NOCC ស្នើសហព័ន្ធអុកចត្រង្គ ផលិតអ្នកជំនាញ ដើម្បីផ្សព្វផ្សាយមុន Sea Games 2023


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានស្នើឲ្យសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា ត្រូវផលិតអ្នកជំនាញឲ្យបានច្រើន សម្រាប់ផ្សព្វផ្សាយនូវកីឡាប្រពៃណីរបស់កម្ពុជាមួយនេះ ទៅបណ្ដាប្រទេសអាស៊ាន ដើម្បីកៀងគរការចូលរួមកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ នៅប្រទេសកម្ពុជាឲ្យបានច្រើន ។

ថ្លែងកាលពីពេលថ្មីៗ ឯកឧត្តមបានបញ្ជាក់ថា ការផលិតធនធានកីឡាករ-កីឡាការិនី គឺជារឿងចាំបាច់មួយ ដែលសហព័ន្ធត្រូវធ្វើ សម្រាប់ត្រៀមការប្រកួតប្រជែងទាំងថ្នាក់ជាតិ និងអន្ដរជាតិ ។ តែអ្វីដែលត្រូវយកចិត្តទុកដាក់លើនេះ គឺមន្ដ្រីជំនាញរបស់សហព័ន្ធ ដើម្បីចាត់បញ្ជូនទៅផ្សព្វផ្សាយឲ្យប្រទេសជាសមាជិក បានយល់នូវលក្ខខណ្ឌ និងក្បួនច្បាប់ប្រកួតរបស់កីឡាអុកចត្រង្គ ។ ម្យ៉ាងដើម្បីផ្សព្វផ្សាយអំពីកីឡាអុកចត្រង្គឲ្យកាន់តែទូលំទូលាយ ស្របពេលកម្ពុជាគ្រោងបញ្ចូនកីឡានេះ ទៅក្នុងស៊ីហ្គេម ឆ្នាំ២០២៣ ផងនោះ NOCC ក៏គ្រោងសហការជាមួយសហព័ន្ធរៀបចំការប្រកួតកីឡាអុកចត្រង្គជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកដំបូង នាឆ្នាំ២០២០ ដោយមានការអញ្ញើញបណ្ដាប្រទេសក្នុងតំបន់ចូលរួម ដើម្បីជាការទាក់ទាញ និងជាការដកស្រង់បទពិសោធន៍ ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ផងដែរ ។

ដោយហេតុនេះ ឯកឧត្តមរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានដាក់ការជឿជាក់ថា សហព័ន្ធនឹងបង្កើតធនធានអ្នកបច្ចេកទេស និងអ្នកជំនាញឲ្យបានច្រើន ដើម្បីបញ្ជូនទៅផ្សព្វផ្សាយ និងបង្រៀននូវក្បួនច្បាប់ នៃការលេងអុកចត្រង្គដល់បណ្ដាលប្រទេសក្នុងតំបន់ ដើម្បីឲ្យប្រទេសទាំងនោះបានយល់ និងងាយស្រួលក្នុងការមកចូលរួមប្រកួតពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ខណៈបច្ចុប្បន្នមាន ៤ប្រទេសហើយ ដែលត្រៀមខ្លួនចូលរួមស៊ីហ្គេមនៅកម្ពុជា ដូចជាឡាវ វៀតណាម មីយ៉ាន់ម៉ា និងហ្វីលីពីនជាដើម ៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង