ល្បែងស្ដេចចង់ ឬល្បែងអៀវ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ល្បែងស្ដេចចង់ ជាល្បែងមួយយ៉ាងដែលពួកកុមារាកុមារី ជំទង់ៗ គ្រប់ភូមិ-ស្រុក ទូទាំងកម្ពុជារដ្ឋ តែងលេងនៅពេលទំនេរក្នុងវេលាយប់ខែភ្លឺ។ អ្នកលេងមានប្រុសមានស្រីច្រើននាក់មិនកំណត់។ ពេលលេងគេចែកគ្នាជា២ពួក ប្រុស១ពួក ស្រី១ពួក។ ក្នុងបណ្ដាអ្នកទាំង២ពួកនោះ គេតាំងប្រុសឬ ស្រីម្នាក់ឲ្យធ្វើស្ដេច ឲ្យអង្គុយនៅទីមួយ១៥០ចំកណ្ដាលទី លើកៅអីឬ លើវត្ថុអ្វីមួយ មានត្បាល់ជាដើម។

សកម្មភាពរបស់អ្នកលេង ដូចរូបភាពនេះ ៖

កាលអ្នកធ្វើស្ដេចអង្គុយលើទីដីសមគួរមួយហើយ ខាងស្រីគេ ឲ្យស្រីម្នាក់ដើរចូលទៅខ្សឹបនឹងស្ដេចថា ខ្លួនស្រឡាញ់ឈ្មោះណាមួយឧបមាថា ឈ្មោះ ក ឬ ខ ខ្សឹបហើយគេថយមកអង្គុយ ឬ ក៏មកឈរនៅកន្លែងដើមវិញ។ ខាងប្រុសគេឲ្យប្រុសម្នាក់ដើរចូលទៅរកស្ដេចដែរ ប្រសិនជាមិនចំ ឈ្មោះដែលគេខ្សឹបទុកជាមុនទេក៏ហីទៅ តែបើប្រុសដែល មកនោះចំលើ ឈ្មោះដែលស្រីគេបានខ្សឹបនោះមែន ស្ដេចស្រែកថា «អៀវៗ» ហើយ ឲ្យស្រីនោះជិះប្រុសនោះតម្រង់ទៅរកកន្លែងគេ កំពុងជិះ គេស្រែកថា «អៀវៗ» ហើយគេបញ្ជិះទៅចុះនៅកន្លែងខាងស្រី។ រួចហើយខាង ប្រុសគេឲ្យប្រុស ខាងគេម្នាក់ចូលទៅខ្សឹបម្ដង បើប្រុសនោះចូលទៅ ខ្សឹបថា «ខ្ញុំស្រឡាញ់នាងណាមួយ ឧបមាថាឈ្មោះ « ខ » ខ្សឹបហើយគេ ថយទៅវិញ បើស្រីម្នាក់ ឈ្មោះ «ខ» ចូលទៅមែន ស្ដេចស្រែកថា «អៀវៗ» ហើយឲ្យប្រុសនោះជិះស្រីនោះ ស្រែកថា ៖ «អៀវៗ» ដូចគ្នា។ បានសេចក្ដីថា បើខាងណាចូលទៅខ្សឹបថា ខ្លួនស្រឡាញ់ឈ្មោះ «ក»ហើយបែរជាឈ្មោះ «ខ» ចូលមករកស្ដេចវិញនោះស្ដេចមិន ឲ្យអ្នកខ្សឹបជិះ ឬ អៀវគេទេ អ្នកខ្សឹបនោះត្រូវថយទៅវិញ ហើយគេឲ្យម្ខាងចូលទៅខ្សឹបជាថ្មីទៀត។ ចេះតែផ្លាស់គ្នាតាមរបៀបនេះរហូតដល់ពេលយប់។

អ្នកដែលធ្វើស្ដេចត្រូវមើលការខុសត្រូវក្នុងរឿងនេះ ដោយ សច្ចៈ និងយុត្តិធម៌។

ល្បែងនេះស្រេចលើអ្នកធ្វើស្ដេច បើអ្នកធ្វើស្ដេចប្រកបដោយអគតិ ចង់ឲ្យអ្នកណាជិះអ្នកណា ក្រៅពីឈ្មោះដែលគេខ្សឹបក៏បាន។ គឺថា បើម្នាក់ចូលទៅខ្សឹបថាស្រឡាញ់ឈ្មោះ «ក» ហើយទោះបីឈ្មោះ «ខ» ចូលមក ស្ដេចស្រែកថា «អៀវៗ» ទៅក៏ចេះតែបាន ព្រោះអ្នកចូលទៅក្រោយ មិនបានឮអ្នកមុនគេខ្សឹបថា ស្រឡាញ់ឈ្មោះណាៗទេ។ តែបើមានរបៀបលេងលំអៀងបែបនេះ អ្នកលេងណាដែលចាប់ថ្នាក់បាន តវ៉ាឡើងអាចសុំគេឲ្យប្ដូរអ្នកធ្វើស្ដេចបាន ប្រសិនបើអ្នកធ្វើស្ដេចប្រកប ដោយសច្ចៈ និងយុត្តិធម៌​ នោះការលេងនេះទៀងទាត់ណាស់។

ល្បែងនេះជាល្បែងកំសាន្តក៏មែន តែជាល្បែងហាត់ចិត្តមនុស្ស ឲ្យប្រកបដោយសច្ចៈនិងយុត្តិធម៌ មិនឲ្យប្រកបដោយអគតិ (សេចក្ដីលំអៀង) ៤យ៉ាងគឺ ឆន្ទាគតិ លំអៀងព្រោះស្រឡាញ់, ទោសាគតិ លំអៀងព្រោះខឹង, ភយាគតិ លំអៀងព្រោះខ្លាច, មោហាគតិ លំអៀង ព្រោះភ័ន្តច្រឡំ។​ ម្យ៉ាងទៀត ជាការបង្ហាត់ឲ្យមនុស្សចេះ ជ្រើសតាំងគ្នាឲ្យធ្វើការជាតំណាងភ្នែកច្រមុះខ្លួនឯង គឺត្រូវចេះជ្រើសរក នរណាដែលគេយល់ថា ជាមនុស្សត្រឹមត្រូវបរិសុទ្ធ ធ្វើការបានល្អតាម គន្លងធម៌ពិតៗ។

 

 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង