លោកឌី រ័ត្នខេមរុណ៖ ដឹកនាំកម្លាំងចំរុះទៅរុះរើផ្ទះខ្ទមតូចៗ ៦ខ្នង នៅខណ្ឌមានជ័យ ដែលពាក់ព័ន្ធទៅនឹងការ…


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ផ្ទះខ្ទមតូចៗ ៦ខ្នង សង់ឡើងពីឈើប្រក់សង្ក័សី ត្រូវបានកម្លាំងអាជ្ញាធរចម្រុះ ដឹកនាំដោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ ធ្វើការរុះរើរកម្ទេចចោលទាំងស្រុង ហើយនឹងមិនបន្តអោយមានការសាងសង់សំណង់ថ្មីលើផ្ទៃដីចាស់ ក្រោយរកឃើញថា លំនៅឋានតូចៗទាំងនោះ មានពាក់ព័ន្ធនឹងការជួញដូរគ្រេឿងញៀនទ្រង់ទ្រាយធំ និង ជាទីតាំងបណ្តុំទៅដោយក្រុមជួញដូរ និង ប្រើប្រាស់ថ្នាំញៀន យ៉ាងសកម្ម
ការរុះរើរនេះ ធ្វើឡើងនៅចំណុចសំណង់ អាណាធិបតេយ្យ ស្ថិតក្រោយរោងចក្រតាក់ហ្វាត តាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ វេលាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ ។

លោកឌី រ័ត្នខេមរុណ បានមានប្រសាសន៍អោយដឹងថា ដោយយល់ឃើញថាលំនៅឋាន ទាំង៦ដែលត្រូវរុះរើ ជាទីតាំងបណ្តុំទៅដោយការប្រើប្រាស់គ្រឿងញៀន ក៏ដូចជា កន្លែងដែលមានការប្រមូលម្តុំទៅដោយការជួញដូរគ្រេឿងញៀន យ៉ាងខ្លាំងខ្លានោះ កម្លាំងអាជ្ញាធរចម្រុះ ដោយមានការឯកភាពពីថ្នាក់លើ សម្រេចវាយកម្ទេចទីលំនៅឋានទាំង៦ខ្នងតូចៗនេះចោលតែម្តង ។

លោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ បញ្ជាក់បន្ថែមថា សំណង់លំនៅឋានតូចៗជាច្រើននៅចំណុចខាងលើ សុទ្ធសឹងជាសំណង់សង់ឡើងពីឈើប្រក់សង្ក័សី ហើយក៏ជាប្រភេទសំណង់អាណាធិបតេយ្យ ពោលគ្មានច្បាប់ទម្លាប់អ្វីទាំងអស់ ដូច្នេះហើយប្រសិនបើទីតាំងណាមួយដែលមានជាប់ពាក់ព័ន្ធនឹងអំពើខុសច្បាប់ ពិសេសការយកទីតាំងធ្វើជាកន្លែងប្រព្រឹត្តិបទល្មើសផ្សេងៗ ប៉ះពាល់ដល់សង្គមពលរដ្ឋ ក៏ដូចជាសង្គមជាតិនោះ អាជ្ញាធរនឹងធ្វើការរុះរើទីតាំងនោះចោល ហើយនឹងមិនបន្តអនុញ្ញាត្តិអោយមានជាសំណង់សាងសង់ថ្មីលើផ្ទៃដីចាស់បានទៀតជាដាច់ខាត ។

លោកវរសេនីយ៍ត្រី ហួរ ម៉េងវ៉ាង អធិការរងនគរបាលខណ្ឌទទួលជំនាញ ព្រហ្មទណ្ឌ បញ្ជាក់អោយដឹងថា ខ្ទមតូចៗ៦ខ្នង ដែលរុះរើពេលនេះ ជាទីតាំងដែលប្រមូលផ្តុំទៅដោយការពពាក់ពពូនក្រុមជួញដូរ និងប្រើប្រាស់ថ្នាំញៀនយ៉ាងសកម្មបំផុត។ ហើយកន្លងមកកម្លាំងសមត្ថកិច្ចតែងតែធ្វើការបង្ក្រាបគ្រេឿងញៀនបានជាបន្តបន្ទាប់នៅចំណុចខាងលើផងដែរ។ លោកអធិការរង បន្ថែមថា នៅវេលាថ្ងៃទី១ សីហា ២០១៧នេះ កម្លាំងសមត្ថកិច្ចបានបើកការស្រាវជ្រាវ រហូតកំណត់បានថាមានការជួញដូរថ្នាំញៀនធំមួយ នៅចំណុចខាងលើ ទើបកម្លាំងបានបើកការចុះបង្ក្រាប ប៉ុន្តែមុនពេលសមត្ថកិច្ចចុះមកដល់ ក្រុមជនសង្ស័យបានដឹងខ្លួនមុន ក៏បាននាំគ្នារត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកវត្ថុតាងមួយចំនួនធំពាក់ព័ន្ធនឹងគ្រេឿងញៀន ពិសេសសម្ភារៈសម្រាប់វេចខ្ចប់ ក្នុងគោលដៅចែកចាយតែម្តង ៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង