ដាក់កម្រិត៤ចំណុចសំខាន់ៗតម្រង់ទិសកីឡាយូដូឱ្យជោគជ័យនៅស៊ីហ្គេម


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានស្នើសហព័ន្ធកីឡាយូដូកម្ពុជា ត្រូវពង្រឹងការងារ ៤ចំណុច ដើម្បីធានាការអភិវឌ្ឍ និងផលិតបាននូវធនធានគ្រប់គ្រាន់ ដើម្បីចូលរួមប្រកួតលើឆាកអន្ដរជាតិ ពិសេសទិសដៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ។

ចំណុចសំខាន់ៗ ដែលសហព័ន្ធត្រូវធ្វើនោះ រួមមានការពង្រឹងទំនាក់ទំនងជាមួយសហព័ន្ធអន្ដរជាតិ បណ្ដុះបណ្ដាលអាជ្ញាកណ្ដាល-ចៅក្រមកម្រិតអន្ដរជាតិ ចូលរួមការប្រកួតផ្សេងៗលើឆាកអន្ដរជាតិ និងស្វែងរកកូនខ្មែររស់នៅក្រៅប្រទេស ដែលចេះលេងកីឡាយូដូ ។ នេះបើតាមការបញ្ជាក់ ក្នុងពិធីបើកវគ្គសាមគ្គីអូឡាំពិក ស្ដីពីគ្រូបង្វឹកកីឡាយូដូ កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ ។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា សហព័ន្ធអន្ដរជាតិ គឺជាអាណាព្យាបាល ហេតុនេះពួកគេមានភារកិច្ចជួយបណ្ដាប្រទេសជាសមាជិក រួមទាំងកម្ពុជាផង ។ ដូច្នេះសហព័ន្ធត្រូវរៀបចំផែនការ និងធ្វើយ៉ាងណា ដើម្បីពង្រឹងទំនាក់ទំនងល្អ និងស្វែងរកការគាំទ្រទាំងផ្នែកបច្ចេកទេស និងសម្ភារៈ ពិសេសត្រូវមានហេតុផលសំខាន់ភ្ជាប់ជាមួយ គឺការត្រៀមធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម ។

អគ្គលេខា NOCC រូបនេះបានប្រាប់ថា ចំពោះការបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល-ចៅក្រម ក៏ដូចគ្នា សហព័ន្ធត្រូវធ្វើការងារជាមួយសហព័ន្ធអន្ដរជាតិ ដើម្បីបានបញ្ជូនមន្ដ្រីបច្ចេកទេសកម្ពុជា ទៅសិក្សា និងប្រឡងយកអាជ្ញាប័ណ្ណអាជ្ជាកណ្ដាល-ចៅក្រមអន្ដរជាតិ សម្រាប់បំពេញភារកិច្ចពេលកម្ពុជាធ្វើម្ចាស់ផ្ទះ ខណៈគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ឬ CAMSOC បានត្រៀមថវិការួចរាល់ ដើម្បីជួយដល់សហព័ន្ធកីឡាជាតិ ។

លោក វ៉ាត់ ចំរើន បានសង្គត់ធ្ងន់បន្ថែមថា មិនតែប៉ុណ្ណោះ ក៏មានការជំរុញគ្រូ និងកីឡាករ ត្រូវចូលរួមរាល់ការប្រកួតអន្ដរជាតិ ពិសេសព្រឹត្តិការណ៍ World Championship ព្រោះជាឱកាសដ៏ល្អ ដើម្បីរៀនសូត្រ និងដកស្រង់បច្ចេកទេស មកអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន ។ អ្វីដែលពិសេសឯកឧត្តមបានស្នើឲ្យសហព័ន្ធត្រូវស្វែងរកកូនខ្មែរនៅក្រៅប្រទេស ដែលចេះលេងកីឡាយូដូ មកចូលរួមបង្ហាញសមត្ថភាព និងប្រកួតប្រជែងដណ្ដើមកិត្តិយសជូនជាតិទៀតផង ។

សូមរំលឹកថា ចំពោះវគ្គសាមគ្គីអូឡាំពិក ស្ដីពីគ្រូបង្វឹកកីឡាយូដូ ដែលទទួលបានឧបត្ថម្ភគាំទ្រពីអង្គការសាមគ្គីអូឡាំពិក គ្រោងធ្វើឡើងចាប់ពីថ្ងៃទី០៣-១៣ ខែកញ្ញា ឆ្នាំ២០១៩ ដោយមានសិក្ខាកាមចូលរួមសរុប ២៤នាក់ ហើយបង្រៀនដោយលោក Amar Meridia គ្រូឧទ្ទេសមកពីសហព័ន្ធកីឡាយូដូអន្ដរជាតិ ៕

 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង