រដ្ឋបាលខណ្ឌឬស្សីកែវ ចុះសួរសុខទុក្ខកម្មករ កម្មការិនីរោងចក្រ តាមបន្ទប់ជួល


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ អភិបាលខណ្ឌឬស្សីកែវបានដឹកនាំមន្ត្រី ជាសមាជិក សមាជិកា មកពីគណបក្សប្រជាជនកម្ពុជា ថ្នាក់ខណ្ឌ-សង្កាត់ជាច្រើននាក់ ដើម្បីចុះសួរសុខទុក្ខ សំណេះសំណាល ពាំនាំប្រសាសន៍របស់សម្ដេចតេជោទៅប្រាប់ និងនាំយកនូវគ្រឿងឧបភោគ បរិភោគ មានជា មី ត្រីខ តែ ស្កសរ ទឹកត្រី ទឹកស៊ីវអ៊ីវ ក្នុង១កញ្ចប់ធំ មកចែកជូនប្រជាពលរដ្ឋក្រីក្រ ជាកម្មករ-កម្មការិនីរោងចក្រ តាមបន្ទប់ជួលចំនួន ២១៥គ្រួសារ នារសៀលរហូតដល់ល្ងាចថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតក្នុងក្រុម៥ ភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ។

លោក ជា ពិសី អភិបាលខណ្ឌ និងជាអនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខណ្ឌឫស្សីកែវ បានយកអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីប្រាប់ទៅកម្មករ-កម្មការិនីរោងចក្រតាមបន្ទប់ជួលជាច្រើននាក់ សូមកុំឲ្យបារម្មណ៍តទៀត ពីព្រោះចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨តទៅ ប្រាក់ខែគោលរបស់កម្មករ-កម្មការិនីទាំងអស់ និងត្រូវដំឡើងដល់ទៅជាង១៦០ដុល្លារក្នុង១ខែ និងបូករួមទាំងប្រាក់អថប្រយោជន៍ផ្សេងៗទៀតយ៉ាងច្រើន។

ជាមួយគ្នានោះដែរ លោក ជា ពិសី បានប្រាប់ទៅម្ចាស់ផ្ទះ ដែលមានបន្ទប់ជួល ដាច់ខាត សូមកុំដំឡើងថ្លៃផ្ទះ ទឹក ភ្លើង ពិសេសសម្រាប់កម្មការិនី ដែលឆ្លងទន្លេ «សម្រាលបានកូន១» និងទទួលបានថវិកា៤០ម៉ឺនរៀល «សម្រាលកូនភ្លោះ២» និងទទួលបានថវិកា៨០ម៉ឺនរៀល «តែបើសម្រាលបានកូនភ្លោះ៣» និងទទួលបានថវិកា១លាន២០ម៉ឺនរៀល ពីសម្ដេចតេជោ ហ៊ុន សែន ពីព្រោះក្មេងៗទាំងនោះ ជាកូនរបស់សម្ដេច ហើយអាចសម្រាកបានរយៈពេល៣ខែ និងទទួលបានប្រាក់ខែដល់ទៅ១២០ភាគរយ សម្រាប់ទ្រទ្រង់សុខភាពប្រចាំថ្ងៃថែមទៀត។

លោកបានថ្លែងបន្តថា គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន តែងតែខ្វល់ខ្វាយ គិតគូរ ពីសុខទុក្ខ រាល់ការខ្វះខាតរបស់ ប្រជាពលរដ្ឋងាយរងគ្រោះគ្រប់រូប ពិសេសសម្ដេចតេជោ បានប្រើអស់កម្លាំងកាយចិត្ត ក្នុងការទាក់ទាញយកវិនិយោគទុន ពីក្រៅប្រទេស ចូលមកក្នុងប្រទេស បង្កើតបានជារោងចក្រ សហគ្រាសតូច ធំ ដើម្បីឲ្យប្រជាពលរដ្ឋមានការងារធ្វើ និងមានប្រាក់ខែល្អប្រសើរ ហើយក៏មានការដំឡើងប្រាក់ខែជាបន្តបន្ទាប់ ដោយខុសគ្នា ពីគណបក្សសង្គ្រោះជាតិ ដែលចេះតែញុះញង់បោកប្រាស់ និងបានព្យាយាមប្រាប់ទៅបរទេស ឲ្យផ្ដាច់ជុំនួយពីកម្ពុជាទៅវិញ ដូច្នេះដាច់ខាត សូមប្រជាពលរដ្ឋ ជាកម្មករ កម្មការិនីទាំងអស់ កុំជឿតាមការ គណបក្សសង្គ្រោះជាតិ តទៅទៀត ពីព្រោះសព្វថ្ងៃយើងទទួលបាននូវសុខសន្តិភាពពេញបរិបូរណ៌ហើយ ទើបយើងមានការវិនិយោគ ហើយក៏មានការអភិវឌ្ឍន៍ឥតឈប់ឈរ លើគ្រប់វិស្ស័យបែបនេះបាន៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង