ឈ្លោះគ្នាជាមួយ​ប្រពន្ធ​ ប្តឹង ម្តាយ-ឪពុកក្មេកដាក់គុករឿងជំពាក់លុយអត់សង (Video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ បុរសម្នាក់​ក្រោយពីកើតជម្លោះសម្តីជាមួយប្រពន្ធខ្លួនរួចមក បែរ​ជា​មាន​គំនិតខឹង ទៅ​ប្តឹងម្តាយ​-ឪពុក​ក្មេក រឿងជំពាក់លុយ​មិនសងលុយទៅតាម​ការ​កំណត់ ទើបមន្រ្តីប៉ូលីស​​ប៉ុស្តិ៍​ចោមចៅកោះហៅ​មកកាន់​ស្នាក់​ការងារ​ ដែល​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ទាំង​ព្រឹក​​ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ​ដោយសារកូនប្រសារប្រុសរូបនេះ ទាមទារប្តឹងម្តាយ​-ឪពុក​ក្មេកដាក់គុក​។

ភាគីខាងម្តាយ​ក្មេកឈ្មោះ ចឹក ឃីន អាយុ៥១ឆ្នាំ មុខរបរកសិករ ឪពុកក្មេក​ឈ្មោះ ស សឿន អាយុ៥៣ឆ្នាំ មុខរបរ​កសិករ មានទីលំនៅ ភូមិខ្ពបស្វាយ ឃុំត្រពាំងក្រញ៉ូង ស្រុកត្រាំកក់ ខេត្តតាកែវ។ ចំណែក​ភាគី​ខាងកូនប្រសារ ឈ្មោះ វ៉ៃ សីហា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ​កសិករ អតីតពលករមកពីប្រទេសកូរ៉េ មានទីលំនៅ ភូមិខ្នាចខាងត្បូង ឃុំបឹងត្រាញ់ ស្រុកសំរោង ខេត្តតាកែវ​។ រីឯប្រពន្ធឈ្មោះ ស ចាន់នី អាយុ២១ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅផ្ទះជួល ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតភូមិ ខ្ពបស្វាយ ឃុំត្រពាំងក្រញ៉ូង ស្រុកត្រាំកក់ ខេត្តតាកែវ។

បើ​តាម​សម្តី​បុរសជាកូនប្រសារ ម្តាយ​-ឪពុក​ក្មេកបានជំពាក់​លុយ​២០០០ដុល្លារ ទៅជាមានកិច្ចសន្យាព្រមព្រៀងសងហើយ តែមិនបានតាមកំណត់ ម្តងថាថ្ងៃនេះម្តងថាថ្ងៃនោះ អូស​បន្លាយពេលវេលាជាង១ឆ្នាំ គ្មានបាន១រៀល ក្រោយពីផ្ទុះជម្លោះជាមួយប្រពន្ធខ្លួនខឹងពេក ខ្លួន​ក៏​ប្តឹងម្តាយ​-ឪពុក​ក្មេក​ទាមទាររកសំណងភ្លាម និងគម្រាមប្តឹងម្តាយ​-ឪពុក​ក្មេកដាក់គុក​។​ តាមសម្តី ម្តាយ​-ឪពុក​ក្មេកវិញបានឲ្យដឹងថា ពួកគាត់ពិតជាជំពាក់​លុយកូនប្រសាេប្រុសពិតមែនចំនួន២០០០ដុល្លារ តាំងពីមុនរៀបការកូនម្ល៉េះ តែពុំទាន់មានលុយសង​រហូតដល់កូនៗ ឈ្លោះ​ទាស់សម្តីគ្នា បែរ​ជាមករំលឹកលុយជំពាក់​ប្តឹង ម្តាយ​-ឪពុក​ក្មេកគម្រាមដាក់គុក​។

តែបើតាម ស្រ្តីឈ្មោះ ស ចាន់ វិញបានឲ្យដឹងថា ខ្លួនបានរៀបការជាមួយបុរសខាងលើជាង១ឆ្នាំហើយ តែពុំមានកូន​ដោយ​ដាក់ការសង្ស័យប្រដាប់ប្រើអត់កើត ទើបឈានដល់រកាំរកុសរវាងប្តីប្រពន្ធ កើតជាទំ​នាស់​ទាស់​សម្តីគ្នា ប្រពន្ធចោទប្តីថាប្រដាប់ប្រើអត់កើត រីឯប្តីវិញចោទប្រកាន់ប្រពន្ធ ថាមានសាហាយច្រើន មិនដែលបានដេកស្នាក់នៅជាមួយគ្នាជាប់លាប់ ម្តងម្តាយក្មេកឲ្យទៅធ្វើការនេះ ម្តងម៉ែក្មេកឲ្យទៅធ្វើការនោះ​ទើបអត់មានកូន​។ ភាពចម្រូងចម្រាស់ខាងលើក្លាយទៅជាទំនាស់ ឈានទៅរកចែកផ្លូវគ្នា​។ ស្រ្តីខាងលើបន្ត​ទៀត​ថា ប្តីរបស់ខ្លួន​ពេលដែលឈ្លោះគ្នាម្តងៗ ដឹងតែទៅរករឿងម៉ែឪក្មេក​ជាញឹកញាប់​។​ រឿង​ទំនាស់​ជំពាក់​លុយខាងលើ ក្រោយពីមកប៉ុស្តិ៍ប៉ូលីស ក្រោមការសម្របសម្រួល ពីមន្រ្តីនគរបាល​ជៀសវាងសម្តីហែកហួរគ្នា​ក្លាយជារឿងធំ ទីបំផុត​ភាគីម្តាយឪពុកក្មេក សម្រេចធ្វើ​កិច្ចសន្យាចេញសងក្នុង​១​ខែ​២០០​ដុល្លារ ទើបកូនប្រសាររូបនេះសុខចិត្ត ដើម្បីបញ្ចប់រឿងវិវាទគ្រួសារ​នេះ​។ អត្ថបទ​ដោយ​៖​ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង