ទឹកមុខប្រជាពលរដ្ឋនៅខណ្ឌឬស្សីកែវ នៅពេលដែលអភិបាលខណ្ឌចុះទៅដល់ផ្ទះ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

អាជ្ញាធរខណ្ឌឫស្សីកែវ ដាក់បទបញ្ជាអាជ្ញាធរពាក់ព័ន្ធក្នុងខណ្ឌទាំងអស់ ដាច់ខាតត្រូវយកចិត្តទុកដាក់ ក្នុងការផ្លាស់ប្ដូរសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ ឫអត្តសញ្ញាណផ្សេងៗ ជូនប្រជាពលរដ្ឋ
ភ្នំពេញ ៖ អាជ្ញាធរខណ្ឌឫស្សីកែវ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ចំពោះអាជ្ញាធរសង្កាត់ ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធក្នុងខណ្ឌទាំងអស់ ដាច់ខាតត្រូវយកចិត្តទុកដាក់ ក្នុងការផ្លាស់ប្ដូរ និងផ្ដល់ការចុះបញ្ជីសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ ឬអត្តសញ្ញាណផ្សេងៗ ជូនប្រជាពលរដ្ឋ ដល់លំនៅដ្ឋានអចិន្ត្រៃយ៍ឲ្យបានគ្រប់ក្រុមគ្រួសារ ដើម្បីមានភាពងាយស្រួលប្រើប្រាស់ និងគ្រប់គ្រង ពិសេសអាចឈានទៅចូលរួមបោះឆ្នោតបានគ្រប់ៗគ្នា នៅពេលខាងមុខ ក្នុងឆ្នាំ២០១៨។

នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ លោក ជា ពិសី អភិបាលខណ្ឌ និងលោកស្រី អាន ផល្លា ជាភរិយា រួមនិងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀត បានចុះសួរសុខទុក្ខសំណេះសំណាល និងបើកយុទ្ធនាការចុះបញ្ជីសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលិខិតបញ្ជាក់រាល់អត្តសញ្ញាណផ្សេងៗជាដើម ហើយនិងឆ្លៀតឱកាសនាំយកសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ ដែលបំពេញបែបបទរួចរាល់ជាស្ថាពរ ចំនួនប្រមាណជាជិត៤០ប័ណ្ណ ដើម្បីទៅធ្វើការចែកជូនប្រជាពលរដ្ឋ ដល់លំនៅដ្ឋានអចិន្ត្រៃយ៍ជិត៤០គ្រួសារ នៅត្រង់ចំណុចក្នុងបុរីរិទ្ធិ ស្ថិតក្នុងភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។

ក្នុងយុទ្ធនាការផ្លាស់ប្ដូរ និងផ្ដល់ការចុះបញ្ជីសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរខាងលើនេះ លោក ជា ពិសី បានថ្លែងថា សម្រាប់ប្រជាពលរដ្ឋមួយចំនួនរស់នៅក្នុងបុរីប៉េងហួត ស្ថិតក្នុងភូមិកោះអណ្តែត សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ដែលពីមុនស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខណ្ឌសែនសុខ ហើយត្រូវបានបំបែកសង្កាត់ និងផ្ទេរមកក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខណ្ឌឫស្សីកែវ គឺត្រូវបានផ្លាស់ប្ដូរ និងធ្វើការផ្ដល់ជូននូវសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារជាបន្តបន្ទាប់ រហូតមកដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ មានចំនួន៤លើកមកហើយ ស្មើនិង៤១៨គ្រួសារឯណោះ។

លោកអភិបាលខណ្ឌរូបនេះបានបន្ថែមទៀតថា ជាទិសដៅបន្ត និងជំរុញបន្ថែមទៀត ឲ្យអាជ្ញាធរសង្កាត់ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងខណ្ឌទាំងអស់ ត្រូវយកចិត្តទុកដាក់ឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ក្នុងការបើកយុទ្ធនាការផ្លាស់ប្ដូរ និងផ្ដល់ការចុះបញ្ជីសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតបញ្ជាក់អត្តសញ្ញាណផ្សេងៗ ជូនប្រជាពលរដ្ឋ ដល់លំនៅដ្ឋានអចិន្ត្រៃយ៍ ឲ្យអស់នូវទូទាំង៧សង្កាត់ ក្នុងខណ្ឌឫស្សីកែវ ដើម្បីឲ្យប្រជាពលរដ្ឋ មានភាពងាយស្រួលក្នុងការប្រើប្រាស់ និងងាយស្រួលគ្រប់គ្រង ពិសេសអាចឈានទៅចូលរួមបោះឆ្នោតបានគ្រប់ៗគ្នា នៅពេលខាងមុខ ក្នុងឆ្នាំ២០១៨៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង