គុយ សិទ្ធិសក្តិ អតីតគូស្នេហ៍តារាចម្រៀង វ៉ាន់ នីឡា ត្រូវបានតុលាការសម្រេចឃុំខ្លួនរយៈពេលមួយឆ្នាំ
រឿងក្តីដ៏រសើបរបស់តារាចម្រៀង វ៉ាន់ នីឡា ត្រូវបានតុលាការប្រកាសសាលក្រមហើយ នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ កន្លងទៅនេះ ដោយផ្តន្ទាទោសជនជាប់ចោទដាក់ពន្ធនាគាររយៈពេល១ឆ្នាំ និងបង្គាប់ឲ្យសងសំណងជំងឺចិត្ត ដល់ដើមបណ្ដឹងចំនួន២០០លានរៀល។ ជនជាប់ចោទ គុយ សិទ្ធិសក្តិ ដែលត្រូវជាកូនប្រុសរបស់លោក គុយ ប៊ុនសន អតីតអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ជាមួយកញ្ញា សុខ ចិន្ដា ហៅ វ៉ាន់ នីឡា ពាក់ព័ន្ធការប្រើហិង្សា និងបង្ហោះរូបភាពអាក្រាតនោះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ធ្វើការប្រកាសសាលក្រម ប៉ុន្តែគេមិនបានឃើញសេចក្តីប្រកាសចេញដីកាបង្គាប់ ឲ្យចាប់ខ្លួនជនជាប់ទេ តែបើកផ្លូវឲ្យជនជាប់ចោទប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់។
ជនជាប់ចោទ គុយ សិទ្ធិសក្តិ ត្រូវបានចោទប្រកាន់ពីបទ «ហិង្សាដោយចេតនា និងចែកចាយរូបភាពអាសអាភាស» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៦ តាមមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣៨ និងមាត្រា៣៩ ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។
បើទោះបីជាអវត្តមានជនជាប់ចោទ គុយ សិទ្ធិសក្តិ ក្នុងពេលសវនាការក៏ដោយ ក្រឡាបញ្ជីសវនាការបានអានចម្លើយរបស់ គុយ សិទ្ធិសក្តិ នៅដំណាក់កាលចៅក្រមស៊ើបសួរ ដោយបញ្ជាក់ថា គុយ សិទ្ធិសក្តិ បានស្គាល់ សុខ ចិន្តា ហៅ វ៉ាន់ នីឡា តាមហ្វេសប៊ុកកាលពីឆ្នាំ២០១៤ ហើយដល់ឆ្នាំ២០១៥បានស្រលាញ់គ្នា ហើយក៏បាននាំទៅលេងផ្ទះនិងជួបប៉ាម៉ាក់។ ចំណែករឿងដែលចោទថា គុយ សិទ្ធិសក្តិ បង្ហោះរូបអាសអាភាស គឺជនជាប់ចោទមិនបានដឹងទេ និងសុំឲ្យតុលាការជួយរកយុត្តិធម៌។
លោក នួន បូរ៉ា មេធាវីការពារសិទ្ធិឲ្យដើមបណ្តឹងបាននិយាយនៅពេលសវនាការថា កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ លោក គុយ សិទ្ធិសក្តិ និងដើមបណ្តឹង សុខ ចិន្តា ហៅ វ៉ាន់ លីឡា បានឈ្លោះគ្នាហើយ គុយ សិទ្ធិសក្តិ បានវាយ វ៉ាន់ នីឡា។ ពេលនោះជនរងគ្រោះ បានបើកឡានចេញឲ្យគេជួយ ហើយពេលនោះ គុយ សិទ្ធិសក្តិ បានបើកឡានរបស់ជនរងគ្រោះចេញទៅ ហើយនៅក្នុងឡាននោះ ក៏មានកាបូបទូរស័ព្ទរបស់ជនរងគ្រោះផងដែរ ដោយរយៈពេលជិត១០ថ្ងៃ ទើបគុយ សិទ្ធិសក្តិ បានយកមកប្រគល់ឲ្យ វ៉ាន់ នីឡា វិញ។
លោកមេធាវីបន្តថា ចំណែករូបដែលបានបង្ហោះនោះ គឺដោយសារតែការស្រលាញ់គ្នានិងគិតថា បានគ្នាជាប្តីប្រពន្ធទើបមានការថតផ្ញើរឲ្យគ្នា មើលដោយសារតែ គុយ សិទ្ធិសក្តិ នៅរៀនឯបរទេស។ ក្នុងរឿងក្ដីនេះ ដើមបណ្ដឹងរដ្ឋប្បវេណីទាមទារសំណងជំងឺចិត្ត ចំនួន៥០ម៉ឺនដុល្លារអាមេរិក៕ អត្ថបទដោយ៖ ទីក្រុងតារា
មតិលើបញ្តាញសង្គម Facebook