ហេតុតែគេធ្វើខុសហើយ អត់មានអ្នកណាហ៊ានហាមសោះ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅក្នុងបុរី លឹម ឈាងហាក់ ៤៩គ្រួសារផ្ទុះការតវ៉ា និងប្ដឹងសង្កាត់ចោមចៅ ទៅលើផ្ទះល្វែង១កន្លែងដែល សាងសង់សំយ៉ាប រំលោភចិញ្ចើមផ្លូវ ក្នុងបុរី លឹម ឈាងហាក់ ដែលមានទីតាំងស្ថិតនៅភូមិជ្រៃកោង នៅសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។ កាលពីព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ ហើយខាងអាជ្ញាធរសង្កាត់បានមកហាមឃាត់២លើករួចមកហើយ តែម្ចាស់ផ្ទះខាងលើនៅតែបន្តសាងសង់ ដោយប្រើកម្លាំងទាហាន មកឈរកាងឲ្យជាងធ្វើទៀតផង។

តាមសំដីពលរដ្ឋរស់នៅក្នុងបុរីខាងលើបានប្រាប់ឲ្យដឹងថា ចិញ្ចើមផ្លូវ អមសងខាងផ្លូវចូលក្នុងបុរីដែលពួកគាត់រស់នៅ ទុកសម្រាប់ថ្មើរជើង ជាទីកន្លែងសម្រាប់ហាត់កីឡា តែត្រូវបានម្ចាស់ផ្ទះល្វែង ២ល្វែងដែលនៅអមសងខាងផ្លូវនាំគ្នាសាងសង់សំយ៉ាបរំលោភយកទុកបម្រើប្រយោជន៍ផ្ទាល់ខ្លួន ខណៈដែលពួកគាត់ទាំង៤៩គ្រួសារប្ដឹងជំទាស់រាល់ការសាសង់ទាំងឡាយណាដែលរំលោភចិញ្ចើមផ្លូវ ទៅសង្កាត់ចោមចៅ ហើយខាងសង្កាត់ក៏បានហៅភាគីទាំង២ចូលរួមជជែកគ្នារង់ចាំរកដំណោះស្រាយ និងបានហាមឲ្យផ្អាកការសាងសង់ជាបណ្ដោះអាសន្នសិន តែបែរជាភាគីខាងផ្ទះល្វែងដែលនៅជាប់ផ្លូវបន្តលួចសាងសង់ដោយយកទាហាន មកឈរកាងឲ្យជាងធ្វើទៀតផង។ ដោយឡែកផ្ទះនៅម្ខាងផ្លូវ១ល្វែងទៀតបានសាងសង់សំយ៉ាបរួចរាល់ហើយ ចំណែកខាងសាលាខណ្ឌពោធិ៍សែនជ័យ ក៏បានចេញសេចក្ដីប្រកាសឲ្យរុះរើចេញ ហើយក៏លើសថ្ងៃកំណត់ហើយដែរ តែមិនឃើញមានអាជ្ញាធរពាក់ព័ន្ធណាមួយចុះមករុះរើឡើយ។ ក្នុងករណីនេះចំពោះចំណាត់ការរបស់អាជ្ញាខណ្ឌពោធិ៍សែនជ័យ ហាក់ដូចជាគ្មានប្រសិទ្ធិភាពសោះ ដោយប្រជាពលរដ្ឋដាក់ការសង្ស័យថា ម្ចាស់ផ្ទះល្វែងដែលនៅអមសងខាងផ្លូវខាងលើមាន អំណាចធំជាងអាជ្ញាធរថ្នាក់ខណ្ឌហើយមើលទៅទើបមិនហ៊ានមានចំណាត់ការ ខណៈដែលប្រជាពលរដ្ឋច្រើនគ្រួសារប្ដឹងជំទាស់ការសាងសង់រំលោភចិញ្ចើមផ្លូវ។ ប្រជាពលរដ្ឋរង់ចាំមើលចំណាត់ការរបស់អាជ្ញាធរមានសមត្ថកិច្ច មេត្តាជួយពិនិត្យមើលផង រឿងសាងសង់រំលោភចិញ្ចើមផ្លូវ កុំទុករហូតដល់សង់រួចគឺធ្វើអ្វីលែងកើតហើយ។ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង