ល្បែងប្រជាប្រិយខ្មែរ ៖ ល្បែងឈូង


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ល្បែងឈូង ជាល្បែងម្យ៉ាង របស់មនុស្សកម្លោះក្រមុំ ឬមនុស្សចំណាស់ៗ ប្រុស-ស្រី ទូទាំងកម្ពុជរដ្ឋ គេតែងលេងនៅវេលាយប់ខែភ្លឺ ក្នុងរដូវចូលឆ្នាំថ្មី (ខែចែត្រ-ពិសាខ) ។ គេចែកគ្នាជា២ពួកប្រុស១ពួក ស្រី១ពួក។ ក្នុង១ពួកៗ មានគ្នាចំនួនពី ១០នាក់ឬ ២០នាក់ឡើងទៅ ឈរត្រៀមជា ២ជួរ ទល់មុខគ្នា ឃ្លាតពីគ្នាប្រមាណជា ៨ឬ ១០ម៉ែត្រ។ គេយកក្រមា ឬកន្សែងមកឆ្មូលឲ្យមូលចងរឹតឲ្យតឹងណែនល្អ ទុកឲ្យមានកន្ទុយបន្តិចហៅថា «​ ឈូង » សម្រាប់កាន់បោះឬចោលទៅមករកគ្នា។

សកម្មភាពរបស់អ្នកលែង មានដូចរូបភាពនេះ

​ឈូងមាន២បែប៖

 

~ ឈូងច្រៀងរាំ  មុនដំបូង ពួកខាងប្រុសបោះឈូងទៅឲ្យពួកខាងស្រី ពួកខាងស្រីប្រុងចាប់កុំឲ្យធ្លាក់ដល់ដី បើធ្លាក់ដល់ដី គេចាត់ជាស្អុយ ហើយគេផ្ដើមបោះទៅឲ្យខាងប្រុសវិញ ពួកខាងប្រុសប្រុងចាប់កុំឲ្យធ្លាក់ដល់ដី។ កាលចាប់បានហើយ ចោលសំដៅទៅពួក​ខាងស្រីគឺសំដៅនាងណាដែលខ្លួនស្ម័គ្រ បើចោលខុសគេចាត់ជាស្អុយរួចគេផ្ដើមបោះជាថ្មីទៀត បើចោលត្រូវស្រីណាហើយ ស្រីនោះច្រៀងរាំយកឈូងទៅជូនខាងប្រុស ហៅថាច្រៀងរាំជូនឈូង។ របៀបច្រៀងរាំនោះ ម្នាក់កាន់ឈូងនាំមុខ ម្នាក់ដៃទទេរាំតាមក្រោយ ហើយច្រៀងជាទំនុកថា « ប្អូនចាប់ឈូងបាន ឈូងបែកជាបួន ព្រលឹង ប្រុសស្ងួន ទទួលឈូងទៅ »។ ពួកស្រីៗក្រៅពីនោះគ្រប់គ្នាទទួលថា « ឱណាកែវ កែវពិអា ឱណាកែវអឺយ អឺអឺងអឺយ ! » រួចហើយហុចឈូងនោះទៅឲ្យប្រុសៗ ទទួលយក ហើយក៏ចាប់ផ្ដើមបោះឈូង នោះទៅឲ្យពួកខាងស្រីចាប់វិញ។

 

បើពួកស្រីចាប់ឈូងបានក៏ចោលសំដៅទៅពួកប្រុស បើចោលត្រូវប្រុសណា ប្រុសនោះត្រូវរាំនាំឈូងទៅជូនស្រី ដោយច្រៀងជាទំនុកថា « បងចាប់ឈូងបាន បងបីត្រកង ព្រលឹងមាសបង ទទួលឈូងទៅ »។ ពួកប្រុសៗគ្រប់គ្នាទទួលបន្ទរថា « ឱណាកែវ កែវពិអា ឱណាកែវអឺយ អឺអឺងអឺយ ! » ហើយក៏ហុចឈូងនោះទៅឲ្យពួកស្រីៗទទួលយក ទើបផ្ដើមបោះតទៅទៀត។

២~ ឈូងលោះខ្ញុំ ដើមដំបូង ខាងប្រុសគេផ្ដើមច្រៀង ១ទំនុកជាមុន។ ឯទំនុកច្រៀងឈូងមានច្រើនបែប ប្លែកៗ ទៅតាមប្រាថ្នារបស់អ្នកនាំច្រៀងនិងតាមស្រុក។​ ទីនេះស្រង់យកតែ ទំនុកធម្មតា ដែលអ្នកលេងឈូងគ្រប់ស្រុកគេតែងច្រៀងគ្រប់គ្នាថាៈ « បងបោះឈូងទៅ អូនអើយ កំពស់ចុងដូង (ស្ទួន) ក្រមុំឈរច្រូង អូនអើយទទួលឈូងបង » ឬថា « បងបោះឈូងទៅ ឈូងបែកជាបួន ស្រីណាមានខ្លួន ទទួលឈូងបង »។ល។ ច្រៀងហើយគេស្រែកប្រាប់ថា« ឈូងអឺយឈូង ! » ហើយអ្នកផ្ដើមទំនុកក៏បោះឈូងទៅលើពួកស្រីៗ ឲ្យពួកស្រីៗចាប់។ ខាងស្រីចាប់ឈូងបាន គេចោលសំដៅទៅរកប្រុសណាដែលត្រូវចិត្ត បើចោលទៅត្រូវប្រុសណា គេទៅចាប់យកប្រុសនោះមកទុកខាងពួកគេ។ បើចោលមិនត្រូវទេ ខាងប្រុសចាប់ឈូងនោះ ចោលសំដៅមករកស្រីណាដែលគេស្ម័គ្រ បើខាងប្រុសចោលមកត្រូវ ខាងស្រីហើយ ប្រុសម្នាក់ដែលស្រីចាប់យកទៅលើកមុខនោះ ត្រូវបាន រួចខ្លួន បើប្រុសចោលមិនត្រូវស្រីវិញទេ ប្រុសម្នាក់នោះត្រូវនៅខាងស្រី ដដែល។ បើខាងណាប៉ិនប្រសប់គេចោលយកទៅខាងម្ខាងទាល់តែអស់។ កាលណាអស់គ្នាហើយគេផ្ដើមលេងសារជាថ្មី ដោយឲ្យខាងស្រីបោះឈូង ទៅឲ្យខាងប្រុសមុនវិញ។ មុននឹងស្រីៗបោះឈូងទៅឲ្យប្រុស គេស្រែកច្រៀងថា « អូនបោះឈូងទៅ បងអើយ កំពស់ចុងស្លា ប្រុសឈរត្រៀបត្រាបងអើយទទួលឈូងប្អូន » ។ល។ ច្រៀងហើយគេស្រែកថា « ឈូងអឺយឈូង ! » ហើយគេបោះឈូងទៅលើពួកប្រុសៗ។

 

ឯខាងប្រុស បើគេចាប់ឈូងខាងស្រីបានហើយ គេចោលឈូងនោះសំដៅទៅស្រីៗ កាលត្រូវលើស្រីណាម្នាក់ គេចាប់យកស្រីនោះមកទុកខាងគេ។ បើខាងណាអស់មនុស្ស៩នាក់ គេចែកគ្នាលេងសារជាថ្មី។

មនុស្សដែលគេចាប់បាននោះ ជួនកាលគេចងមុខឲ្យជិតលែងឲ្យរត់ទៅកាន់ទីផ្សេងៗ ជាការកំសាន្តសប្បាយ។

របៀបលេងបែបទី២នេះ ជួនកាលអ្នកលេង គេច្រូតកាត់មិនបាច់ច្រៀងស្រាប់តែចោលតែម្ដងក៏មាន។

ល្បែងនេះ រាប់ចូលក្នុងពួកការហាត់ភ្នែកឲ្យវៃ ហាត់ដៃឲ្យត្រង់ផង ជាការកំសាន្តសប្បាយ ដោយមានការរាំច្រៀងលាយជាមួយផង។

វីដេអូប្រភពពី៖ Youtube

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង