ដូចជាយល់សប្តិម៉េចមិនដឹង! ដឹងត្រឹមតែជក់គ្រឿងញៀនរួចបន្តផឹកស្រា ហើយទៅលួចម៉ូតូគេត្រូវគេវៃបែកក្បាល


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ នាំគ្នាជក់គ្រឿងញៀន រួចផឹកស្រាបៀរបន្ថែម រហូតដល់សភាពបែកកម្មឋាន (បែកថ្នាំ) នាំគ្នាធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋតែមិនសម្រេចត្រូវប្រជាពលរដ្ឋដេញតាមចាប់ខ្លួនបានម្នាក់វាយម្នាក់មួយដៃម្នាក់មួយជើងរហូតរបួសធ្ងន់បែកក្បាល មានអារម្មណ៍ថាដូចក្នុងយល់សប្តិ ព្រោះកំពុងបែក ទើបប្រគល់ឲ្យសមត្ថកិច្ចនគរបាលខណ្ឌដង្កោ យកទៅធ្វើការសាកសួរ ចំណែកបក្ខពួកម្នាក់ទៀតគេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅត្រង់ចំណុចផ្លូវទំនប់៧មករា ក្នុងភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានឲ្យដឹងថា ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ សុន ធា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ លន់ សីហា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្នុងនោះដែរសមត្ថកិច្ចបានធ្វើការដកហូតបានម៉ូតូម៉ាកស្មាសវី ពណ៌ក្រហមលាយខ្មៅ សេរីឆ្នាំ២០០៩ ពាក់ស្លាកលេខ សៀមរាប 1M-0033 មួយគ្រឿងជារបស់ជនរងគ្រោះ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យឈ្មោះ លន់ សីហា និងបក្ខពួកឈ្មោះ រ៉ា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បាននាំគ្នាជិះម៉ូតូ១គ្រឿងម៉ាកគុបមូល ពណ៌បៃតង មិនចាំស្លាកលេខ ជិះមកដល់ចំណុចខាងមុខផ្ទះជនរងគ្រោះហើយក៏ឈប់ម៉ូតូ ពេលនោះបក្ខពួកគេម្នាក់ឈ្មោះ លន់ សីហា បានចុះពីលើម៉ូតូដើរចូលមកធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះម៉ាកស្មាស់វី ពណ៌ក្រហមលាយខ្មៅ សេរីឆ្នាំ២០០៩ ពាក់ស្លាកលេខ សៀមរាប1M-0033 ដែលបានបញ្ឈរទុកនៅខាងមុខផ្ទះដោយពុំបានដកកូនសោចេញពីម៉ូតូ ហើយជនសង្ស័យក៏បានលួចយកបញ្ឆេះជិះចេញទៅ។ ពេលនោះជនរងគ្រោះក៏បានក្រឡេកមើលឃើញក៏ស្រែកឆោឡោថាចោរៗ ហើយជិះម៉ូតូដេញតាមពីក្រោយដល់ចំណុចទំនប់ប្រឡាយជប៉ុនស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញក៏បានជួបនឹងកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលរលួស និងកម្លាំងនគរបាលខណ្ឌដង្កោ កំពុងជិះម៉ូតូល្បាតក្នុងភូមិសាស្ត្រខណ្ឌដង្កោ បានជួយ អន្ដរាគមន៍ឃាត់ខ្លួនជនសង្ស័យឈ្មោះ លន់ សីហា រួមនិងវត្ថុតាង ម៉ូតូរបស់ជនរងគ្រោះម៉ាកខាងលើ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើ បានសារភាពថា ខ្លួនបានប្រើប្រាស់ថ្នាំញៀនរយៈពេលមួយឆ្នាំមកហើយ ហើយនៅមុនពេលកើតហេតុ ខ្លួននិងបក្ខពួកបាននាំគ្នាជក់គ្រឿងញៀន រួចក៏នាំគ្នាមករកទិញបាកាស និងស្រាបៀរកម្ពុជាមួយកំប៉ុងផឹកគ្នា២នាក់ ពេលផឹករួចក៏នាំគ្នាជិះម៉ូតូមកធ្វើសកម្មភាពលួចម៉ូតូរបស់គេ តែមិនសម្រេចត្រូវជនរងគ្រោះស្រែកផ្អើលប្រជាពលរដ្ឋនិងសមត្ថកិច្ចដេញចាប់ខ្លួនបាន ព្រួតវាយរូបគេតែម្តង រហូតរងរបួសធ្ងន់បែកក្បាល ស្របពេលដែលខ្លួនទើបតែជក់គ្រឿងញៀនរួចផងនោះមានអារម្មណ៍ថា ដូចជាយល់សប្តិម៉េចមិនដឹង។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌដង្កោធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់បន្តទៀត៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង