើម្បីយកមករក្សាត្រៀមទុកចែកជូនបន្តតាមគ្រួសារក្រីក្រ ងាយរងគ្រោះ ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ក្នុងឱកាសប្រគល់ និងទទួលបច្ច័យចំនួន៤លានរៀល និងទឹកបរិសុទ្ធជាង១០០កេស ខាងលើនេះ លោក ជា ពិសី បានថ្លែងថា «ខ្ញុំព្រះករុណា ខ្ញុំជួសមុខឲ្យកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ខ្ញុំពិតជាមានមោទនភាពយ៉ាងក្រៃលែង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ព្រះតេជគុណសុវណ្ណធម្មថេរោ ព្រះនាម ចន្ទ សុភាព ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងវត្តទួលសន្តិវ័ន្ដ ដោយបានផ្ដល់ជូននូវវប្បធម៌ ចែករំលែក មកដល់អនុសាខាកាកបាទក្រហមកម្ពុជា ក្នុងបំណងចូលរួមទ្រទ្រង់ជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋក្រីក្រ ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ»។

លោក ជា ពិសី បានថ្លែងទៀតថា លោក នឹងបន្តពាំនាំយកនូវបច្ច័យចំនួន៤លានរៀល ជារៀងរាល់ខែ ដែលព្រះតេជគុណសុវណ្ណធម្មថេរោ ព្រះនាម ចន្ទ សុភាព បានឧបត្ថម្ភជួយមកអនុសាខាកាកបាទក្រហមកម្ពុជា ដើម្បីចែកជូនជួយសង្គ្រោះទៅដល់ប្រជាពលរដ្ឋក្រីក្រ លំបាក ជាជនចាស់ជរាគ្មានទីពឹង និងអ្នកកើតជម្ងឺរ៉ាំរៃ ឫមានផ្ទុកមេរោគអេដស៍ជាដើម «ពោលគឺផ្ដល់ជូនជនងាយរងគ្រោះ» ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ដោយស្របតាមការដឹកនាំដ៏ត្រឹមត្រូវឈ្លាសវៃ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

 

ជាមួយគ្នានេះដែរ ព្រះតេជព្រះគុណ សុវណ្ណធម្មថេរោ ព្រះនាម ចន្ទ សុភាព គង់នៅវត្ត «ទួលសន្តិវ័ន» (ហៅទួលអស់លោក) បានមានសង្ឃដីកាថា សម្រាប់បច្ច័យចំនួន៤លានរៀល និងត្រូវជួយមកជាបន្តបន្ទាប់ ឲ្យអនុសាខាកាកបាទក្រហមកម្ពុជា ជារៀងរាល់ខែ ដែលបច្ច័យទាំងនេះផងដែរ បានមកពីការចូលរួមឧបត្ថម្ភគាំទ្រពីពុទ្ធបរិស័ទ ជិតឆ្ងាយជាច្រើន ដើម្បីឲ្យគណៈកម្មការអាចារ្យវត្តបានមកចូលរួមសហការបរិច្ចាគនូវវប្បធម៌ចែករំលែកមកដល់អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ ដែលមានលោក ជា ពិសី ជាអភិបាលខណ្ឌ ក្នុងបំណងដើម្បីលើកតម្កើង និងអភិវឌ្ឍន៍ផ្នែកព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋយើង ឲ្យកាន់តែមានភាពរីកចម្រើនលូត លាស់ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ក្រោមការដឹកនាំ ដ៏ត្រឹមត្រូវពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យប្រទេសយើង ទទួលបាននូវសុខសន្តិភាព មានការអភិវឌ្ឍន៍ឥតឈប់ឈរលើគ្រប់វិស័យ៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង