អុញម៉េចអ៊ីចឹង កម្មករដួលសន្លប់ដល់៧០នាក់ហើយ​ សមត្ថកិច្ចធ្វើអត់ដឹង អត់ឮអីតិច


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ កម្មករចំនួន ២៦នាក់ទៀតហើយ បន្តដួលសន្លប់ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ នៅក្នុងរោងចក្រ លូ សុី ដា ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពីមានកម្មករដួលសន្លប់កាលពីរសៀលថ្ងៃទី១៥ ខែសីហា ម្សិលមិញនេះចំនួន៤៨នាក់ ។

តាមអាជ្ញាធរបានឲ្យដឹងថារោងចក្រ កាត់ដេរសម្លៀកបំពាក់ លូ សុី ដា កាលពីម្សិលមិញ មានកម្មករដួលសន្លប់ម្តងរួចមកហើយចំនួន៤៨នាក់ ប្រុស២នាក់ ក្នុងចំណោមកម្មករសរុប៦៦០នាក់ ហើយក្រោយពីផ្ទុះរឿងដួលសន្លប់ ថៅកែរោងចក្រ មិនបានរាយការណ៍ទៅអាជ្ញាធរ សមត្ថកិច្ចនោះទេ ស្ងាត់ៗលួចហៅ រថយន្តគ្លីនិកមកដឹកបញ្ជូនយកទៅសង្រ្គោះអស់ និងសម្រេចឲ្យកម្មករសេសសល់ សម្រាកការងារ លុះរហូតមកដល់ព្រឹកថ្ងៃទី១៦ ខែសីហានេះ ខណៈដែលកម្មករចូលធ្វើការងារ ធម្មតាវិញ ស្រាប់តែវេលាម៉ោង៨ព្រឹក បែរជាមានកម្មករដួលសន្លប់សារជាថ្មីទៀតសរុបចំនួន២៦នាក់ ខាងក្រុមហ៊ុន លួចហៅរថយន្តមកដឹកបញ្ជូនទៅគ្លីនិកអស់ទៀត ហើយឲ្យកម្មករឈប់សម្រាក ទើបផ្អើលដល់សមត្ថកិច្ចចុះទៅ បានត្រឹមមើលសំបករោងចក្រ ។

តាមកម្មករ បានឲ្យដឹងថា រោងចក្រខាងលើ ២ថ្ងៃមកហើយ កម្មករនៅមានដួលសន្លប់ មិនដឹងហេតុផលណាមួយច្បាស់លាស់ ខ្លះថាមកពីសុខភាពកម្មករ ខ្សោយ ទើបប្រឈមនឹងការដួលសន្លប់ រួមផ្សំជាមួយអាកាសធាតុប្រែប្រួល ក្នុងរោងចក្រ កង្វះអុកសុីសែន ហើយអ្នកខ្លះថា ក្នុងរោងចក្រខ្មោចចូល ទៅជាបែបជំនឿសាសនាទៅវិញ។

ទោះជាយ៉ាងណាក្តី គ្រូពេទ្យបានប្រាប់ហើយថា ជនរងគ្រោះ បើពិនិត្យទៅ ឃើញថាអុកសុីសែនក្នុងឈាមចុះខ្សោយ ទើបប្រឈមនឹងការដួលសន្លប់បែបនេះ ។

ថ្វីបើរោងចក្រ លូ សុី ដា កើតរឿងកម្មករដួលសន្លប់ចំនួន២ថ្ងៃ ហើយក៏ពិតមែន តែមិនឃើញស្ថានប័នជំនាញខាងណាចុះមកពិនិត្យសួរនាំឡើយ សូម្បីតែហេតុផលឲ្យច្បាស់លាស់ ក៏មិនដឹងដែរ មានតែមន្រ្តីប៉ូលិស មូលដ្ឋានចុះទៅបានត្រឹមរាប់តែចំនួនជនរងគ្រោះ តែអ្វីលើសពីនេះ អាជ្ញាធរ សមត្ថកិច្ចជំនាញ ពាក់ព័ន្ធអត់ដឹងអត់ឮ ៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង