ធ្ងន់កហើយលើកនេះ! អីវ៉ាន់ជាង៤មឺិុនដុល្លារនៅក្នុងកុងតឺន័រ ត្រូវជនសង្ស័យមួយក្រុមកាត់សីុលកុងតឺន័រគាស់យក…


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក១ក្រុម ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ ធ្វើការចាប់ខ្លួនបន្ទាប់ពីពួកគេនាំគ្នាធ្វើសកម្មភាពលួចកាត់ស៊ីលគាស់ទូរកុងតឺន័រ លួចក្រណាត់ដុំជាច្រើនប្រភេទ សរុបជាទឹកប្រាក់ អស់ជាង៤ម៉ឺនដុុល្លារ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្នុងដីឡូត៍មួយកន្លែង ផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនបានខាងលើនេះមានឈ្មោះ នាង បូរិន ហៅគីន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបើករថយន្តកុងតឺន័រ TEECO ស្នាក់នៅក្រុមហ៊ុន ដែលមានទីតាំងនៅសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក។ ចំណែកបក្ខពួកផ្សេងទៀត បានគេចខ្លួនបាត់ស្រមោល ចំណែកជនរងគ្រោះមានឈ្មោះ ភួង ភិរុណ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជានាយកក្រុមហ៊ុនដឹកជញ្ជូន TEECO ស្នាក់នៅផ្ទះលេខ១៥៧E ផ្លូវ១២ សង្កាត់មិត្តភាព ខណ្ឌ៧មករា។

ក្នុងនោះដែរ សម្ភារៈដែលបាត់បង់ទៅរួមមាន ក្រណាត់ចំនួន២៥០២៣ដុំ  ទ្រនាប់ខោអាវចំនួន៣៩០០ដុំ  ទ្រនាប់អ៊ុត ចំនួន៥០៦០ដុំ  ក្រដាសទ្រនាប់អ៊ុតចំនួន ៧៨៩២ដុំ  ក្រណាត់ទ្រនាប់កអាវចំនួន៤៥០ដុំ  ក្រណាត់ទ្រនាប់ប៉ុងចំនួន ៣៩៧០ដុំ  ទំពួកខោចំនួន៧៨ ឡេវអាវចំនួន ២១៩៣ថង់ ក្រណាត់ចំនួន១០.២២៧.៣ ដុំ ដែលសម្ភារៈទាំងអស់គិតជាទឹកប្រាប់មានចំនួនជាង ៤ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ ចំណែកវត្ថុតាងដកហូតបាន រួមមានផ្លែរណាអារដែកចំនួន២ ស៊ីលសម្រាប់កឹបទ្វារកុងតឺន័រចំនួន១។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ នាង បូរិន នេះជាអ្នកបើករថយន្តឲ្យក្រុមហ៊ុនខាងលើ ចំណែកឈ្មោះ អឿន សុបញ្ញា ក៏ជាអ្នកធ្លាប់បើកបររថយន្តឲ្យក្រុមហ៊ុនខាងលើ តែត្រូវបានក្រុមហ៊ុនបញ្ឈប់ការងារយូរមកហើយ បច្ចុប្បន្នមិនដឹងស្នាក់នៅទីណា ឬធ្វើការអីនោះទេ លុះនៅយប់ថ្ងៃកើយហេតុ វេលាម៉ោង១០យប់ ឈ្មោះ នាង បូរិន បានបើករថយន្តកុងតឺន័រដឹកទំនិញចេញពីក្រុមហ៊ុន TEECO ក្រុងបាវិត មកភ្នំពេញ ក៏ស្រាប់តែឃើញជនសង្ស័យឈ្មោះ អឿន សុបញ្ញា មកសុំជិះរថយន្តជាមួយ ពេលមកដល់ទីរួមខេត្តស្វាយរៀង ជនសង្ស័យឈ្មោះ នាង បូរិន ជាអ្នកបើករថយន្ត លុះពេលចេញពីទីរួមខេត្តស្វាយរៀង ជនសង្ស័យឈ្មោះ អឿន សុបញ្ញា ជាអ្នកសុំបើកម្តង រហូតជនសង្ស័យឈ្មោះ នាង បូរិន ដេកលក់ ពេលនោះជនសង្ស័យឈ្មោះ អឿន សុបញ្ញា បានបើករថយន្តចូលក្រុមហ៊ុននិងបានហៅបក្ខពួកមកកាត់ទ្វាកុងតឺន័រលួចយកអីវ៉ាន់ទាំងអស់ អស់ចំនួន១ទូ ចំណែកមួយទូទៀតកាត់ខ្សៀរបើកទ្វាតែអត់យកអីវ៉ាន់ចេញទេ បន្ទាប់មកជនសង្ស័យឈ្មោះ សុបញ្ញា បានបើករថយន្តនាំទាំងជនសង្ស័យឈ្មោះ បូរិន ទៅឈប់នៅផ្លូវចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ និងបានទុកលុយឲ្យជនសង្ស័យឈ្មោះ បូរិន ចំនួន១០ម៉ឺន៥ពាន់រៀល និងបានប្រាប់ឲ្យជនសង្ស័យឈ្មោះបូរិន នាំប្រពន្ធនិងកូនរត់ទៅ តែព្រឹកឡើងជនសង្ស័យឈ្មោះ បូរិន បានប្រាប់ទៅនាយកក្រុមហ៊ុន ក៏ត្រូវនាយកក្រុមហ៊ុនឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យ ធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមនិតិវិធីច្បាប់បន្តទៀត៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង