គ្មានអ្វីចំណេញទេ! មានតែបែកក្បាលដេកពេទ្យ និងចូលដេកគុកតែប៉ុណ្ណោះ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោមធ្វើការឃាត់ខ្លួន ក្រោយពីបានបង្កហិង្សាឈ្លោះប្រកែក និងផ្ទុះហិង្សាប្រដាប់ដោយដុំឥដ្ឋនិងបុ័ងតោ កាប់និងវាយទៅលើភាគីម្ខាងទៀតដែលមានគ្នា៤នាក់ បណ្តាលឲ្យយុវជនម្នាក់រងរបួស កាលពីវេលាម៉ោង៣យប់ ឈានចូលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខផ្ទះគ្មានលេខ តាមបណ្តោយផ្លូវជាតិលេខ២ ក្រុមទី២៤ ភូមិទួលរកា២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យដែលឃាត់ខ្លួនបានខាងលើនេះទី១មានឈ្មោះ សុខ ជាតិ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករសិប្បកម្មផលិតក្រដាស ស្នាក់នៅផ្ទះជួល ក្នុងភូមិកើតហេតុខាងលើ និងជនសង្ស័យទី២ឈ្មោះ ម៉ិច ថន ហៅចេក ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករលើកឥដ្ឋក្បឿង ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ ដកហូតបានកាំបិតបុ័ងតោចំនួន១។ ចំណែកបក្ខពួក២នាក់ទៀតគេចខ្លួនបាត់ស្រមោល។ រីឯជនរងគ្រោះមានឈ្មោះ វ៉ែន សារ៉ាន ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅការដ្ឋានសំណង់កោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មុខរបរកម្មករសំណង់ រងរបួសលើចិញ្ចើមខាងឆ្វេង ១កន្លែង។

មុនពេលកើតហេតុ ជនសង្ស័យមានគ្នា៤នាក់ បាននាំគ្នាផឹកស៊ី និងរាំលេងកម្សាន្តនៅក្នុងក្លឹបកម្សាន្តសប្បាយៗ ដែលស្ថិតនៅក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ក្នុងពេលនោះជនរងគ្រោះ និងមិត្តភក្តិ៤នាក់ទៀត ក៏បានចូលទៅផឹកស៊ី និងរាំលេងនៅក្នុងក្លឹបខាងលើដូចគ្នា ទើបមានការទាស់ពាក្យសម្តីគ្នា ដោយភាគីជនរងគ្រោះនិងក្រុមជនសង្ស័យ បាននាំគ្នាចេញពីក្នុងក្លឹបមកដល់ចំណុចកើតហេតុក៏ផ្ទុះហិង្សាប្រតាយប្រតប់គ្នាប្រដាប់ដោយដុំថ្មគប់គ្នាទៅវិញទៅមក ស្រាប់តែពេលនោះជនសង្ស័យម្នាក់ បានយកកាំបិតបុ័ងតោ កាប់ទៅលើជនរងគ្រោះមួយកាំបិតបណ្តាលឲ្យរបួសត្រង់ចិញ្ចើមខាងឆ្វេង ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។ ចំណែកជនសង្ស័យ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោមធ្វើការឃាត់ខ្លួនបានចំនួន២នាក់តែម្តង ចំណែក២នាក់ទៀតគេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់ប៉ុស្តិ៍ចាក់អង្រែក្រោម ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមច្បាប់បន្តទៀត៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង