ខ្លាំងបាត់! ដឹកគ្នាមួយឡានទៅលួចខោអាវរោងចក្រ ត្រូវសន្តិសុខចាប់បានម្នាក់រត់រួច៥នាក់(Video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ រោងចក្រកាត់ដេរសម្លៀកបំពាក់ អុីនធើ ហូបវែល ហ្គាមេន ត្រូវបានក្រុមជនសង្ស័យចំនួន៦នាក់ ចូលទៅធ្វើសកម្មភាព គាស់កាត់បង្អួចចូលលួច ខោអាវ តែបែកការណ៍គ្រាដែលក្រុមសន្តិសុខប្រចាំរោងចក្រ ដើរល្បាតប្រទះឃើញ ឃាត់ខ្លួនបានម្នាក់ ចំណែក៥នាក់ទៀត ឡើងជិះរថយន្តគេចខ្លួនបាត់អស់ កាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅ រោងចក្រ អុីនធើ ហូបវែល ដែលមានទីតាំងស្ថិតនៅតាមផ្លូវជាតិលេខ៣ ភូមិគប់គង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យដែលចាប់ឃាត់ខ្លួនបានម្នាក់នោះមាន ឈ្មោះ ងួន សារុំ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួល ក្នុងភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅភូមិរលួស សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បើតាមកងសន្តិសុខ បានឲ្យដឹងថា កាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី០៥ ខែសីហា ខណៈដែលកម្លាំងយាមប្រចាំរោងចក្រ ល្បាតពិនិត្យក្នុងបរិវេណក្រុមហ៊ុន ស្រាប់តែឃើញជនសង្ស័យចំនួន៤ទៅ៥នាក់ រត់ចែកជើងគ្នា ផ្លោះរបងឡើងជិះរថយន្តមួយគ្រឿង បើករត់គេចទៅបាត់ ហើយក៏មិនបានចាប់អារម្មណ៍ដល់ថ្នាក់ ចូលដល់ក្នុងរោងចក្រឡើយ ដើរពិនិត្យមើលជុំវិញរោងចក្រ ស្រាប់តែ ឃើញបង្អូច របើកទើបកាន់តែសង្ស័យ ប្រមូលហៅ កម្លាំងងបន្ថែម មកជួយពិនិត្យ បើកភ្លើង ចុចពិលបំភ្លឺមើលខាងក្នុងបរិវេណរោងចក្រ ស្រាប់តែប្រទះឃើញជនសង្ស័យម្នាក់ទៀត កំពុងសម្ងំពួន ទើបចាប់ឃាត់ខ្លួនបាន សន្និដ្ឋានមនុស្សដែលរត់ឡើងជិះរថយន្តគេចខ្លួនក៏ជាបក្ខពួកក្រុមចោរលួច ហើយក៏ធ្វើការសាកសួរជាបឋមរួចនៅវេលាម៉ោង ៨ព្រឹកថ្ងៃទី០៥ ខែសីហា ដឹកជនសង្ស័យយកទៅប្រគល់ឲ្យប៉ូលីសប៉ុស្តិ៍ចោមចៅ រួមជាមួយកន្រ្តៃកាត់ដែកមួយផង។

តាមចម្លើយជនសង្ស័យ បានប្រាប់ទាំងអស់សំណើចខ្លួនឯងថា ខ្លួនត្រូវបាន ឈ្មោះ សីហា ដែលជាអ្នកធ្វើការងារ នៅរោងចក្រខាងលើ នាំគ្នាសរុបចំនួន៦នាក់ ជិះរថយន្តម៉ាកកាមរីឆ្លាមមួយគ្រឿង មកធ្វើសកម្មភាព កាត់បង្អួចចូល ក្នុងរោងចក្រខាងលើ តាំងពីវេលាម៉ោង១២រំលងអធ្រាត្រ ចូលថ្ងៃទី០៥ ខែសីហា មកម្លេះ បែងចែកកម្លាំង អ្នកចាំរថយន្តម្នាក់ អ្នកចាំមើលផ្លូវ២នាក់ អ្នករង់ចាំជញ្ជូនខោអាវចេញ២នាក់ ចំណែកខ្លួនអ្នកចូលចាំច្រកខោអាវ ញាត់បាវ ឲ្យអ្នកជញ្ជូន។ ជនសង្ស័យបន្តទៀតថា ខណៈដែលខ្លួនចូលដល់ក្នុង ច្រកខោអាវបាន៣បាវហើយ អ្នកជញ្ជូនចេញ យួរយកចេញក្រៅបាត់ ហើយខ្លួនបន្តប្រមូលខោអាវច្រកបន្ត បានរហូតដល់ចំនួន៥បាវបន្ថែមទៀត តែមិនឃើញ ២នាក់ជាអ្នកជញ្ជូនចូលមកយកសោះ ចាំបាត់ៗ យូរពេកងើបដើរមកអើតមើលតាមបង្អូចដែលកាត់ចូលនោះ មិនឃើញក្រុមខ្លួនសោះ មិនដឹងថាគេនាំគ្នារត់ចោលឯណា បែរជាក្រឡេកឃើញក្រុមសន្តិសុខទៅវិញ ភ័យពេកក៏ចូលសម្ងំពួនវិញ រហូតដល់ កងសន្តិសុខ ចាប់ខ្លួនបានតែម្តង។

បច្ចប្បន្នជនសង្ស័យដែលបានឃាត់ខ្លួន បាននាំទៅសាកសួរនៅប៉ុស្តិ៍នគរបាលចោមចៅ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី ហើយសមត្ថកិច្ចបន្តធ្វើការស្រាវជ្រាវតាមចាប់ខ្លួនបក្ខពួក៥នាក់ទៀតក្នុងនោះមានមេក្លោងម្នាក់ផងយកមកផ្តន្ទាទោសទៅតាមច្បាប់៕ អត្ថបទដោយអ្នកប្រម៉ាញ់ទីក្រុង

 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង