សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខកម្មករជាង១ម៉ឺននាក់ នៅសួនឧស្សាហកម្ម វឌ្ឍនៈទី១


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនកម្មករកម្មការនីចំនួន ១៦,៤៨៤ នាក់នៅសួនឧស្សាហកម្មវឌ្ឍនៈ១ ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។ សម្តេចតេជោ រីករាយយ៉ាងខ្លាំងដែលបានកំពុងធ្វើនូវអ្វីដែលសម្តេចបានសន្យាជាមួយកូនក្មួយកម្មករ។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោ គ្រោងនឹងអញ្ជើញជួបបងប្អូនកម្មករជាង១លាននាក់នៅទូទាំងប្រទេស។ អរគុណក្រុម ហ៊ុនវឌ្ឍនៈរបស់លោកស្រី ឈុន លៀង ដែលបានបង្កើតសួនឧស្សាហកម្មនេះឡើង។ លទ្ធផលទាំងអស់ នេះគឺបានមកពីការខិតខំរបស់គណបក្សប្រជាជន និងពីការខិតខំរបស់ សម្តេចតេជោផ្ទាល់។ ជាការពិត ណាស់ សម្តេចតេជោ បានចូលរួមដឹកនាំប្រទេសនេះពីគំនរផេះផង់ និងពីបាតដៃទទេរ រហូតដល់មានអ្វីៗ គ្រប់យ៉ាងដូច្នេះមិនត្រូវអោយបាត់បង់ឡើយ។ ដូចយើងបានឃើញហើយថា ក្នុងកំឡុងពេលប្រទេសមាន សង្រ្គាមគឺពេលនោះយើងតែងឃើញវត្តមានសម្តេចតេជោចុះជាប់ជាមួយកងទ័ពតាមព្រំដែន តាមសមរភូមិ និងនៅតុចរចារស្វែងរកសន្តិភាពនៅបរទេស។ ក្រោយពេលបញ្ចប់សង្រ្គាមមានសន្តិភាព គឺយើងឃើញ វត្តមានសម្តេចតេជោនៅតាមស្រែ និងតាមប្រឡាយទឹកក្នុងការអភិវឌ្ឍវិស័យកសិកម្ម។ នៅពេលនេះ ដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយឧស្សាហកម្ម ២០១៥-២០២៥ គឺយើងឃើញវត្ត មានសម្តេចតេជោនៅជាមួយកម្មករតាមរោងចក្រគ្រប់ទីកន្លែង។ សន្ទុះនៃការរីកចម្រើនសព្វថ្ងៃ ដែលបាន ធ្វើអោយកំណើននៃការនាំចេញមានរហូតដល់ ១២,០០០លានដុល្លារអាមេរិក។ តាមរយៈការចុះជួបសួរ សុខទុក្ខដោយផ្ទាល់នេះ សម្តេចតេជោ សប្បាយចិត្តណាស់ដែលបានឃើញលក្ខខ័ណ្ឌការងារតាមរោងចក្រ ត្រូវបានកែលម្អកាន់តែប្រសើរឡើងជាបន្តបន្ទាប់ ហើយបញ្ហាការងារក៏ត្រូវបានដោះស្រាយហើយ។

សម្តេចតេជោ ហ៊ុន សែន ដែលបានខិតខំបង្កើតនូវអ្វីៗទាំងអស់នេះបានហើយ គឺត្រូវតែមើលថែទាំដោយ ផ្ទាល់ដៃ។ សម្តេចតេជោនឹងបន្តចុះជួបជាមួយបងប្អូនកម្មករនៅរៀងរាល់ថ្ងៃអាទិត្យ និងថ្ងៃពុធ។ ព្រោះសុខ ទុក្ខបងប្អូនកម្មករ គឺជាសុខទុក្ខរបស់សម្តេចតេជោផ្ទាល់។

សម្តេចតេជោបានបញ្ជាក់ថាកាលពីឆ្នាំ ១៩៩៧ កម្ពុជាមានរោងចក្រត្រឹមតែ ៦៤ ប៉ុណ្ណោះ តែពេលនេះ យើងមានប្រមាណជាង ១ម៉ឺនរោងចក្រ និងបានផ្តល់ការងារដល់ពលរដ្ឋប្រមាណជាង ១លាននាក់។ ប្រាក់ខែកម្មករពីមុនគឺមានតែជាង ៣០ដុល្លារ ប៉ុន្តែបានតម្លើងមករហូតដល់ ១៥៣ដុល្លារបូកថែមនឹង ប្រាក់អត្ថប្រយោជន៍ផ្សេងៗគឺច្រើនជាង២០០ដុល្លារ។ នៅឆ្នាំ២០១៨ ប្រាក់ខែកម្មករនឹងតម្លើងដល់ ១៦៨ ដុល្លារបូកថែមនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតគឺច្រើនជាង២០០ដុល្លារដែលនឹងធ្វើអោយជីវភាពរស់នៅរបស់ពលរដ្ឋកាន់តែល្អប្រសើរឡើង។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានរំលឹកឡើងវិញផងដែរអំពីការអំពាវនាវរបស់ក្រុមមួយដែលបានទប់ស្កាត់ រាល់នូវជំនួយ និងការអភិវឌ្ឍកម្ពុជាដែលហៅថាក្រុម (៣-កុំ) គឺទី១(កុំផ្តល់ជំនួយអោយកម្ពុជា) ២(កុំមក វិនិយោគនៅកម្ពុជា) និង៣(កុំទិញទំនិញពីកម្ពុជា)។ តើនេះគឺជាទង្វើស្នេហាជាតិ ឬជាទង្វើក្បត់ជាតិ ក្បត់ ប្រជាជនខ្លួនឯង? ព្រោះទង្វើនេះបានធ្វើអោយបងប្អូនកម្មករកម្មការនីបាត់បង់ការងារដែលប៉ះពាល់ ដល់ជីវភាពរស់នៅយ៉ាងធ្ងន់ធ្ងរដែលផ្ទុយស្រឡះពីរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជន ដែលបាននិងកំពុងអនុវត្តគោលនយោបាយ (៣-សុំ) គឺ១( សុំអោយបរទេសជួយកម្ពុជា) ២(សុំអោយ បរទេសមកវិនិយោគនៅកម្ពុជា) និង ៣(សុំអោយបរទេសជួយទិញទំនិញពីកម្ពុជាដើម្បីបង្កើតការងារ និង ប្រាក់ចំណូលជួយដល់ជីវភាពរស់នៅរបស់បងប្អូនកម្មករអោយកាន់តែប្រសើរឡើង)។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ម្ចាស់រោងចក្រទាំងអស់ត្រូវមានការយោគយល់គ្នាជាមួយ កម្មករនិយោជិតហើយត្រូវខិតខំដោះស្រាយបញ្ហាតាមសន្តិវិធីចៀសវាងវិវាទផ្សេងៗដែលឈានទៅដល់ការបណ្តេញកម្មករចេញពីរោងចក្រជាដើម។

ចំពោះដំណោះស្រាយទឹក គឺចាប់ ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ តទៅតម្លៃទឹកដែលម្ចាស់ផ្ទះនឹងលក់ អោយកម្មករគឺត្រឹមតែ ៨០០៛ ប៉ុណ្ណោះក្នុង១ម៉ែត្រគូប។ ចំពោះអគ្គីសនីវិញ បើប្រើ ៥០គីឡូវ៉ាត់ម៉ោងចុះ ក្រោមគឺតម្លៃ ៤១០៛។ ទន្ទឹមនឹងនេះ សម្តេចតេជោ បានអំពាវនាវដល់ ម្ចាស់ផ្ទះជួលកុំតម្លើងប្រាក់ឈ្នួល ផ្ទះក្នុងរយៈពេល ១ឆ្នាំ (២០១៨) ដើម្បីអោយកម្មករកនៅសល់ប្រាក់ មួយចំនួនសម្រាប់ដោះស្រាយជីវភាពរស់នៅអោយបានល្អប្រសើរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានលើកនូវចំណុចសំខាន់ៗ៥ដើម្បីលើកកំពស់ការងារ និងជម្រុញវិស័យឧស្សាហកម្មអោយកាន់តែមានភាពល្អប្រសើរគឺ ទី១(ត្រូវរួមគ្នាថែរក្សាសន្តិភាព ស្ថេរភាព និងសុវត្ថិភាពសណ្តាប់ធ្នាប់សង្គមអោយបានល្អ។ ២(រួមគ្នារក្សាការងារចាស់ និងបង្កើតការងារថ្មីៗច្រើន ថែមទៀតដោយធ្វើការពង្រីកនិងបង្កើនទីផ្សារបន្ថែម។ ទី៣(រួមគ្នាបង្កើនប្រាក់ចំណូលដោយការខិតខំ បណ្តុះបណ្តាលហ្វឹកហ្វឺនចំណេះដឹងបន្ថែមដល់កម្មករ និងកុំអោយកម្មករភ័យខ្លាចពីការបាត់ បង់ការងារ និងប្រាក់ចំណូល។ ទី៤)ផ្តល់របបគាំពារសន្តិសុខសង្គមដល់កម្មករគឺ ចាប់ពីខែ មករា ២០១៨ តទៅ និយោជក (ម្ចាស់ក្រុមហ៊ុន) នឹងបង់ថ្លៃរបបសន្តិសុខសង្គម ១០០% ដល់កម្មករ។ បងប្អូនអាចចំណេញ ថវិកាបានពី (៨,០០០៛ ទៅ ១២,០០០៛ ក្នុង១ខែ)។ ទី៥ (ផ្តល់កិច្ចគាំពារនិងយកចិត្តទុកដាក់ចំពោះ កម្មករកម្មការនីដែលធ្វើការនៅក្រៅប្រទេស) តាមរយៈការគាំទ្រ និងជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាល ក្នុង ការធ្វើការទំនាក់ទំនងល្អជាមួយបណ្តាប្រទេសជាដៃគូដើម្បីផ្តល់ការងារ ដែលមានប្រាក់ចំណូលខ្ពស់ សមរម្យ និងលក្ខណការងារល្អៗដល់ក្មួយៗកម្មករ ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់សារជាថ្មីថា ក្មួយៗកម្មករកម្មការិនីទូទាំងប្រទេស នឹងទទួលបានសេវាជិះឡានក្រុងសាធារណៈ FREE រយៈពេល២ឆ្នាំ (សីហា ២០១៧-សីហា ២០១៩)។ នៅឆ្នាំ ២០១៩ ខាងមុខនេះ កម្មករទាំងអស់នឹងមានប្រាក់សោធននិវត្តន៍ (ប្រាក់រឺត្រែត) ចំនួន ៨០% នៃ ប្រាក់ខែដែលខ្លួនធ្លាប់បានទទួលពីមុន។ ចាប់ពីឆ្នាំ២០១៨ តទៅ កម្មករកម្មការនីយើងទាំងអស់ (រួមទាំង កម្មករសំណង់ សណ្ឋាគារ ដឹកជញ្ជូនបើកបរ និងកសិកម្ម…ជាដើម) គឺទទួលបានការពិនិត្យព្យាបាលជំងឺ នៅមន្ទីរពេទ្យរដ្ឋដោយមិនគិតថ្លៃ ដែលចែញថវិកាដោយមូលនិធិសមធម៍។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនទាំង អស់ត្រូវរៀបចំបង្កើត Clinic មើលថែសុខភាពកម្មករនៅតាមរោងចក្ររបស់ខ្លួនដើម្បីជួយដល់កម្មករ កម្មការនី។ ចំពោះស្រ្តីសំរាលកូន គឺទទួលបានការឈប់សម្រាកពីការងារ រយៈពេល ៣ ខែ ហើយនៅទទួល បានប្រាក់ខែ ១២០% ថែមទៀត។ ចំពោះបងប្អូនកូនក្មួយកម្មការនីដែលត្រូវសម្រាលកូនទោះក្នុងប្រព័ន្ធ ឬក្រៅប្រព័ន្ធ ប្រសិនបើសម្រាលបានកូន(១)គឺទទួលបានថវិកា៤០ម៉ឺនរៀល។ បើ សម្រាលបានកូនភ្លោះ (២) គឺទទួលបានថវិកា៨០ម៉ឺនរៀល។ បើសម្រាលបានកូន(៣) គឺទទួលបានថវិកា១លាន២សែនរៀល ហើយ បូកប្រាក់ឧបត្ថម្ភមួយចំនួនបន្ថែមទៀតពី សម្តេចតេជោ និងសម្តេចកិត្តិព្រឺទ្ធបណ្ឌិត។ ថវិកានេះនឹងផ្តល់ ជូនដោយបេឡាសន្តិសុខសង្គមរបស់រាជរដ្ឋាភិបាល។ ទោះបីកូននោះកើតរស់ឬ ស្លាប់គឺនៅតែទទួលបាន ថវិកាឧបត្ថម្ភគាំពារដូចគ្នា។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានជូនពរកម្មករ កម្មករកម្មការិនី ជិយោជក ទាំងអស់ដែល បានចូលរួមក្នុងថ្ងៃនេះ ព្រមទាំងបានឧបត្ថម្ភនូវប្រាក់លើកទឹកចិត្តមួយចំនួនដល់កម្មការនីជាស្រ្តីមានផ្ទៃពោះ ចំនួន ៥៨៧ និងកម្មករទាំងអស់ដែលបានចូលរួមថ្ងៃនេះផងដែរ។ បន្ទាប់មកសម្តេចតេជោបានថត រូប Selfie ជាអនុស្សាវរីយ៍ជាមួយបងប្អូនកូនក្មួយកម្មករកម្មការនីក្នុងភាពស្រឡាញ់ស្និទ្ធស្នាល និងសប្បាយរីករាយក្រៃលែង មុននឹងបន្តដំណើរអញ្ជើញទៅពិនិត្យស្ថានភាពកម្មករកម្មការនីដែលកំពុងធ្វើការនៅក្នុងរោងចក្រកាត់ដេរមួយទៀត៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង