ស្ដាយម៉ូតូ៖ លួចបានហើយតែអស់សាំង នៅបណ្តើរត្រឹកៗតាមផ្លូវម្ចាស់តាមទាន់សំពងយ៉ាងចាស់ដៃ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

នីភ្នំពេញ៖ ជនសង្ស័យជំនាញខាងកាច់សោរកម៉ូតូម្នាក់ ត្រូវបានបងប្អូនប្រជាពលរដ្ឋតាមទាន់នៅពេលជនសង្ស័យធ្វើសកម្មភាពកាច់សោរកម៉ូតូបានសម្រេច តែជាអកុសលម៉ូតូនោះបានអស់សាំង។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង ៦និង៣០នាទីល្ងាច ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ ដែលនៅត្រង់ចំណុចបន្ទប់ជួល ផ្លូវលេខ៦២R ក្រុម៤ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ យន់ ណាមិច ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ។ ចំណែកឯជនរងគ្រោះឈ្មោះ មិក មិនា ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅបន្ទប់ជួលជាន់ទី២ តាមបណ្តោយផ្លូវលេខ៦២R ក្រុម៤ ភូមិទួលគោក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។

បើតាមសម្តីជនរងគ្រោះបានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុវេលាម៉ោង ៦និង៣០នាទីល្ងាច ជនរងគ្រោះបានចេញពីកន្លែងធ្វើការ មួយកន្លែង ដោយជិះម៉ូតូ មួយគ្រឿង ម៉ាក Zoomer-X សេរី២០១៦ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GA-1483 ក្នុងគោលបំណងត្រឡប់ទៅផ្ទះជួលរបស់ខ្លួនវិញនៅឯសង្កាត់ទួលសង្កែ ខណៈពេលជិះមកដល់ចំណុចមុខផ្ទះជួល ជនរងគ្រោះក៏បានទុកម៉ូតូនៅមុខផ្ទះ ដោយមិនបានដកកូនសោរចេញពីម៉ូតូទេ ហើយក៏រត់ឡើងទៅបន្ទប់ជួលជាន់ទី២ ដើម្បីទៅយកលុយទៅទិញម្ហូប នៅពេលដែលយកលុយបានហើយនោះ ក៏រត់ចុះមកវិញ ស្រាប់តែមិនបានឃើញម៉ូតូនៅកន្លែងចតទុកនោះទេ។ ភ្លាមៗនោះ ជនរងគ្រោះបានស្រែកផ្អើលឆោឡោថា បាត់ម៉ូតូខ្ញុំហើយ ស្រាប់តែពេលនោះ មានបងប្អូនប្រជាពលរដ្ឋប្រទះឃើញជនសង្ស័យម្នាក់បានបណ្តើរម៉ូតូ មួយគ្រឿងចេញមុននេះបន្តិច។ ក្រោយពីទទួលបានដំណឹងនេះភ្លាម ជនរងគ្រោះបានជិះម៉ូតូតាមរក ស្រាប់តែប្រទះឃើញជនសង្ស័យខាងលើកំពុងតែបណ្តើរម៉ូតូ ដោយឃើញបែបនេះ ជនរងគ្រោះក៏បានស្រែកថា ចោរៗ ភ្លាមៗនោះ ក៏ត្រូវបានបងប្អូនប្រជាពលរដ្ឋដែលនៅក្បែរនោះនាំគ្នាដេញចាប់ និងវាយម្នាក់មួយដៃមួយជើងបណ្តាលអោយជនសង្ស័យខាងលើនេះស្ទើតែស្លាប់ តែសំណាងល្អ ត្រូវសមត្ថកិច្ចមកទាន់ចាប់ឃាត់ខ្លួនយកទៅប៉ុស្តិ៍នគរបាលទួលសង្កែ ដើម្បីធ្វើការសាកសួរ។

បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមផ្លូវច្បាប់៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង