ប្រវត្តិ​នៃ​ពិធី​បុណ្យ​អុំ​ទូក​ បណ្តែត​ប្រទីប​ និង​សំពះ​ព្រះ​ខែ​


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ទី១៖ ពិធី​បុណ្យ​អុំ​ទូក មាន​តាំង​ពី​បូរម​បុរាណ​ដ៏​យូរ​លង់​មក​ហើយ ដែល​មាន​ចែង​ក្នុង​ឯកសារ​របស់​ប្រវត្តិ​វិទូ​បរទេស ក៏ដូច​ជា​តាម​សិលា​ចារិក​នៃប្រាសាទ​អង្គរ។ ហេតុអ្វី​បាន​ជា​គេ​រៀប​ចំ​ពិធី​បុណ្យ​អុំ​ទូកឡើង?

បើនិយាយពីប្រវត្តិ​របស់​បុណ្យ​អុំ​ទូកនេះ​មាន​ការ​បក​ស្រាយ​ប្លែកៗ​គ្នា​ជា​ច្រើនរួម​មាន​៖ តាម​សៀវភៅ​ជ័យ​វរ្ម័ន​ទី៧ មាន​នៅ​ក្នុង​វិជ្ជា​ស្ថាន​ពុទ្ធ​សាសន​បណ្ឌិត្យ​យើង​ពី​ដើម​​ចែងថា​៖ នៅ​សម័យ​អង្គរ​នា​គ្រឹស្ត​សក​រាជ​សតវត្ស​ទី​១២ ក្នុង​កម្ពុជា មាន​សេចក្តី​សុខ​ក្សេម​ក្សាន្ត​រុង​រឿង​ណាស់ ដោយ​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី៧ ស្តេច​ចេញ​ធ្វើ​សង្គ្រាម​ជើង​ទឹក​បង្រ្កាប​ពួក​ចាម ដោយ​កង​ទ័ព​ទូក​ជា​ចំបាំង​រំដោះ​ក្រុង​កម្ពុជា​ឲ្យ​រួច​ស្រឡះ​ចេញ​ពី​ខ្មាំង​សត្រូវ (គ.ស. ១១៧៧-១១៨១) រឿង​ចំបាំង​គ្រា​នេះ មាន​ឆ្លាក់​នៅ​លើ​ជញ្ជាំង​ប្រាសាទ​បាយ័ន​ និង​បន្ទាយ​ឆ្មារ។ ក្នុង​ចម្លាក់​នោះ​ឃើញ​មាន​កង​ទ័ព​ទូក​យ៉ាង​ច្រើន​មហិមា ដែល​មាន​ព្រះ​ឆាយា​លក្ខណ៍​នៃ​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី៧ ប្រថាប់​ឈរ​លើ​ទីតាំង នាវា​ចំបាំង​ដោយ​ទ្រង់​ធ្នូ និង​ដំបង​យ៉ាង​ស្វា​ហាប់​ក្នុង​ចំណោម​កង​ទ័ព​ទូក​ទាំង​ឡាយ។

តាម​ឯកសារ​មួយ​ទៀត​បង្ហាញ​ថា ល្បែង​ប្រណាំង​ទូក​របស់​ក្រុម​ជំនុំ​ទំនៀម​ទំលាប់​លេខ ១៩.០០៤ និពន្ធ​ដោយ​លោក ថាច់ បែន ហៅ ប៉ាង អាចារ្យ​នៅ​ពុទ្ធ​សាសន​បណ្ឌិត្យ​រង ខេត្ត​ឃ្លាំង​កម្ពុជា​ក្រោម មាន​ចែង​ថា សម័យ​លង្វែក ព.ស ២០៧១ គ.ស ១៥២៨ ព្រះ​បាទ​អង្គចន្ទ​ទី១ ទ្រង់​តាំង​ពញា​តាត​ ងារ​ជា​ស្និទ្ធិ​ភូបាល ជា​ស្តេច​ក្រាញ់​នៅ​កម្ពុជា​ក្រោម​ស្រុក​បាសាក់។ ស្តេច​ក្រាញ់​នេះ​បាន​ចាត់​របៀប​រៀប​ចំ​ការ​ពារ​ស្រុក​មាន​ដូច​តទៅ​នេះ​៖

– ក្រុម​ទី១ ហៅទ័ព​ស្រួច ហាត់​ច្បាំង​នឹង​ទូក​ដែល​មាន​ទ្រង់​ទ្រាយ​ដូច​ទូក​ប្រណាំង​យើង​សព្វ​ថ្ងៃ។
– ក្រុម​ទី២ ហៅទ័ព​ជំនួយ ហាត់​ច្បាំង​នឹង​ទូក​ចែវ​ពីរ​ជួរ​ដែល​មាន​ទ្រង់​ទ្រាយ​ដូច​ទូក​ប្រណាំង​យើង​សព្វ​ថ្ងៃ។
– ក្រុម​ទី៣ ហៅទ័ព​បាសាក់ គឺទូក​ធំ​មាន​ដំបូល មាន​ចែវ មាន​ក្តោង​មាន​ទ្រង់​ទ្រាយ​ដូច​ជា ទូក​បាសាក់ ហៅ​ទូក​ប៉ុក​ចាយ តែរាង​ស្តួច​វែង​មាន​ដំបូល​តែមួយ​កាត់​ខាង​មុខ​ឥត​ជញ្ជាំង​។ល។ ជា​ទូក​ដាក់​ស្បៀង​អាហារ​សំរាប់​កង​ទ័ព។

របៀប​បង្ហាត់​ច្បាំង «តាម​ទំនៀម​ស្តេច​ក្រាញ់​កម្ពុជា​ក្រោម» ស្រេច​លើ​មន្ត្រី​៤ទិស «ចតុ​ស្តម្ភ» ដែល​នៅ​ក្នុង​ឱវាទ​ស្និទ្ធិ​ភូបាល​ស្តេច​ក្រាញ់​គ្រប់​ជំពូក ដែល​បញ្ញតិ​ច្បាប់​សំរាប់​ស្រុក។ល។ កំណត់​ថ្ងៃពេញ​បូរមី ខែ​កត្តិក រដូវ​អក​អំបុក​នោះ មន្ត្រី​ទាំង​៤ទិស ត្រូវ​កេណ្ឌ​ទាហាន​ទាំង​ជើង​ទឹក ជើង​គោក ទៅ​ប្រជុំ​នៅ​បន្ទាយ​ស្ដេច​ត្រាញ់​ប្រឡង​ឫទ្ធិ​គ្នា «សម​យុទ្ធ» ១ថ្ងៃ ១យប់ រាល់​ឆ្នាំ។ ចំណែក​ទាហាន​ជើង​ទឹក​ឲ្យ​ទៅ​ប្រលង​ឫទ្ធី ឯទន្លេ​ពាម​កន្ថោក ក្នុង​ខេត្ត​ឃ្លាំង ត្បិត​ទីនោះ​ជា​ទីប្រជុំ​ទឹក គ្រប់​ខេត្ត​ទៅ​មក​បាន​ស្រួល។

តាម​សៀវ​ភៅ​ និង​ឯកសារ​ជាប្រភព​ទាំង​ពីរ​ខាង​លើ​នេះ យើង​អាច​សន្និដ្ឋាន​បានថា​ ប្រទេស​កម្ពុជា​សម័យ​បុរាណ ជា​ប្រទេស​មាន​កង​ទ័ព​ជើង​ទឹក​យ៉ាង​ខ្លាំង​ពូកែ និង​មាន​ពិធី​ហ្វឹក​ហ្វឺន ពិធី​សម​យុទ្ធ​កង​ទ័ព​នេះ ជា​ប្រពៃណី​ជាប់​រៀង​រាល់​ថ្ងៃ ហើយ​អាច​សន្និដ្ឋាន​ទៀត​ថា ប្រទេស​កម្ពុជា​ធ្វើ​ពិធី​បុណ្យ​អុំ​ទូកនេះ​រៀង​រហូត​មក គឺជាប់​តំណ​មក​ពី​សម​យុទ្ធ​ក្នុង​សម័យ​បុរាណ ដែលត្រូវ​និង​ភាសា​បារាំង​ថា​ ម៉ាណឺវ្រិ៍ (Manœuvre)។

ទី២៖ ប្រវត្តិ​ព្រះ​រាជាពីធី​បណ្តែត​ប្រទីប​

ពិធី​បណ្តែត​ប្រទីប​គឺ​ជា​ពីធី​ដែល​ប្រជា​ជន​ខ្មែរយើង​ តែង​តែ​ប្រារឰ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ​ជា​មួយ​នឹង​ពិធី​បុណ្យ​អុំ​ទូក ប៉ុន្តែ​ប្រជា​ជន​មួយ​ចំនួន​មិន​បាន​ដឹង​ពី​ប្រវត្តិ និង​អត្ថន័យ​នៃ​ការ​រៀប​ចំ​ពិ​ធី​បណ្តែត​ប្រទីប​នេះ​ទេ។ តើ​មិត្ត​អ្នក​អាន​ដឹង​ដែរ​ឬទេ? បើយោង​តាម​គម្ពី​ទាថា​វង្ស ភាសា​បាលី​មាន​ចែង​ថា៖

ក) ព្រះ​ចង្កូម​កែវ​ទាំង ៤ នៃ​ព្រះ​សម្មា​សម្ពុទ្ធ​ជា​បរម​គ្រូ​ប្រតិស្ឋាន​នៅ​ទី​ទាំង ៤ គឺ
– នៅ​ត្រៃត្រឹង្ស​សួគ៌
– នៅ​ពិភពនាគ​
– នៅ​ស្រុក​គន្ធា
– នៅ​ទន្ត​បុរៈ​ក​លិង្គ​រដ្ឋ

ខ) ភាណ​វារៈ​បាលី ត្រង់​ពុទ្ធ​ន​មក្ការ​គាថា មាន​ចែង​ថា ព្រះ​បាទ​នៃ​ព្រះ​សម្មា​សម្ពុទ្ធ​ជា​បរម​គ្រូ​ប្រតិស្ឋាន​នៅ​ទី​ទាំង ៥ គឺ
– នៅ​សុវណ្ណ​មាលិក​បពត
– នៅ​សុវណ្ណ​បពត
– នៅ​សុមនកូដ​បពត
– នៅ​យោនក​បុរី
– នៅ​ស្ទឹង​នម្មទា

គ) ពាក្យ​សរសើរ​ព្រះ​បាទ​ទាំង​បាលី (យស្សបាទេ) ទាំង​សម្រាយ​ក៏​មាន​ចែង​ថា ព្រះ​បាទ​នៃ​ព្រះ​សម្មា​សម្ពុទ្ធ​បរម​គ្រូ​ប្រតិស្ឋាន​នៅ​ទី​ទាំង ៥ ដូច​ក្នុង​ភាណ​វារៈ​ដែរ​។ ដោយ​ហេតុ​មាន​គម្ពីរ​ដីកា​ជា​ប្រភពដូច្នេះ បាន​ពុទ្ធ​បរិស័ទ​ខេមរជាតិ​តែង​ធ្វើ​ពិធី​បណ្ដែត​ប្រទីប នៅ​យប់​ពេញ​បូណ៌មី ខែ​អស្សុជ​ ព្រះ​រាជា​តែង​ទ្រង់​ធ្វើ​ព្រះ​រាជ​ពិធី​បណ្ដែត​ប្រទីប​នៅ​យប់ ១៤ – ១៥ កើត​នឹង ១​រោច ខែ​កត្តិក បូជា​ចំពោះ​ព្រះ​ចង្កូម​កែវ​នៅ​ពិភពនាគ​ ព្រះ​ពុទ្ធ​បាទ​នៅ​ស្ទឹង​នម្មទា នឹង​នៅ​ទី​ឯ​ទៀត​ៗ ដូច​ពោល​ហើយ ដោយ​ជឿ​ថា​ជា​ការ​កុសល នឹង​ជា​ព្រះ​រាជ​កុសល​ដ៏​ធំ​ដែល​បាន​ផល​យ៉ាង​ប្រសើរ​ដើម្បី​សេចក្ដី​សុខ​ ចំរើន-រុង​រឿង ដល់​ខ្លួន ដល់​ព្រះ​អង្គ នឹង​ដល់​ប្រទេស​ជាតិ​។

ទី៣៖ ប្រវត្តិ​នៃ​ព្រះ​រាជ​ពិធី​សំពះ​ព្រះ​ខែ

គម្ពីរ​បរមត្ថ​ទីបនី អដ្ឋ​កថា​ចរិយា​បិដក ភាសា​បាលី​មាន​ចែង​ថា​៖
ក្នុង​ដើម​ភទ្ទកប្ប​នេះ ព្រះ​បរម​ពោធិសត្វ​នៃ​យើង ទ្រង់​ឧប្បត្តិ​ជា​ស​ស​បណ្ឌិត​(ទន្សាយ)។ នៅ​ថ្ងៃ​ពេញ​បូណ៌មី​១ ទ្រង់​អធិដ្ឋាន​ឧបោសថ​សីល​ហើយ​ទ្រង់​ឧទ្ទិស​ព្រះ​មំសៈ​ព្រះ​អង្គ​ជា​ទាន​ បរមត្ថ​បារមី ដើម្បី​បំពេញ​ព្រះ​ពោធិ​សម្ភារ​ឲ្យ​បាន​ត្រាស់​ជា​ព្រះ​ពុទ្ធ​។ ព្រះ​ឥន្ទ​ទ្រង់​ជ្រាប​ទ្រង់​ក្រឡា​ព្រះ​អង្គ​ជា​ព្រាហ្មណ៍​ចាស់ មក​សុំ​ព្រះ​មំសៈ​ស​ស​បណ្ឌិត​ជា​អាហារ​។ ព្រះ​ពោធិសត្វ​ឲ្យ​ឥន្ទ​ព្រាហ្មណ៍​បង្កាត់​ភ្លើង ដើម្បី​ដុត​ព្រះ​អង្គ​លោក​។ កាល​ឥន្ទ​ព្រាហ្មណ៍ បង្កាត់​ភ្លើង​ឆេះ​ឡើង ព្រះ​ពោធិសត្វ​លោត​ចូល​ភ្លើង​នោះ​ភ្លើង​ពុំ​ឆេះ ឥន្ទ​ព្រាហ្មណ៍​ស្ទុះ​ទៅ​ពរ​ព្រះ​ពោធិសត្វ​ឡើង​ទៅ​ដល់​មណ្ឌល​ព្រះ​ចន្ទ ហើយ​ទ្រង់​យក​ម្នាង​សិលា​គូរ​រូប​ទន្សាយ​អធិដ្ឋាន​ឲ្យ​នៅ​ជាប់​រហូត​ដល់​ទី​​បំផុត​កប្ប​។ ដោយ​អានុភាព​ទាន​បរមត្ថ​បារមី​នៃ​ព្រះ​ពោធិសត្វ​ផង សេចក្ដី​អធិដ្ឋាន​របស់​ព្រះ​ឥន្ទ​ផង រូប​ទន្សាយ​ក៏​ឃើញ​ប្រាកដ​ក្នុង​ចន្ទ​មណ្ឌល​ដរាប​ដល់​សព្វ​ថ្ងៃ​។

ដោយ​ជឿ​តាម​រឿង​នេះ​ហើយ បាន​ជា​នៅ​វេលា​យប់​នៃ​ថ្ងៃ​ពេញ​បូណ៌មី ខែ​កត្តិក រៀង​រាល់​ឆ្នាំ ខ្មែរ​យើង​តែង​យក​នំ​ចំណី​មាន​អំបុក នឹង​ចេក​ជា​ដើម​មក​បូជា​ព្រះ​ចន្ទ​ហៅ​ថា «ពិធី​អក​អំបុក ឬ​ហៅ​ថា ពិធី​សំពះ​ព្រះ​ខែ» សូម្បី​ព្រះ​រាជា​ក៏​ទ្រង់​សព្វ​ព្រះ​រាជ​ហឫទ័យ​ធ្វើ​ព្រះ​រាជ​ពិធី​នេះ​​ដែរ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​យើង​តែង​តែ​ប្រារព្ធ​ពិធី​ អក​អំបុក​ និង​សំពះ​ព្រះ​ខែ​ រួម​គ្នា​ជា​មួយ​និង​ព្រះ​រាជពិធី​អុំ​ទូកជា​រៀង​រាល់​ឆ្នាំ​ត​រៀង​មក​។

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង