ស៊យធំទាំងព្រឹក ចាញ់បោកគេអស់មាសជាងមួយតម្លឹង


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ ស្រ្តីចំណាស់ម្នាក់មានវ័យចំណាស់ទៅហើយ ទោះជាព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ ជុំវិញល្បិចជនឆបោកទម្លាក់យោងដែលកើតមានឡើង តាំងពីសម័យទស្សវត្សឆ្នាំ៨០ តែនៅមានប្រសិទ្ធិភាពរហូតមកដល់សម័យកាលនេះ ខណៈជនមួយចំនួននៅមានភាពឆោតល្ងង់ តួរយ៉ាងដូចស្រ្តីវ័យចំណាស់ម្នាក់ ហេតុតែចិត្តលោភលន់លង់ខ្លួន ចាញ់បោកក្រុមទម្លាក់ឆ័ត្រយោង អស់មាសជាងមួយតម្លឹង និងលុយកាក់មួយចំនួន បានមកវិញនូវគ្រាប់កង់មួយកូនថង់ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណតរថយន្តក្រុង ផ្លូវសហព័ន្ធរុស្សី ត្រង់ចំណុចភ្លើងស្តុប ច្រកចូលព្រលានយន្តហោះថ្មី ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

ស្រ្តីរងគ្រោះ ឈ្មោះ សូត្រ វណ្ណា អាយុ៤៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលភូមិព្រៃជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ជាមួយកូនស្រី មានស្រុកកំណើតភូមិបារាយណ៍ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ ។ ចំណែកសម្ភារៈបាត់បង់ស្រ្តីរងគ្រោះអះអាងថាមាន ខ្សែក ខ្សែដៃ ចិញ្ចៀន ក្រវិល លុយ សរុប១,៥តម្លឹងមាស តែសំណាងល្អបានមកវិញ គ្រាប់កង់មួយកូនថង់ កាន់យកទៅប្តឹងប៉ូលីស ។

តាមការរៀបរាប់ ស្រ្តីរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ ខណៈដែលទៅផ្សារជម្ពូវ័ន្ត ដើម្បីរកទិញម្ហូប ត្រូវបានស្រ្តីសង្ស័យម្នាក់ ដើរមកហើយសួរ មានឃើញ រើសបាន កញ្ចប់មាសមួយកូនថង់អត់ មុននឹងមានគេជ្រុះ សួរហើយ មិនទាន់ទាំងឆ្លើយផង ក៏មានស្រ្តីម្នាក់ទៀត ដើរមក ប្រាប់ថា កុំមាត់ឮពេក គេរើសបាន រង់ចាំចែកគ្នា ថាហើយសារសងគ្នាបណ្តើរ លាតថង់ឲ្យមើល ក្នុងថង់សុទ្ធតែគ្រឿងអលង្ការក្រហមច្រាល ហើយបបួលនាំគ្នា ឡើងជិះម៉ូតូចំនួន២គ្រឿង ចេញពីផ្សារជម្ពូវ័ន ធ្វើដំណើរតាមផ្លូវសហព័ន្ធរុស្សី មកដល់ចំណុច ចំណតរថយន្តក្រុង ត្រង់ស្តុបមុខច្រកចូលព្រលានថ្មី ភូមិក្បាលដំរី សង្កាត់កាកាប ឈប់ម៉ូតូ ស្រាយលាមាត់ថង់ឲ្យមើលម្តងទៀត ឃើញសុទ្ធតែគ្រឿងអលង្ការ រូតកាបូប ដាក់កញ្ចប់ថង់ពណ៌ក្រហមមួយខាងក្នុងឲ្យមកកាន់ជាប់នឹងដៃ ដោយប្រាប់ថាទុកដូរចែកគ្នា ហើយទាមទារសុំដោះយកគ្រឿងអលង្ការពីខ្លួន ស្រ្តីរងគ្រោះ អស់ពីខ្លួន ប្រាប់ថារក្សាទុកសិន ហើយស្រ្តីសង្ស័យ២នាក់ ឡើងជិះម៉ូតូជាមួយបុរសម្នាក់ ចាកចេញទៅ ដោយប្រាប់ថា ទៅរកមើលកន្លែង អ្នកលក់មាស នៅផ្សារសុិនជូរី មានគេបើកហើយឬនៅ ទុកឲ្យស្រ្តីរងគ្រោះ នៅជាមួយ បុរសម្នាក់ ជាអ្នកបើកបរម៉ូតូមួយគ្រឿង អស់រយៈពេលមួយសន្ធុះក្រោយមក បុរសសង្ស័យជាអ្នកបើកបរម៉ូតូមួយគ្រឿងនោះ បបួលឲ្យឡើងជិះម៉ូតូ ប្រាប់ថា ទៅតាមស្រ្តី២នាក់មុន គ្រាន់តែឡើងជិះ មិនបាន១០ម៉ែត្រ ប្រាប់ថា ម៉ូតូ បែកកង់ ឲ្យចុះដើរសិន ហើយគេជិះម្នាក់ឯងទៅរកកន្លែងស៊ប់កង់ គ្រាន់តែជិះចាកចេញទៅបាត់ បាត់រហូតគ្មានពេលវិលវិញ ពេលនោះហើយ ទើបភ្ញាក់ ដឹងខ្លួនដូចខ្មោច៧ថ្ងៃ ថាចាញ់បោកជនសង្ស័យ៤នាក់នោះហើយ ទើបលាតមើលក្នុងថង់ ឃើញសុទ្ធគ្រាប់កង់ បានត្រឹមកាន់យកទៅប្តឹងប៉ូលីសប៉ុស្តិ៍កាកាប ដើម្បីឲ្យជួយស្រាវជ្រាវមុខសញ្ញាទម្លាក់យោងខាងលើ ៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង