ស្ទាត់យូរហើយ លើកនេះបែរជាត្រូវជាប់ក្បាល ក្នុងម៉ាស៊ីនបោកខោអាវទៅវិញ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ចិន៖ កូនៗប្រហែលជាធ្លាប់បានលឺពាក្យទូន្មានបែបនេះ ច្រើនរាប់មិនអស់ហើយថា “កុំធ្វើចឹងកូន ប្រយ័ត្នជាប់នៅនឹងណា” ប៉ុន្តែសម្រាប់បុរសម្នាក់នេះវិញ ប្រហែលជាមិនទាន់ទទួលបានពាក្យទូន្មានរបស់ឪពុកម្តាយ គ្រប់គ្រាន់នៅឡើយទេមើលទៅ ទើបធ្វើឲ្យក្បាលជាប់គាំងក្នុងម៉ាស៊ីនបោកខោអាវដកមិនចេញបែបនេះ។ ហើយរឿងមួយនេះក៏ត្រូវបានគេយកទៅចំអន់លេងនៅតាមបណ្តាញសង្គមផងដែរ។

បុរសម្នាក់អាយុ ៣៧ឆ្នាំ មកពីទីក្រុង Fuzhou មានជំនាញខាងជួសជុលឧបករណ៍គ្រប់ប្រភេទជាច្រើនឆ្នាំមកហើយ។ អ្នកជិតខាងតែងតែហៅគាត់ឲ្យមកជួយជួសជុលគ្រប់យ៉ាងនៅក្នុងផ្ទះរាប់តាំងពីគ្រឿងបន្ទប់ទឹក ដល់រៀបចំប្រព័ន្ធភ្លើងទៀត ព្រោះគាត់តែងតែបំពេញការងាររបស់គាត់បានយ៉ាងលឿនបំផុត។

ទោះជាយ៉ាងនេះក្តី បន្ទាប់ពីគាត់បានធ្វើឲ្យក្បាលជាប់នៅក្នុងម៉ាស៊ីនបោកខោអាវលើកនេះ ប្រហែលជាមិនសូវមានអ្នកហៅគាត់ឲ្យជួយជួសជុលទៀតទេមើលទៅ។

រឿងហេតុបានកើតឡើង នៅពេលមួយដែលគាត់ព្យាយាមមុជក្បាល ចូលក្នុងម៉ាស៊ីនបោកខោអាវ ដើម្បីរកមើលថាតើហេតុអ្វីបានជាធុងម៉ាស៊ីនបោកខោអាវនោះមិនវិលដូចសព្វដង នៅពេលដែលគាត់ចុចវាឲ្យដំណើរការ។ គាត់បានរកឃើញរបស់អ្វីម្យ៉ាងជាប់គាំងនៅខាងក្រោមម៉ាស៊ីន គាត់ក៏បានព្យាយាមទាញវាចេញ ប៉ុន្តែរឿងហេតុវាលើសពីការគិត ព្រោះបែរជាត្រូវជាប់ក្បាលនៅខាងក្នុងម៉ាស៊ីននោះដកមិនចេញសោះ ហើយគាត់ក៏ដឹងដែរថា គាត់កំពុងរករឿងដាក់ខ្លួនហើយ។

បន្ទាប់ពីបានព្យាយាមទាញក្បាលឲ្យចេញវិញអស់រយៈពេល២០នាទីរួចមក គាត់ក៏សម្រេចចិត្តបោះបង់ការព្យាយាមនេះ និងស្រែករកជំនួយ។ អ្នកជិតខាងរបស់គាត់បានលឺដូចនេះ ក៏ប្រញ៉ាប់ប្រញ៉ាល់មកជួយ។

តែទោះបីជាពួកគេព្យាយាមយ៉ាងណា ក៏នៅតែជួយបុរសម្នាក់នេះមិនបាន។ ពួកគេក៏សម្រេចចិត្តទាក់ទងទៅកាន់ក្រុមពន្លត់អគ្គីភ័យដើម្បីសុំជំនួយ។ នៅពេលដែលក្រុមពន្លត់អគ្គីភ័យមកដល់ ពួកគេបានដកធុងនោះ ចេញពីម៉ាស៊ីន ព្រោះពួកគេបារម្ភខ្លាចថា បុរសម្នាក់នេះនឹងខ្វះខ្យល់ដកដង្ហើម ហើយពួកគេក៏ចង់ជួយឲ្យឈាមដែលរត់បុកទៅលើក្បាល ចុះមកវិញក្នុងកម្រិតធម្មតាវិញដែរ។

១០នាទីក្រោយមក ក្រុមពន្លត់អគ្គីភ័យក៏ជួយដកធុងចេញពីក្បាលរបស់បុរសម្នាក់នោះបានជោគជ័យ ហើយពួកគេក៏បានដកអាវយឺតដាច់រយៈរយាយដែលធ្វើឲ្យម៉ាស៊ីននោះមិនដំណើរការចេញដែរ។

បុរសរងគ្រោះដែលមិនត្រូវបានបង្ហើបឲ្យដឹងអត្តសញ្ញាណម្នាក់នេះ មិនមានគ្រោះថ្នាក់អ្វីកើតឡើងទេ ប៉ុន្តែរឿងហេតុនេះបានកើតឡើង ស្របពេលជាមួយដែលពាណិជ្ជកម្មរបស់ផលិតផលបោកគក់មួយកំពុងពេញនិយមនៅក្នុងបណ្តាញសង្គម។ អ្នកលេង Sina Weibo ជាច្រើនបានឌឺបុរសម្នាក់នេះថា ដោយសារតែប្រពន្ធរបស់គាត់មើលឃើញប្តីរបស់ខ្លួនមិនមានភាពទាក់ទាញ ទើបនាងធ្វើតាមការណែនាំដែលមានក្នុងឈុតពាណិជ្ជកម្មនោះ ដោយយកប្តីនាងញ៉ុកចូលម៉ាស៊ីនបោកខោអាវ៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង