ឆក់ទាំងកណ្ដាលថ្ងៃត្រង់ បានសម្រេចតែគេចមិនផុតពីកណ្ដាប់ដៃប្រជាពលរដ្ឋស្វាគមន៍ទ្រោមខ្លួន(Video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ មុខសញ្ញាឆក់យ៉ាងសកម្ម តែងតែធ្វើសកម្មភាពឆក់តាមផ្លូវសហព័ន្ធរុស្សី ក្នុងខណ្ឌពោធិ៍សែនជ័យញឹកញាប់ ទីបំផុតអស់លក្ខ បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបដៃពីស្រ្តីម្នាក់ កំពុងជិះកង់ទិញម្ហូប ត្រង់ចំណុចភូមិផ្លូវបេតុង ភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ទី១៧ ខែសីហា ឆ្នាំ២០១៧ បានសម្រេចហើយ ជនរងគ្រោះស្រែកចោរៗ ផ្អើលប្រជាពលរដ្ឋ និងកម្លាំងប៉ូលីសប៉ុស្តិ៍ចោមចៅ ចេញអន្តរាគមន៍ប្រដេញតាម ចាប់បានម្នាក់មុខផ្សារជម្ពូវ័ន ផ្លូវជាតិលេខ៤ រីឯជនសង្ស័យម្នាក់ទៀតផ្តួលម៉ូតូរត់ឡើងលើដំបូលឃ្លាំង ត្រូវបានបងប្អូនប្រជាពលរដ្ឋ រាប់រយពាន់នាក់ព័ទ្ធ ហើយត្រូវបានកម្លាំងប៉ូលីសឡើងតាមចាប់បាន ពលរដ្ឋស្វាគមន៍ មួយដៃមួយជើង ទម្រាំកម្លាំងប៉ូលិសការពារឈ្នះ ដឹកជនសង្ស័យចូលប៉ុស្តិ៍ប៉ូលីស ។

ជនសង្ស័យទាំង២នាក់ ជួបចំថ្ងៃស៊យ ទី១ ឈ្មោះ ឯម កៅ ភេទ ប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួល ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ។ ទី២ ឈ្មោះ សាន ចំរើន ហៅ មាន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ ដើរឆក់កាបូប មានទីលំនៅ ភូមិដីថ្មី សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ ។ ចំណែកជនរងគ្រោះ មានឈ្មោះ ហង់ ស្រីមុំ ភេទស្រី អាយុ៤២ឆ្នាំ មុខរបរ កម្មកររោងចក្រសាន់ស្កាយ ស្នាក់នៅ ផ្ទះជួលភូមិជម្ពូវ័ន សង្កាត់ចោមចៅ មានស្រុកកំណើត ភូមិត្រពាំងទាប ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ដោយឡែក សម្ភារៈក្នុងកាបូប មានទូរស័ព្ទ២គ្រឿង លុយជាង១មុឺនរៀល ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ក្រោយសម្រាកពីការងារ គាត់បានជិះកង់ទៅរកទិញម្ហូប ស្រាប់តែមានជនសង្ស័យ ២នាក់ជិះម៉ូតូ មួយគ្រឿងម៉ាក វីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1L-1820 ជិះមកក្បែរ ហើយជនសង្ស័យ ម្នាក់ជិះពីក្រោយ ឈ្មោះ ឯម កៅ ឆក់យកកាបូបពីដៃហើយ បើកម៉ូតូរត់ឡើងតាមផ្លូវជាតិលេខ៤ឆ្ពោះទៅលិច ភ្លាមៗនោះ គាត់បានស្រែកថាចោរៗផ្អើលប្រជាពលរដ្ឋ សមត្ថកិច្ចដេញតាមចាប់ បានម្នាក់ ហើយតាមចាប់បានម្នាក់ទៀត សម្ភារៈយកបានមកវិញ ។

ក្រោយកើតហេតុ ជនសង្ស័យ ទោះជាបងប្អូនប្រជាពលរដ្ឋព្យាយាមប៉ុនប៉ង ស្វាគមន៍ តែត្រូវបានកម្លាំងប៉ូលិសរារាំងខានតែបាន នាំខ្លួនទៅសាកសួរនិងកសាងសំណុំរឿង នៅប៉ុស្តិ៍ចោមចៅ ដើម្បីបញ្ជូនទៅផ្នែកជំនាញ ចាត់ការបន្តទៅតាមនីតិវិធី ៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង