ហួសចិត្ត! ដោយសារតែដណ្តើមម៉ូយគ្នា ស្រី្តលក់ខោអាវពីរនាក់វាយគ្នាបែកមុខបែកមាត់


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីស្ត្រីជាអាជីវករ លក់ខោអាវនៅក្នុងផ្សារទំនើបស្ទឹងមានជ័យថ្មីចំនួន២នាក់ បានទាស់ពាក្យសម្តីគ្នា ឈានទៅដល់ការផ្ទុះហិង្សាទាញដែកអ៊ីណុក បញ្ចេញឫទ្ធិដាក់គ្នារហូតមានអ្នករបួស ផ្អើលដល់សមត្ថកិច្ចចុះទៅធ្វើការឃាត់ខ្លួនបានម្នាក់ ចំណែកភាគីអ្នកដែលចាញ់ បានរងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះនិងព្យាបាលនៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខតូបលេខ B១-៣៤ និងB១-១៤ ក្នុងផ្សារទំនើបស្ទឹងមានជ័យថ្មី ក្នុងភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីជាជនសង្ស័យមានឈ្មោះ សុខ ផល្លា ហៅគីម អាយុ៣៥ឆ្នាំ មុខរបរលក់ខោអាវ ស្នាក់នៅផ្ទះលេខ២៤ E0 ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះមានឈ្មោះ ឆេង ស៊ីម៉ា ហៅប៉ុម អាយុ១៩ឆ្នាំ មុខរបរលក់ខោអាវ ស្នាក់នៅផ្ទះលេខ៩៤ ផ្លូវលេខ៥ បុរីចម្ការដូង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។ ក្នុងនោះដែរ សមត្ថកិច្ចធ្វើការដកហូតបាន ដែកអ៊ីណុកជ្រុង មានប្រវែង១ម៉ែត្រ៣តឹក ចំនួន១ដើម(ជារបស់ជនសង្ស័យ) និងដែកអ៊ីណុកជ្រុង ប្រវែង៨ម៉ែត្រ ជាដែកអ៊ីណុកមូលប្រវែល១ម៉ែត្រ៤តឹក និងទុយោជ័រប្រវែង១ម៉ែត្រ២តឹក (ជារបស់ជនរងគ្រោះ)។

មុនពេលកើតហេតុ ជនសង្ស័យកំពុងតែឈរនិយាយជាមួយភ្ញៀវដែលមកទិញខោអាវ ពេលនោះក៏មានកូនឈ្នួល បានឲ្យអ្នកដែលលក់ជិតតូបគ្នាក្នុងផ្សារស្ទឹងមានជ័យ ហៅភ្ញៀវឲ្យមើលខោអាវនៅតូបរបស់ខ្លួន ជាហេតុធ្វើឲ្យជនសង្ស័យខឹងក៏ស្រែកថាឲ្យកូនឈ្នួល រហូតទាស់ពាក្យសម្តីគ្នា ពេលនោះជនរងគ្រោះត្រូវជាក្មួយរបស់កូនឈ្នួលស្ត្រីសង្ស័យ កំពុងតែលក់ខោអាវនៅតូបក្បែរគ្នានោះឭ ក៏កាន់ទុយោ ពណ៌ខៀវ ដើរចេញពីក្នុងតូប រហូតទាស់ពាក្យសម្តីគ្នា ដោយជនសង្ស័យបានយកដែកអ៊ីណុកទៅវាយប្រតាយប្រតប់ជាមួយជនរងគ្រោះ តែត្រូវកូនឈ្នួលរបស់ស្ត្រីជាជនសង្ស័យ ដែលត្រូវជាមីងរបស់ជនរងគ្រោះបានឃើញក៏យកដែកមកឲ្យជនរងគ្រោះ វាយប្រតាយប្រតប់គ្នាវិញ បណ្តាលឲ្យរងរបួសត្រូវត្រង់ថ្ងាសចំហៀងខាងឆ្វេង និងរបួសដាច់រលាត់ដៃខាងឆ្វេង ចំណែកជនសង្ស័យរបួសហើមម្រាមដៃនិងកំភួនដៃខាងឆ្វេង ត្រូវបានសន្តិសុខយាមផ្សារនាំគ្នាឃាត់និងរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ ចុះមកឃាត់ខ្លួនតែម្តង។ ចំណែកជនរងគ្រោះបានទៅព្យាបាលនៅឯមន្ទីរពេទ្យ។

បច្ចុប្បន្នស្ត្រីជាជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបន្តបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់បន្តទៀត៕ អត្ថបទដោយ៖​ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង