តើសុភាសិតខ្មែរដែលថា៖ “ក្រមុំ​សាប​ដូច​ទឹក​ទន្លេ​ប្រពន្ធ​គេ​ឈ្ងុយ​ដូច​ដូង​ដុត”​ មានអត្ថន័យយ៉ាងដូចម្តេចដែរ?


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

 

និយមន័យៈ គ្រោះ​ថ្នាក់​នៃ​ប្រព្រឹត្តិកម្ម​ក្នុង​ផ្លូវ​ស្នេហា​លើ​ប្រពន្ធ​គេ ។

 

អត្ថាធិប្បាយ

នារី​ដែល​នៅ​ក្នុង​វ័យ​ក្រមុំ​ជា​វ័យ​ដែល​ល្អ​ប្រសើរ ​បំផុត ។ ប៉ុន្តែ​នៅ​ពេល​នេះ លោក​ពុំ​មាន​ចេតនា​ចង់​និយាយ​ពី​តម្លៃ​របស់​ស្ត្រី​ក្រមុំ​ទេ គឺ​លោក​ចង់​និយាយ​អំពី​គ្រោះថ្នាក់​នៃ​អ្នក​ដែល​សហាយ​ស្មន់​នឹង​ប្រពន្ធ​ គេ ។

ក្រមុំ​សាប​ដូច​ទឹក​ទន្លេ

ស្ត្រី​ក្រមុំ​គឺ​ជា​ស្ត្រី​ស្ថិត​នៅ​ក្នុង​វ័យ «រង់ចាំ» ។ ពេល​ដែល​នាង​ស្ថិត​នៅ​ក្នុង​វ័យ​រង់ចាំ​នេះ បើ​មាន​កំលោះ​ណា​ទៅ​ញ៉េះញ៉ោះ លែបខាយ​ពាក្យ​សម្ដី​ក្នុង​ផ្លូវ​លោកីយ៍​ក៏​ដោយ ក៏​ចាស់​ទុំ​ពុំ​សូវ​ចាប់​ទោស​អូស​ដំណើរ​ខ្លាំងក្លា រហូត​ដល់​ប្ដឹង​ឡើង​តុលាការ​ដែរ គឺ​គ្រាន់​តែ​ស្ដីបន្ទោស និង​ធ្វើការ​ព្រមាន​ប៉ុណ្ណោះ ។ ប្រសិនបើ​រឿង​នេះ​ឈាន​ទៅ​ដល់​ការ​ប្រាសចាក​ប្រពៃណី​ដោយ​សាមីជន​ទាំង​ពីរ​ ព្រមព្រៀង​គ្នា​ទៀត​ផង​នោះ គេ​ក៏​ពុំ​សូវ​ដែល​ឃើញ ដែល​ឮ​ថា​ឪពុក​ម្ដាយ អាណាព្យាបាល ឬ​បងប្អូន​ញាតិ​ខាង​ស្រី​ដេញ​បាញ់ ដេញ​កាប់ សម្លាប់​កូន​ប្រុស​នោះ​ដែរ ដោយ​គ្រាន់​តែ​ប្ដឹង​ទៅ​សមត្ថកិច្ច​ដើម្បី​ទាមទារ​ឲ្យ​ភាគី​ខាង​កូនប្រុស​ បង់​ជំងឺ​ចិត្ត​ប៉ុណ្ណោះ ។ ជួនកាល បើ​វាសនា​មាន គេ​ចាប់​ឲ្យ​រៀបការ​ទៀត​ក៏​សឹង​មាន​ដែរ ។

ប្រពន្ធ​គេ​ឈ្ងុយ​ដូច​ដូង​ដុត

ប្រពន្ធ​គេ​គឺ​ស្ត្រី​ដែល​ច្បាប់​រដ្ឋ​ទទួល​ស្គាល់​ ថា​ជា​កម្មសិទ្ធិ​ផ្ដាច់​មុខ​របស់​ជនណា​ម្នាក់ ។ បាន​សេចក្ដី​ថា ស្ត្រី​ប្រភេទ​នេះ​មាន​ម្ចាស់​ហួងហែង ថែរក្សា​ហើយ ។

ដូង​ដុតៈ

គឺ​សាច់​ដូង​ទុំ​ដែល​គេ​ដុត វា​មាន​ក្លិន​ឈ្ងុយ​ឆួល ។ គេ​តែង​យក​វា​ទៅ​ធ្វើ​ជា​នុយ​សម្រាប់​ស្ទូច​ត្រី ។ ត្រី​ធុំ​ក្លិន​ភ្លាម ត្របាក់​ភ្លាម តែ​វា​ក៏​ងាប់​ភ្លាម​ដែរ ។

ហេតុ​បាន​ជា​លោក​ពោល​ថា ប្រពន្ធ​គេ​ឈ្ងុយ​ដូច​ដូង​ដុត ព្រោះ​ប្រសិនណា​បើ​មាន​បុរស​ល្មោភកាម​ណា​ម្នាក់​ប្រថុយ​ផ្សង​ស្នេហ៍​ជាមួយ​ ប្រពន្ធ​គេ វាសនា​របស់​គេ​ប្រហែល​មិន​ខុស​ពី​ត្រី​ដែល​ត្របាក់​ដូង​ដុត​ប៉ុន្មាន​ ដែរ ។

ជាញឹកញាប់​ណាស់ គេ​តែង​ឮ​ថា បុរស​ដែល​ផ្សង​ស្នេហ៍​ជាមួយ​ប្រពន្ធ​គេ​នោះ ក្បាល​របស់​គេ​ត្រូវ​គ្រូពេទ្យ​ដេរ​ម្ភៃ​សាមសិប​ថ្នេរ ។ ជួនកាល​ឮ​ថា មិន​ពិបាក​គ្រូពេទ្យ​ដេរ​ទេ ព្រោះ​គេ​ត្រូវ​រលត់​ធាតុ​បាត់​ទៅ​ហើយ ។

ការណ៍​ដែល​លោក​លើក​ឡើង​ថា ក្រមុំ​សាប​ដូច​ទឹក​ទន្លេ​នោះ គឺ​ក្នុង​ន័យ​ចំអក​ផង ក្នុង​ន័យ​ប្រៀបធៀប​ជា​ឧបមាណ​វិធី​ផង ។ ម្យ៉ាង​ទៀត​លោក​ចង់​ពោល​ត្រង់ៗ​ថា ក្រមុំ​សាប​ណាស់​ទៅ​ឬ ? បាន​ជា​ទៅ​ស្រឡាញ់​ប្រពន្ធ​គេ ទោះបី​ដឹង​ថា​មាន​គ្រោះថ្នាក់​ច្រើន​ក៏​ដោយ ៕

សុភាសិតបន្ទាប់ទី I :

កំប្រុក​ស៊ី​ផ្លែ​ល្វា រមួល​កទា ផ្សា​ក្ដិត​ឈ្លូស

និយមន័យៈ និទណ្ឌភាព​របស់​អ្នក​ខ្លាំង និង​ភាព​រងគ្រោះ​របស់​អ្នក​ខ្សោយ ។

អត្ថាធិប្បាយ

សុភាសិត​នេះ​ពុំ​មាន​ន័យ​យោល​ទៅ​ផ្នែក​អត្ថានុរូប​ទេ គឺ​មាន​ន័យ​ជា​អត្ថប្បដិរូប​សុទ្ធសាធ ។

កំប្រុក​ស៊ី​ផ្លែល្វា

ពាក្យ​នេះ​លោក​សំដៅ​ទៅ​លើ​មន្ត្រី​ពុករលួយ​ដែល​ស៊ី​សំណូក ។ សំណូក​លោក​ប្រៀប​ទៅ​នឹង​ផ្លែល្វា​ដែល​ជា​ផ្លែ​មិន​ស្អាត​ល្អ​ដូច​ផ្លែឈើ​ឯ​ទៀតៗ ។

ហេតុ​ដែល​លោក​រើស​យក​សត្វ​កំប្រុក​ នេះ​មក​ដើរ​តួ​ក្នុង​សុភាសិត​នេះ ព្រោះ​សត្វ​កំប្រុក​អាច​រស់​នៅ​ក្នុង​ស្រុក​ក៏​បាន​នៅ​ក្នុង​ព្រៃ​ក៏​បាន​ ឲ្យ​តែ​មាន​ដើមឈើ​ដែល​មាន​ផ្លែ​អាច​ឲ្យ​វា​ស៊ី​ចិញ្ចឹម​ជីវិត​បាន ។ ម្យ៉ាងទៀត​លោក​បាន​លើក​យក​សត្វ​កំប្រុក​នេះ​មក​ធ្វើការ​ប្រៀបធៀប ព្រោះ​វា​ជា​សត្វ​រស់​នៅ​តែ​លើ​ដើមឈើ​ជា​តំណាង​ឲ្យ​មន្ត្រី​ថ្នាក់​លើ ថ្នាក់​ខ្ពស់ ថ្នាក់​ធំ ។

រមួល​ក​ទា

សត្វ​ទា​នៅ​ពេល​នេះ​លោក​សំដៅ​យក​ សត្វ​ទា​ស្រុក​ដែល​ឡើង​ទ្រនំ​មិន​រួច គឺ​រស់​នៅ​ផ្ទាល់​តែ​នឹង​ដី​ឲ្យ​ជា​តំណាង​បុគ្គលិក​តូច​ទាប ។ គឺ​បុគ្គលិក​ដែល​មន្ត្រី​ធំ​ប្រើ​ឲ្យ​រត់ការ ឬ​ធ្វើ​ការងារ​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ខុស​ច្បាប់ ។

ផ្សា​ក្ដិត​ឈ្លូស

ឈ្លូស​គឺ​ជា​សត្វ​រស់​នៅ​ក្នុង​ ព្រៃ ហើយ​ស៊ី​ស្មៅ​ជា​អារហារ ។ វា​មិន​ដែល​ស៊ី​ជីវិត​គេ​ទេ ។ ឈ្លូស​ជា​សត្វ​ស្លូត​បំផុត និង​ខ្លាច​គេ​ខ្លាំង​ណាស់ ។ លោក​លើក​យក​សត្វ​នេះ​ឲ្យ​ជា​តំណាង​ប្រជាពលរដ្ឋ​ស្លូត​ត្រង់ និង​សាមញ្ញ​បំផុត ហើយ​រស់​នៅ​ឆ្ងាយ​ពី​មន្ត្រី​ជាន់​ខ្ពស់ ។

សំយោគ​ន័យ

ពិត​មែន​តែ​សុភាសិត​នេះ​មាន​បី​ឃ្លា​មែន តែ​មាន​ន័យ​ជាប់​ទាក់​ទង​គ្នា​តែ​មួយ គឺ​លោក​ចង់​និយាយ​ថា មាន​មន្ត្រី​ពុករលួយ​ម្នាក់​ស៊ី​សំណូក​យ៉ាង​ឆ្ងាញ់​ពេញ​មាត់ ដោយ​គ្មាន​គិត​ក្រែង​អ្វី​ទាំងអស់ ។ គេ​ត្របាក់​ស៊ី​ដោយ​សុវត្ថិភាព ។

ប៉ុន្តែ បុគ្គលិក​ក្រោម​ឱវាទ​ដែល​លោក​ធំ​ប្រើ​ឲ្យ​ធ្វើ​កិច្ចការ​នោះ​វិញ​ទេ ដែល​ជា​អ្នក​រងគ្រោះ​ជំនួស ។ អ្នក​រងគ្រោះ​នេះ​មិន​ហ៊ាន​ថ្លែង​ការណ៍​ពិត​ទេ​ដោយ​ខ្លាច​សុវត្ថិភាព​ផ្ទាល់ ​ខ្លួន ។ ម្ល៉ោះហើយ សុខចិត្ត​ទ្រាំ​លេប​ថ្ម លេប​ក្រួស​ទាំង​បង្ខំ​ចិត្ត យ៉ាង​រមួល​ក​ទៅ​ចុះ ។

រីឯ​ប្រជាពលរដ្ឋ​ដែល​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ​បាន​ត្រឹមតែ​ឈឺ​ចាប់​ប៉ុណ្ណោះ​ឯង ។

ឧទាហរណ៍ៈ អ្នក​វិនិយោគទុន​ម្នាក់​បនា​ទៅ​ឃុបឃិត​ជាមួយ​មន្ត្រី​មាន​អំណាច​ម្នាក់​ ដើម្បី​ធ្វើ​ប្លង់​កាន់​កាប់​ដី ។ លោក​ធំ​ប្រើ​ឲ្យ​ភ្នាក់ងារ​ទៅ​ដេញ​ប្រជាពលរដ្ឋ​ចេញ​ដោយ​ជ្រក​ក្រោម​ផ្លាក​ដី ​អភិវឌ្ឍន៍ ។ ជួនកាល​គេ​រុះរើ​ផ្ទះ​សម្បែង​គ្នា​អស់​ទៀត​ផង ។ ឯ​ប្រជាពលរដ្ឋ​គ្មាន​អ្វី​ទៅ​តវ៉ា​ឲ្យ​ឈ្នះ​គេ​ទេ ព្រោះ​អង្ករ​ក្លាយ​ជា​បាយ​អស់​ហើយ ។ ម្ល៉ោះហើយ​មាន​តែ​ក្ដីក្ដៅ​ក្រហាយ និង​ឈឺ​ចាប់​យ៉ាង​ខ្លោច​ផ្សា​តែ​ប៉ុណ្ណោះ​ឯង ៕

សុភាសិតបន្ទាប់ទី II :

កុំ​ទុំ​មុន​ស្រគាល

និយមន័យៈ កុំ​តាំង​ខ្លួន​ធ្វើ​គ្រាន់​មុន​ចេះ​ដឹង ។

 

អត្ថាធិប្បាយ

អត្ថានុរូប

ផ្លែ​ឈើ​ទាំងអស់​ត្រូវ​មាន​លក្ខណៈ​៥​យ៉ាង​ទើប​ត្រឹមត្រូវ​តាម​លក្ខណៈ​ធម្មជាតិ​គឺ ៖ ក្ដឹប ខ្ចី ចាស់ ស្រគាល និង​ទុំ ។

ប្រសិនបើ​គ្រប់​លក្ខណៈ​ទាំង​៥​នេះ​ហើយ ផ្លែ​ឈើ​នោះ​ទើប​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​ពិសា ។ ប្រសិនបើ​មាន​គេ​យក​ផ្លែឈើ​ដែល​ស្ទើរ​ចាស់​ទៅ​បន្ទុំ​ថ្ម វា​អាច​ទុំ​បាន​ដែរ ប៉ុន្តែ​មិន​សូវ​មាន​រសជាតិ​ផ្អែម​ល្អ មិន​គួរ​ឲ្យ​ចង់​បរិភោគ​ទេ ព្រោះ​វា​ទុំ​ទាំង​បង្ខំ ។

អត្ថប្បដិរូប

ទង្វើ​អ្វី​ក៏​ដោយ ប្រសិនបើ​ធ្វើ​ដោយ​ច្រូត​កាត់​ច្រើន​តែ​ជួប​នឹង​ផលវិបាក​ផ្សេងៗ ។ ម្យ៉ាងទៀត​មុន​នឹង​ចូល​ទៅ​ប្រកប​ការងារ​អ្វី​មួយ ត្រូវ​ស្វែង​យល់ ស្វែង​ចេះ​អំពី​កិច្ចការ​នោះ​ជាមុន​សិន សឹម​ចាប់​ការងារ​នោះ​ជា​ខាង​ក្រោយ​ទើប​មាន​ប្រសិទ្ធភាព ។

ទំនៀមទម្លាប់​ប្រពៃណី​បាន​ដឹក​នាំ​ឲ្យ​ស្ត្រី​ខ្មែរ​មាន​ចរិយា និង​សណ្ដាប់​ធ្នាប់​ល្អ​ណាស់ គឺ​មុន​នឹង​មាន​ប្ដី ត្រូវ​មាន​គេ​ចូល “ចែចូវ” តាម​ច្បាប់​ទម្លាប់ ។ ប៉ុន្តែ​បើ​មាន​ស្ត្រី​ណា​មាន​ប្ដី​ខ្លួនឯង ឬ​មាន​ទម្ងន់​ទើប​រៀបការ​ជា​ក្រោយ អាហ្នឹង​គេ​ហៅ​ថា ទុំ​មុន​ស្រគាល​ហើយ ។

មាន​មន្ត្រី​ខ្លះ​បាន​ចូល​ធ្វើការ​រដ្ឋ ឬ​ចូល​កាន់​តំណែង​ខ្លឹម​ណា​មួយ​តាម​រយៈ​បក្សពួក ឬ​តាម​រយៈ​សំណូក ។ ប៉ុន្តែ​គ្មាន​ចេះ​អ្វី​សោះ ។ លុះ​បាន​ចូល​ធ្វើការ ឬ​ចូល​កាន់​មុខ​តំណែង​ហើយ​ទើប​រៀន​តាម​ក្រោយ ។ អាហ្នឹង​គេ​ហៅ​ថា ទុំ​មុន​ស្រគាល​ហើយ ។

សមណៈ​ខ្លះ​បាន​បួស​រួច​ហើយ ទើប​រៀន​អក្សរ ឬ​រៀន​ធម៌​តាម​ក្រោយ ។ អាហ្នឹង​គេ​ហៅ​ថា ទុំ​មុន​ស្រគាល​ដែរ ៕

សុភាសិតបន្ទាប់ទី III:

កុំ​រា​មុខ​ដឹង​កុំ​ទទឹង​មុខ​ទ័ព

និយមន័យៈ កុំ​នៅ​ពី​មុខ​អ្នក​មាន​អំណាច​ខ្លាំង ។

 

អត្ថាធិប្បាយ

«ដឹង» គឺ​ជា​ឧបករណ៍​ម្យ៉ាង​សម្រាប់​ចាំង​ឈើ ។ វា​មាន​ផ្លែ​រាង​ដូច​ពូថៅ តែ​ផ្លែ​វា​នៅ​ទទឹង​ដង និង​មាន​កន្ទុយ​វែង​ឡើង​លើ​សម្រាប់​ជា​ជំនួយ​ធ្វើ​ឲ្យ​មាន​លំនឹង មិន​ផ្លាត​ទៅ​ឆ្វេង​ទៅ​ស្ដាំ​ផង និង​ជួយ​យោល​យោគ​នៅ​ពេល​ចាំង​ផង ។

កុំ​រា​មុខ​ដឹង

នៅ​ពេល​គេ​កំពុង​ចាំង​ឈើ គេ​មិន​ត្រូវ​ទៅ​នៅ​ពី​មុខ​ដឹង​ឡើយ ព្រោះ​ផ្លែ​វា​អាច​រង្គោះ​ខ្ទាត​ចេញ នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​បង្ក​របួស​ស្នាម​ជា​ទម្ងន់ ។ ម្យ៉ាងទៀត អ្នក​ចាំង​ពុំ​សូវ​បាន​មើល​អ្វី​ក្រៅ​ពី​ចំណុច​ដែល​ត្រូវ​ដាក់​ផ្លែ​ដឹង​ ដើម្បី​ចាំង​នោះ​ទេ ។

កុំ​ទទឹង​មុខ​ទ័ព

កាល​ដើម​ឡើយ ចាស់ៗ​តែង​និយាយ​ប្រាប់​កូនចៅ​ថា ពេល​ស្រុក​មាន​អសន្តិសុខ ក្បួនទ័ព​ត្រូវ​ធ្វើ​ដំណើរ​ទៅ​សមរភូមិ​ដោយ​ថ្មើរ​ជើង ។ ពេល​កំពុង​យាត្រា​ដូច្នេះ ចាស់ៗ​តែង​ចាប់​កូន​ចាប់​ចៅ ដោយ​ខ្លាច​ក្រែង​វា​រត់​កាត់​មុខ​ទ័ព ព្រោះ​កាល​ជំនាន់​នោះ កាលណា​មាន​ក្បួន​យាត្រា​ទ័ព អ្នក​ស្រុក​ប្រយ័ត្ន​ណាស់ ជាពិសេស​មិន​អាច​ស្ត្រី​មាន​ផ្ទៃពោះ​ដើរ​កាត់​មុខ​ទ័ព​ទេ ព្រោះ​គេ​ប្រកាន់​ថា វា​នឹង​នាំ​មក​ភាព​បរាជ័យ ។ ដូច្នេះ គេ​ត្រូវ​តែ​ប្រហារ​ជីវិត​ចោល ។

នៅ​ពេល​ស្រុក​ជឿនលឿន ក្បួន​យាត្រា​ទ័ព គេ​ធ្វើ​តាម​រថយន្ត ប៉ុន្តែ​យាត្រា​ទ័ព​ក៏​នៅ​តែ​មាន​អាជ្ញា​សឹក​ពិសេស​ដដែល ព្រោះ​ទ័ព​នេះ​ហើយ​ជា​អ្នក​ការពារ​ជាតិ​មាតុភូមិ និង​បូរណភាព​ទឹក​ដី ៕

សុភាសិតបន្ទាប់ទី IV :

កុំ​បោះ​សន្ទូច​រំលង​ភ្នំ

និយមន័យៈ ទង្វើ​អ្វីៗ​ត្រូវ​ធ្វើ​តាម​ឋានានុក្រម ។

 

អត្ថាធិប្បាយ

សន្ទូច​ក្នុង​ពេល​នេះ លោក​សំដៅ​យក​កិច្ចការ​ដែល​ត្រូវ​ធ្វើ ។ ភ្នំ​ក៏​ជា​តំណាង​តួអង្គ​មន្ត្រី​អ្នក​មាន​បុណ្យសក្តិ​ធំ​ណា​ម្នាក់​ដែល​ពាក់ព័ន្ធ​ក្នុង​កិច្ចការ​នេះ ។

កិច្ចការ​អ្វី​ក៏​ដោយ​នៅ​ក្នុង​សង្គម​ខ្មែរ​យើង​ គេ​ធ្វើ​ពី​ថ្នាក់​ក្រោម​បញ្ជូន​ឡើង​ទៅ​លើ​ជានិច្ច ។ ដូច្នេះ បើ​ចង់​ធ្វើ​កិច្ចការ​អ្វី​នីមួយៗ​លោក​ប្រាប់​ថា ត្រូវ​ធ្វើ​តាម​លំដាប់​លំដោយ គឺ​ធ្វើ​តាម​ឋានានុក្រម​ពី​ទាប​ទៅ​ខ្ពស់ ដោយ​មិន​អាច​រំលង​មន្ត្រី​ធំ​ណា​ម្នាក់​ឡើយ ។

ឧទាហរណ៍ៈ គេ​ធ្វើ​កិច្ចការ​អ្វី​មួយ​ដែល​ត្រូវ​ឡើង​ទៅ​ដល់​ថ្នាក់​ខេត្ត ។ គេ​ត្រូវ​ធ្វើ​កិច្ចការ​នោះ​ពី​ថ្នាក់​មូលដ្ឋាន​ រួច​ឡើង​ទៅ​ស្រុក​ ទើប​បន្ត​ទៅ​ខេត្ត​ទៀត ។ គេ​មិន​ត្រូវ​រំលង​ផ្លោះ​ចោល​មន្ត្រី​ស្រុក​បាន​ទេ ។ មន្ត្រី​ស្រុក​នេះ​លោក​ចាត់​ទុក​ថា​ជា​ភ្នំ​មួយ​ដែរ​ហើយ ។

ការ​ដែល​គេ​លោត​ផ្លោះ​បោះ​សន្ទូច​រំលង​មន្ត្រី​ស្រុក ​ដែល​លោក​ចាត់​ទុក​ជា​ភ្នំ​មួយ​ដែរ​នោះ គឺ​ជា​ការ​មួយ​ដែល​ធ្វើ​ឲ្យ​ខុស​នឹង​នីតិវិធី ។ កាល​បើ​ទង្វើ​ខុស​នឹង​នីតិវិធី​បែប​នេះ​ហើយ​ អាច​នឹង​នាំ​ឲ្យ​មាន​បញ្ហា​ទៅ​ថ្ងៃ​ក្រោយ​ទៀត ។

រួម​សេចក្ដី​មក មន្ត្រី​ថ្នាក់​ណា​ក៏​ដោយ​ឲ្យ​តែ​ពាក់ព័ន្ធ​ក្នុង​ការងារ​នេះ មិន​គួរ​គប្បី​រំលង​ជា​ដាច់​ខាត​ ដើម្បី​ឲ្យ​បាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​ច្បាប់ ៕

សុភាសិតបន្ទាប់ទី V :

កុំ​ខ្វើក​តាម​ខ្យល់​កុំ​ខ្វល់​តាម​ស្រី

និយមន័យៈ ធ្វើ​អ្វីៗ​ត្រូវ​ចេះ​គិត​ពិចារណា​កុំ​ស្ទុះ​តាម​គេ​ញាក់ ។

 

អត្ថាធិប្បាយ

កុំ​ខ្វើក​តាម​ខ្យល់

ពាក្យ​ថា «ខ្វើក» មាន​ន័យ​ថា​កម្រើក​តិចៗ ។ តែ​ខ្វើក​ក្នុង​ទីនេះ​មាន​ន័យ​ថា «ងាក​ភ្លេត​ទៅ​លិច ងាក​ភ្លេត​ទៅ​កើត» ។ លោក​ចង់​បញ្ជាក់​ប្រាប់​ថា កិច្ចការ​សព្វ​សារពើ​មុន​នឹង​ធ្វើ​ត្រូវ​ចេះ​គិត​ពិចារណា​ឲ្យ​គ្រប់​ ជ្រុងជ្រោយ​ជា​មុន​សិន កុំ​ចេះ​តែ​ខ្វើក​ទៅ​តាម​គេ​ញាក់ គេ​បបួល​ម្ដង​ទៅ​ឆ្វេង ម្ដង​ទៅ​ស្ដាំ​ឲ្យ​សោះ ។

កុំ​ខ្វល់​តាម​ស្រី

ពាក្យ​ថា «ស្រី» ក្នុង​ទី​នេះ​លោក​ ពោល​យក​ស្ត្រី​ដែល​វប្បធម៌​នៅ​មាន​កម្រិត ព្រោះ​ស្ត្រី​ប្រភេទ​នេះ​ច្រើន​ចិត្ត​ស្រាល​គិត​ខ្លី ។ បើ​គេ​ឈ្លោះ​នឹង​អ្នកណា ឬ​ខឹង​នឹង​អ្នក​ណា សឹង​តែ​ស្ទុះ​ទៅ​ប្រហារ​គេ​តាម​កម្លាំង​បាយ ឬ​តាម​កម្លាំង​អំណាច​បុណ្យ​សក្តិ​ប្ដី ។ សម​ដូច​ពាក្យ​លោក​ថា ប្ដី​សក្ដិ​បួន​ប្រពន្ធ​សក្ដិ​ប្រាំ ឬ​ច្រើន​ជាង​នេះ​ទៀត ។

ដូចនេះ អ្នក​ប្រុស​ជា​ប្ដី​ត្រូវ​ចេះ​គិត​ពិចារណា​ឲ្យ​ម៉ដ្ឋចត់​ល្អិតល្អន់​មែនទែន កុំ​ចេះ​តែ​ខ្វល់ខ្វាយ​ខឹង​ច្រឡោត​តោតតូង​ទាំង​កំរោល​ទៅ​តាម​ប្រពន្ធ​ញាក់​ ឲ្យ​សោះ ។

ពាក្យ​ចាស់​លោក​ថា បើ​ស្រីៗ​ឈ្លោះ​គ្នា​ខ្លាំង​ណាស់​ត្រឹម​រហែក​អាវ និង​ដាច់​សាច់​មុខ​ប៉ុណ្ណោះ ។ ប៉ុន្តែ​បើ​ប្រុសៗ​ឈ្លោះ​គ្នា​វិញ គឺ​មាន​ស្លាប់​មាន​រស់ យ៉ាងហោច​ណាស់​ក៏​ត្រូវ​មាន​ចូល​មន្ទីរពេទ្យ​មិន​ខាន ។

ពាក្យ​ខាងលើ​នេះ ព្រះរាជ​សម្ភារ​លោក​សង្កត់​ធ្ងន់​ទៅ​លើ​អ្នក​ជា​ប្ដី​ថា កុំ​ឲ្យ​ខ្វល់​តាម​ប្រពន្ធ​ពេក ៕

សុភាសិតបន្ទាប់ទី VI :

ក្ដៅ​ស៊ី​រាក់ ត្រជាក់​ស៊ី​ជ្រៅ

និយមន័យៈ ទង្វើ​ដោយ​ភ្លើង​កំហឹង​បាន​ផល​តិច​ជាង​ទង្វើ​ដោយ​អារម្មណ៍​ស្ងប់ ។

 

អត្ថាធិប្បាយ

អត្ថានុរូប

ក្ដៅ​ស៊ី​រាក់ៈ ម្ហូប​អាហារ​ដែល​នៅ​ក្ដៅ គេ​ហូប​បាន​តិចៗ សើៗ លើ​មាត់​ចាន គេ​មិន​អាច​លូក​ជ្រៅ​បាន​ទេ ព្រោះ​វា​នាំ​ឲ្យ​រលាក​មាត់ ។

ត្រជាក់​ស៊ី​ជ្រៅៈ ម្ហូប​អាហារ​ដែល​ត្រជាក់​ គេ​ហូប​បាន​ច្រើនៗ គេ​អាច​ចូក​លូក​ជ្រៅ​បន្តិច​ក៏​បាន ព្រោះ​វា​ត្រជាក់ មិន​នាំ​ឲ្យ​រលាក​មាត់​ទេ ។

អត្ថប្បដិរូប

មនុស្ស​ដែល​មាន​អារម្មណ៍​ឆាប់​មួរម៉ៅ​ក្ដៅ​ក្រហាយ គេ​ហៅ​មនុស្ស​ចិត្ត​ស្រាល ។ មនុស្ស​នេះ​ បើ​ធ្វើ​ការ​អ្វី​ឲ្យ​តែ​ទាស់​ចិត្ត​បន្តិច គេ​ច្រលោត​តោតតូង បោក​ប្រាស់​ខូច​ខ្ទេច​ខ្ទីរ​អស់ ។

បើ​គេ​និយាយ​ស្ដី​ទៅ​នឹង​អ្នកណា​ម្នាក់ ហើយ​គេ​ធ្វើ​ឲ្យ​ថ្នាំង​ថ្នាក់​ចិត្ត​តែ​បន្តិច​ គេ​មាន​ប្រតិកម្ម​តប​ត បង្ក​ហេតុ​បណ្ដាល​ឲ្យ​មាន​រឿង​ឈ្លោះ​ប្រែក​គ្នា​ភ្លាម ព្រោះ​គេ​មិន​សូវ​ចេះ​អត់ធ្មត់ សង្កត់​ចិត្ត​ទេ បើ​មាន​ការ​ត្រូវ​ទៅ​និយាយ​ពឹង​ពាក់​គេៗ​មិន​សូវ​ជួយ​យក​អាសារ​ទេ ។

រីឯ​មនុស្ស​ដែល​មាន​អធ្យាស្រ័យ​ត្រជាក់ គេ​ហៅ​មនុស្ស​ចិត្ត​ធ្ងន់ ។ មនុស្ស​នេះ បើ​ធ្វើ​ការ​អ្វី ទោះ​បី​មាន​ខូចខាត​បន្តិច​បន្តួច គេ​ចេះ​អត់ធ្មត់ រួច​ធ្វើ​ត​ទៅ​ទោត​ទាល់​តែ​បាន​សម្រេច​ផល ។

មនុស្ស​ចិត្ត​ត្រជាក់ បើ​ទៅ​និយាយ​កិច្ចការ​អ្វី​នឹង​អ្នក​តូច អ្នក​ធំ ច្រើន​បាន​សម្រេច​ផល ព្រោះ​គេ​ចេះ​ប្រើ​សម្ដី​ទន់​ភ្លន់ សុភាព​រាបសារ​គួរ​ឲ្យ​អាណិត ។

ម្យ៉ាងទៀត បើ​អ្នក​ធំ ឬ​ចៅហ្វាយ​នាយ​ស្ដី​បន្ទោស​ឲ្យ​គេៗ​ចេះ​បន្ទន់​ឥរិយាបថ អង្វរ​ក​ទាល់​តែ​គេ​ទន់​ចិត្ត​អាណិត​អាសូរ យក​ទោស​លែង​កើត ៕

សុភាសិតបន្ទាប់ទី VII :

កុំ​ពត់​ស្រឡៅ​កុំ​ប្រដៅ​ស្រី​មានះ

និយមន័យៈ ភាព​រឹងត្អឹង​របស់​ស្រី​មានះ ។

អត្ថាធិប្បាយ

កុំ​ពត់​ស្រឡៅ

ស្រឡៅ​ជា​ដើម​ឈើ​ធំ​ខ្ពស់​ដូច​គគីរ ​ដែរ ប៉ុន្តែ​មិន​មូល​ស្រលន​ទេ ព្រោះ​វា​មាន​ពួរ​កំពីក​កំពក សណ្ដូក​តាម​ដើម ។ គេ​តែង​យក​ពួរ​នេះ​មក​ធ្វើ​ដង​ចប កាំបិត ពូថៅ ។ល។ ព្រោះ​វា​មាន​ភាព​រឹង​ល្អ ។ ប៉ុន្តែ​វា​មាន​លក្ខណៈ​ពិសេស​មួយ គឺ​បើ​វា​វៀច ឬ​កោង​បែប​ណា​ហើយ គេ​មិន​អាច​ពត់ ឬ​តម្រង់​វា​បាន​ទេ ។ បើ​គេ​រោល​ភ្លើង​ពត់​វា វា​អាច​ទៅ​តាម​ដៃ​បាន ប៉ុន្តែ​ដល់​ពេល​លែង​ដៃ វា​នឹង​ទៅ​រក​កន្លែង​ដើម​វិញ​ដដែល ។

កុំ​ប្រដៅ​ស្រី​មានះ

ជាទូទៅ​នៅ​ក្នុង​សង្គម​ខ្មែរ​យើង ស្ត្រី​ ភេទ​តែង​មាន​ចរិត​ទន់ភ្លន់ ចរិយា​ស្លូតបូត អាច​សម្រប​សម្រួល​ទៅ​តាម​បរិយាកាស​បាន​ស្រួល សូម្បី​សម្លៀក​បំពាក់ ប្រពៃណី ទំនៀមទម្លាប់ ជំនឿ សាសនា​ក៏​អាច​ផ្លាស់​ប្ដូរ​ទៅ​តាម​ប្ដី​បាន​ដែរ ។

ប៉ុន្តែ​ចំពោះ​ស្រី​មានះ​វិញ រមែង​មាន​អស្មិ​រឹងត្អឹង​ដូច​ដែក​ថែប ។ បើ​មាន​ប្ដី​ក៏​ពុំ​រណប ឬ​ចុះ​ញ៉ម​ដែរ គឺ​គេ​សុខ​ចិត្ត​លែង​លះ​គ្នា​ដ៏​បាន​ដែរ ដែល​ថា​ឲ្យ​ឱន​លំទោន​ចុះ​ចាញ់​អ្នកឯង​ប្រាកដ​ជា​អត់​សោះ​តែ​ម្ដង ។

ហេតុ​នេះ​ហើយ​បាន​ជា​លោក​ពោល​ថា កុំ​ពត់​ស្រឡៅ កុំ​ប្រដៅ​ស្រី​មានះ ៕

ប្រភព: Chuck Khmer

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង