នោះបែកធ្លាយរឿងរ៉ាវផ្ទៃក្នុងរបស់ប្រធានផ្សារច្បារអំពៅ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ លោក គង់ ធែល ប្រធានផ្សារច្បារអំពៅ អាចនឹងត្រូវផ្លាស់ប្ដូរ ក្រោយរងការរិះគន់ធ្ងន់ៗ ពីគ្រប់មជ្ឈដ្ឋានអំពីបញ្ហាជាច្រើន ពិសេសបញ្ហាសណ្តាប់ធ្នាប់ក្នុងផ្សារ និងបក្ខពួកនិយម ដែលស្ទើរក្លាយជាជំងឺមហារីកទៅហើយ។ ជាមួយគ្នានេះ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅថ្មី ក៏បានចុះពិនិត្យផ្សារច្បារអំពៅផងដែរ ខណៈប្រធានផ្សារពុំមានវត្តមានក្នុងផ្សារទេ។

ដំណឹងបែកធ្លាយ នៃការផ្លាស់ប្ដូរនេះ គឺត្រូវបានប្រភពព័ត៌មានច្បាស់ការណ៍ អះអាងនៅថ្ងៃទី៣១ ខែកក្កដានេះថា មន្ត្រីសាលាខណ្ឌច្បារអំពៅ បានដាក់សំណើររួចហើយ ទៅកាន់លោក ឃួង ស្រេង អភិបាលសាលារាជធានីភ្នំពេញ  ជុំវិញស្នើរផ្លាស់ប្ដូរលោក គង់ ធែល ចេញពីប្រធានផ្សារច្បារអំពៅ។ ប៉ុន្តែរហូតមកទល់ពេលនេះ លោកអភិបាលរាជធានីភ្នំពេញ ពុំទាន់សម្រេចយ៉ាងណានៅឡើយទេ។

ប្រភពព័ត៌មានពីក្រុមអាជីវករផ្សារច្បារអំពៅវិញ អះអាងថា រយៈពេលជាង២ឆ្នាំកន្លងទៅនេះ ផ្សារច្បារអំពៅ ក្រោមការគ្រប់គ្រងរបស់លោក គង់ ធែល ជាប្រធានគណៈកម្មការផ្សារ បានធ្វើឲ្យក្រុមអាជីវករ ក៏ដូចជាមន្ត្រីក្រោមឱវាទ រិះគន់ទង្វើរគ្រប់គ្រងបែបបក្ខពួកនិយម មិនយកចិត្តទុកដាក់លើការងារអនាម័យ និងបរិស្ថាននៅក្នុងផ្សារ ជាពិសេសប្រើកូនចៅជំនិត ឲ្យដើរប្រមូលលុយ ពីអ្នកលក់ដូរតាមចិញ្ចើមផ្លូវ យកលុយចំណតជាដើម។

មន្ត្រីបម្រើការងារក្នុងជួរគណៈកម្មការផ្សារមួយរូប សុំមិនបញ្ចេញឈ្មោះ អះអាងថា ការងាររដ្ឋបាលទូទៅ មានការកែទម្រង់ ជាពិសេសលើការគ្រប់គ្រងចំណូលតែម្តង។ ដោយឡែក ការងារគ្រប់គ្រងអនាម័យ បរិស្ថាន វិញ លោក គង់ ធែល មិនបានយកចិត្តទុកដាក់ទាល់តែសោះ។ ប៉ុន្តែ បើអាជីវករណាចង់ជួសជុលតូបលក់ ត្រូវតែចំណាយលុយ យ៉ាងតិច១០០ដុល្លារ  ទើបអាចជួសជុលបាន។

មន្ត្រីដដែល អះអាងថា អ្វីដែលធ្វើឲ្យក្រុមការងារ នៅក្នុងជួរគណៈកម្មការ  ដឹកនាំគ្មានតម្លារភាព បក្ខពួកនិយម កាត់ប្រាក់ឧបត្ថម្ភប្រចាំសប្ដាហ៍ កន្លែងណាដែលជាប្រភពចំណូល ត្រូវបានប្រធានផ្សារច្បារអំពៅ ដាក់មនុស្សជំនិតឲ្យដើរប្រមូលលុយ បើអ្នកណាដឹងរឿង មិនប្រក្រតីច្រើន ប្រាកដជាអត់ការងារធ្វើ ចាំតែស៊ីប្រាក់ឧបត្ថម្ភប្រចាំខែ ក្នុងមួយខែ១៥ម៉ឺនរៀល។

អ្នកដឹងរឿងច្បាស់ បញ្ជាក់ថា កន្លែងដែលជាប្រភពចំណូលធំទី១ គឺនៅខាងមុខផ្សារប្រមូលលុយ ពីអ្នកលក់ដូរ និងយកលុយពីរថយន្ត ដែលឈប់ចតក្នុងមួយគ្រឿង២០០០រៀល។ ទី២ បានមកពីការយកលុយប្រចាំថ្ងៃ ពីអ្នកលក់ដូរនៅចិញ្ចើមផ្លូវ ជុំវិញផ្សារក្នុងតូបនីមួយៗ ពី៥០០០រៀលទៅ១ម៉ឺន ទៅតាមទំហំតូប។ ទី៣ បានមកពីការជួសជុលតូប ការសាងសង់តូបថ្មី និងការផ្ទេរសិទ្ធិតូប សម្រាប់អ្នកចង់សាងសង់តូបថ្មី ត្រូវចំណាយលុយ ចាប់ពី២០០០ដុល្លារ ទៅ៣០០០ដុល្លារ ទើបអាចសាងសង់បាន។

ចំពោះក្រុមសន្តិសុខ ដែលជាមនុស្សជំនិត របស់ប្រធានផ្សារ និងមានភារកិច្ចដើរប្រមូលលុយប្រចាំថ្ងៃ ពីការងារសណ្តាប់ធ្នាប់ នៅតំបន់A ត្រូវបង់លុយ២០ម៉ឺនរៀល នៅតំបន់B ត្រូវបង់លុយ១៥ម៉ឺនរៀល និង១០ម៉ឺនរៀល ទៅតាមការកំណត់របស់ប្រធានផ្សារ។

ជុំវិញការលើកឡើងនេះ ពុំទាន់អាចសុំការបញ្ជាក់ ពីលោក គង់ ធែល ប្រធានផ្សារច្បារអំពៅ បាននៅឡើយទេ៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង