ស្គាល់អត្តសញ្ញាណ បុរសខ្លាំងតាមបាញ់ឡានក្រុង ផ្អើលកាលពីយប់មិញ មិនមែនជាអង្គរក្សទេ !


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ ជនដែលបាញ់រថយន្ដក្រុង «បូព៌ាអាស៊ីដឹកអ្នកដំណើរ» ព្រោះខឹងបុករថយន្ដខ្លួនមិនឈប់ដោះស្រាយមិនមែនជាអង្គរក្សទេ និងគ្មានក្របខណ្ឌកងទ័ពទេ គឺជាជនស៊ីវិល ដែលប្រើប្រាស់អាវុធខុសច្បាប់។ ស្របពេលនេះកំពុងស្ថិតក្រោមការសួររបស់នគរបាលនៃស្នងការដ្ឋានរាជធានីភ្នំពេញ និងត្រៀមបញ្ជូនទៅតុលាការដើម្បីចាត់វិធានការបន្ដ។

បើតាមលោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់សារព័ត៌មាន នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នេះថា ជនដែលបាញ់ទៅលើរថយន្ដក្រុង ដោយសារបង្កគ្រោះថ្នាក់ចរាចរណ៍នៅយប់មិញនេះ នៅព្រឹកនេះកំពុងស្ថិតក្រោមការសួរនាំរបស់កម្លាំងនគរបាលជំនាញ ដើម្បីបញ្ជូនបន្ដទៅតុលាការ។

ក្រោយហេតុការណ៍ភ្លាមយើងទទួលព័ត៌មានបឋមពីសមត្ថកិច្ចថា ជនបង្កឈ្មោះ អេង កុសល អាយុ៣៧ឆ្នាំ មុខរបរអង្គរក្សនៅបន្ទាយវីរៈ៤៩៩ ជាទាហាន ។ ប៉ុន្ដែនៅព្រឹកនេះ លោក ជួន សុវណ្ណ បានបញ្ជាក់ថា ក្រោយការសួរនាំជននេះ ជាជនស៊ីវិលមិនមែនជាអង្គរក្សទេ និងគ្មានក្របខណ្ឌកងទ័ពទេ គឺជាជនស៊ីវិល ដែលប្រើប្រាស់អាវុធខុសច្បាប់។ ត្រូវបញ្ជូនទៅតុលាការ ក្នុងបទល្មើសប្រើប្រាស់អាវុធខុសច្បាប់ ផ្ទុះអាវុធអនាធិបតេយ្យ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ។

សូមជម្រាបថា មានករណីផ្ទុះអាវុធប្រមាណជិត១០គ្រាប់ នៅវេលាម៉ោងប្រមាណជិត៩យប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧នេះ នៅតាមបណ្ដាយផ្លូវ៥៩៨ មុខដីឧកញ៉ា លី ហួរ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ បណ្ដាលមកពីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដក្រុង និងរថយន្ដព្រូស។ បន្ទាប់ពីកើតហេតុជនបង្កត្រូវបានកម្លាំង សមត្ថកិច្ចចាប់បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ចំពោះជនដែលបានបាញ់ប្រហារ ទៅលើរថយន្ដក្រុងនោះ ប្រាប់ក្រុមអ្នកសារព័ត៌មានថា នៅពេលកើតហេតុរថយន្ដក្រុងរបស់ក្រុមហ៊ុន «បូព៌ាអាស៊ីដឹកអ្នកដំណើរ» បានបុករថយន្ដរបស់ខ្លួនហើយ មិនឈប់នោះទេ ទើបខ្លួនដេញតាមពីក្រោយហើយដកកាំភ្លើងបាញ់តែម្ដង ហើយបើគាត់ឈប់ដោះស្រាយមិនអីទេ តែគាត់ឈ្លើយ ពេកបុកហើយបើករត់ បើកយ៉ាងលឿនទៀតផង ចុះបើទៅបុកគេផ្សេងច្បាស់ជាគ្រោះថ្នាក់យ៉ាងខ្លាំងហើយ។

ដោយឡែកយោងតាមប្រភពព័ត៌មាន នៅមុនពេលកើតហេតុ មានរថយន្ដក្រុងមួយ បានបើកទៅគៀររថយន្ដព្រូស ក្រោយមករថយន្ដក្រុងនោះមិនបានឈប់ដោះស្រាយទេ គឺបន្ដដំណើរទៅមុខទៀត ទើបធ្វើឲ្យម្ចាស់រថយន្ដព្រូស ខឹងទាញកាំភ្លើងបាញ់ប្រហារពីក្រោយតែម្ដង ប៉ុន្ដែក្នុងករណីនេះ មិនមានអ្នកណាម្នាក់រងរបួសនោះទេ។ នៅកន្លែងកើតហេតុសមត្ថកិច្ច បានដកហូតអាវុធខ្លីទំនើប របស់ជនដែលបាញ់យកមករក្សាទុកបណ្ដោះអាសន្នសិនផងដែរ៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង