មិនគួរអោយជឿ!!! បុរសឥណ្ឌាផឹក និងងូតទឹកនោមគោ អះអាងថា ជួយ…..
ឥណ្ឌា៖ អ្នកដែលស្រលាញ់សម្រស់ខ្លួនឯង ប្រាកដជាធ្វើអ្វីគ្រប់យ៉ាង ដើម្បីឲ្យស្បែករបស់ពួកគេមានសភាពស្រស់ស្អាតឥតខ្ចោះ ប៉ុន្តែវិធីសាស្រ្តដ៏ចម្លែកមួយនៅក្នុងប្រទេសឥណ្ឌា ទំនងមិនមែនជាជម្រើសសម្រាប់មនុស្សគ្រប់គ្នានោះទេ។
សារព័ត៌មាន ដេលីម៉ែល បានចុះផ្សាយថា បុរសជាច្រើននៅក្នុងទីក្រុង Udaipur ភាគខាងលិចរដ្ឋ Rajasthan បានយកទឹកនោមគោមកផឹក ដើម្បីព្យាបាលមុខកើតមុន និងអះអាងថា វាអាចជួយថែរក្សាសុខភាពឱ្យបានល្អ ដូច្នេះពួកគេមិនចាំបាច់ទៅជួបពេទ្យឡើយ។
លោក Hemant Paliwal អាយុ ៣៦ ឆ្នាំ ហាក់មានភាពជឿជាក់ខ្លាំងណាស់ ទៅលើអត្ថប្រយោជន៍របស់ទឹកនោមគោ ដោយគាត់បានផឹកវាមួយកែវ ជារៀងរាល់ថ្ងៃ អស់រយៈពលជាង ៤ ឆ្នាំមកហើយ។ គាត់ក៏បានលុបមុខ និងលាងដៃជាមួយទឹកនោមគោរៀងរាល់ព្រឹក និងយប់ថែមទៀតផង។
នៅរាល់ចុងសប្តាហ៍ម្តងៗ លោក Paliwal និងមិត្តភក្តិរបស់លោកជាច្រើននាក់ទៀត ដែលសុទ្ធតែធ្វើការនៅក្រោលគោ ក៏នាំគ្នាងូតទឹកនោមផងដែរ ដោយប្រមូលយកទឹកនោមសត្វ ៣០ ក្បាលខុសគ្នាមកលាយជាមួយគ្នាតែមួយ។
លោក Paliwal បាននិយាយថា “ខ្ញុំបានកើតជំងឺសួតធ្ងន់ធ្ងរ ហើយឧស្សាហ៍កើតជំងឺផ្តាសាយ និងក្អកណាស់។ ហើយខ្ញុំថែមទាំងកើតមុនលើមុខ និងស្បែកទៀតផង ប៉ុន្តែនៅពេលខ្ញុំចាប់ផ្តើមលាបទឹកនោមគោ មុខរបស់ខ្ញុំលែងមានមុនសូម្បីតែមួយគ្រាប់ ក្នុងពេលតែ ១ សប្តាហ៍ប៉ុណ្ណោះ”។ លោកបន្តថា ចាប់តាំពីថ្ងៃនោះមក មិនដែលមានថ្ងៃណាដែលខ្ញុំមិនផឹកទឹកនោមទាំងនោះ នោះទេ។
គួរបញ្ជាក់ថា នៅក្នុងប្រទេសឥណ្ឌា គោគឺជាសត្វមួយដែលគេគោរព នៅក្នុងសាសនាហិណ្ឌូ និងរាល់សមិទ្ធផលណាមួយដែលវាបង្កើតបាន ត្រូវបានគេជឿថា មានលក្ខណៈសម្បត្តិពិសេសនៃព្រះ ដែលអាចព្យាបាលជំងឺបាន។
បច្ចុប្បន្ន នៅក្នុងប្រទេសឥណ្ឌា ទឹកនោមគោ ត្រូវបានគេច្រកដបធ្វើជាឱសថ ដាក់លក់លើទីផ្សារ ដោយមានម៉ាកជាច្រើនថែមទៀតផង ហើយម៉ាកពេញនិយមជាងគេគឺ Patanjali ដែលគេស្គាល់ថា ជាម៉ាកផលិតផលឱសថរុក្ខជាតិ។ វាត្រូវបានគេដាក់លក់ក្នុងដបចំណុះ ១០០ មីល្លីលីត្រ ក្នុងមួយដបតម្លៃជិត ៥០រូពី ឬ ០,៧៤ ដុល្លារ៕
ប្រភព : Dailymail
មតិលើបញ្តាញសង្គម Facebook