ទីកន្លែង​ទាំង ១០ មានទេសភាព ចម្រុះពណ៌ ស្អាតអស្ចារ្យ លើពិភពលោក


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ពិភពលោក៖ ជាការពិតណាស់ នៅលើភពផែនដី ដ៏ធំធេងយើងនេះ មានទីកន្លែង ដ៏ស្រស់ស្អាត ជាច្រើនកន្លែង ដែលមនុស្សយើងពេលខ្លះ មិនធ្លាប់បានដឹង និងស្គាល់ ហើយក៏មានកន្លែង មួយចំនួន មានទេសភាព ចម្រុះពណ៌ ដ៏ស្រស់ត្រកាល ហើយត្រូវគេចាត់ទុក ជាទីកន្លែងដែលមាន ទេសភាពអស្ចារ្យ ដាច់គេលើពិភពលោក ផងដែរ ។

ថ្ងៃនេះ ប្រិយមិត្ត អាចមកស្គាល់ ទីកន្លែងចំនួន១០ ដែលអ្នកទេសចរជាច្រើន ចាត់ទុកថា ជាទីកន្លែងមាន ទេសភាព ចម្រុះពណ៌ ស្រស់ស្អាត ជាងគេបំផុត លើផែនដីនេះ។

១. ចំការផ្កាឡាវេនឌឺ (Lavender) នៅប្រទេស បារាំង៖

នៅរៀងរាល់រដូវក្តៅ ក្នុងប្រទេសបារាំង ចំការផ្កាឡាវេនឌឺ បានរីកស្គុះស្គាយ បង្កើតជាទេសភាព ពណ៌ស្វាយ លើផ្ទៃដីចំការ ដ៏ធំធេងដែល ជាទីដ៏ទាក់ទាញ និង គួរឲ្យ គយគន់ និងចង់ទស្សនា ជាងគេ លើពិភពលោកនេះ ។

២. ផ្ទះចម្រុះពណ៌ លើកោះ Procida ប្រទេសអ៊ីតាលី

ទេសភាព ផ្ទះតូចៗ ចម្រុះពណ៌ទាំងនេះ គឺស្ថិត លើ កោះ Procida ក្នុង ប្រទេស អ៊ីតាលី ដែល ជាប់មហាសមុទ្រ ស្អាតជាងគេលើលោក មីឌីទែរ៉ានេ ដែលនៅ ផ្ទះតូចៗទាំងនោះ បានក្លាយ ជាទីកន្លែង ដែលមានទេសភាព និងពណ៌ប្លែកៗ ដ៏ស្រស់ស្អាត ហើយអស្ចារ្យជាងគេ លើលោក។

៣. ទន្លេ ៥ពណ៌ Cano Cristales នៅប្រទេសកូឡុំប៊ី ៖

ទឹកទន្លេ នេះ នឹងប្រែ ជាមាន ៥ពណ៌ ខុសពីទន្លេដទៃ លើភពផែនដី នៅរៀងរាល់ រដូវផ្ការីក ដែល ពណ៌ទាំងនោះ ជា ពណ៌នៃរុក្ខជាតិ ជាច្រើន ប្រភេទ ដែលបានដុះ ក្នុងទឹកទន្លេនេះ ។

៤. បឹង Retba ឬ បឹងពណ៌ផ្កាឈូក ក្នុងប្រទេស សេណេហ្គាល់ ៖

នេះ ជាទឹកបឹង ពណ៌ផ្កាឈូក ដ៏ស្រស់ស្អាតបំផុតមួយ ស្ថិតក្នុងភាគឥ្ឍសាន ទ្វីបអាហ្វ្រិក ដែល បឹងនេះ ប្រែទៅជាពណ៌ផ្កាឈូក ដោយសារ រុក្ខជាតិ ដុះក្នុងទឹក ហើយបឹងនេះ មានកំរិតជាតិ ប្រៃ ៤០% ខណៈពណ៌បែបនេះ មាននៅក្នុងកំឡុង រដូវក្តៅ ពី ខែវិច្ឆិកា ដល់ ខែមិថុនា តែប៉ុណ្ណោះ។

៥. ចំការផ្កា Tulip ក្នុងប្រទេស ហូឡង់

នៅរដូវផ្ការីក ក្នុងប្រទេសហូឡង់ ជារដូវដ៏ស្រស់ស្អាតបំផុត ដែលចំការផ្កា ជាច្រើនពាន់ ហិកតា រួមមាន ផ្កា Tulip Daffodil និង ផ្កា Hyacinth បានរីកស្គុះស្គាយ ដែលមើលទៅ ពិតជាស្រស់ស្អាត និងគួរឲ្យទាក់ទាញបំផុត ។

៦. ផ្កាថ្មចម្រុះពណ៌ Great Barrier នៅប្រទេសអូស្ត្រាលី

តំបន់ផ្កាថ្ម នៅប្រទេសអូស្ត្រាលី ជាទីកន្លែងអច្ឆរិយៈ នៃពិភពលោក ដែលមាន ផ្កាថ្មជាង ៤០០ប្រភេទ សារាយសមុទ្រ ៥០០ប្រភេទ និង ត្រីសមុទ្រ ១,៥០០ ប្រភេទ រស់នៅ ដែលជាទីកន្លែង ដែលមានពណ៌ ច្រើនប្រភេទបំផុត ។

៧. តំបន់ Luoping ក្នុងប្រទេសចិន ៖

តំបន់ ភ្នំ Luoping ដែលស្ថិតនៅ ភាគខាងកើត នៃប្រទេសចិន ជាតំបន់ដែលសំបូរ ដោយដំណាំ ផ្កា Canola ជាផ្កាដែលគេដាំ ដើម្បីយកគ្រាប់ធ្វើ ប្រេងឆា ហើយនៅពេលដែល ផ្កានេះរីក នឹងធ្វើឲ្យតំបន់ទាំងមូល ដូចជា សមុទ្រមាស ដែលទេសភាពវា ពិតជាអស្ចារ្យ និងស្រស់ស្អាតបំផុត។

៨. ឧទ្យានជាតិ ជ្រលងផ្កា ក្នុងប្រទេសឥណ្ឌា ៖

ឧទ្យានជាតិ នេះ ស្ថិតនៅតាមជួរភ្នំ ហិមាល័យ ដែលមានចំការ ផ្ការីកជាច្រើនប្រភេទ ជាមួយនឹងទេសភាព ដ៏ស្រស់ត្រកាល ប្រៀបដូចជា ឋានសួគ៌ា ដែលឧទ្យានជាតិនេះ ក៏ត្រូវបានចុះ ក្នុងបញ្ជីបេតិកភណ្ឌ ពិភពលោកផងដែរ ។

៩. ភ្នំ Shibazakura នៅក្នុងប្រទេសជប៉ុន ៖

នៅរដូវផ្ការីក ក្នុងប្រទេសជប៉ុន ជាពេលដ៏ស្រស់ស្អាតបំផុត ជាពិសេស នៅជើងភ្នំ Fuji ដែលមានផ្កាតូចៗ ពណ៌ផ្កាឈូក ឬហៅ ក្នុងភាសា ជប៉ុនថា “Shibazakura” បានរីកស្គុះស្គាយ ធ្វើឲ្យតំបន់នោះ ក្លាយជាទីកន្លែង ដែលភ្ញៀវទេសចរ ចង់ទៅទស្សនាបំផុត។

១០. បឹង Natron ប្រទេស តង់សានី

បឹង Natron ជាបឹងមួយ ដែលស្ថិតក្នុងទ្វីបអាហ្វ្រិក ហើយបឹងនេះ ជាបឹងដែលប្លែកជាងគេ ដោយសារតែ បឹងនេះ ជាបឹងទឹកប្រៃ និង មានពណ៌ ស្រស់ស្អាតបំផុត ដោយទឹកបឹងនេះ មានពណ៌ក្រហម ចំនែកឯ ច្រាំងនៃបឹង មានពណ៌ទឹកក្រូច ៕

ប្រភព huffingtonpost.com

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង