ស្ទើរតែទប់ទឹកភ្នែកមិនជាប់!! ពេលដែលដើរថតរូបជនអនាថា ស្រាប់តែប្រទះឃើញឪពុកបង្កើតរបស់ខ្លួន​ (មានវីដេអូ)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

សហរដ្ឋអាមេរិក៖ នារីម្នាក់ឈ្មោះ Diana Kim អាយុ ៣២ឆ្នាំ មានការរំភើបចិត្តផង លាយឡំជាមួយនឹងការអាណិតអាសូរយ៉ាងខ្លាំងនៅពេលដែលនាងកំពុងដើរថតរូបជនអនាថា ហើយបានប្រទះឃើញ ឪពុកបង្កើតរបស់នាងដែលបានបោះបង់នាងចោល អស់រយៈពេលជាយូរឆ្នាំមកហើយ។

Diana Kim គឺជាកូនស្រីដ៏កំសត់ម្នាក់ដែលត្រូវបានឪពុកម្តាយ បោះបង់ចោលលែងរវីរវល់ ចាប់តាំងពីនាងមានវ័យ ៥ឆ្នាំម្ល៉េះ ព្រោះឪពុកម្តាយរបស់នាងបានលែងលះគ្នា។ ចាប់តាំងពីថ្ងៃដែលនាងបានព្រាត់ប្រាស់ពីឪពុកម្តាយរបស់នាង នាងត្រូវរស់នៅក្នុងភាពងងឹត កណ្តោចកណ្តែងព្រោះតែនាងគ្មានអ្នកពឹងពាក់ពុំណាក់អាស្រ័យ។

នៅក្នុងកំឡុងពេលនោះ Diana Kim បានខិតខំយ៉ាងលំបាកដើម្បីជំនះរាល់ឧបសគ្គទាំងអស់ដែលនាងបានជួបប្រទះ ដូចជាពេលខ្លះនាងត្រូវដើរដេកនៅតាមសួនច្បារ ដេកនៅក្បែរឡាន និងដើរសុំផ្ទះមិត្តភក្តិដេកផងដែរ។ តែទោះជាវាលំបាកបែបនេះក្តី Diana នៅតែមានក្តីស្រមៃមួយជាប់ខ្លួនជានិច្ចថា ថ្ងៃណាមួយ នាងនឹងស្វែករកឪពុករបស់នាងឲ្យឃើញ ព្រោះនាងចង់ជួបមុខគាត់ខ្លាំងណាស់។

ថ្ងៃមួយ សំណាងរបស់ Diana បានមកដល់ ព្រោះនាងត្រូវបានសាច់ញាតិរបស់នាងទទួលយកទៅស្នាក់នៅជាមួយ ដើម្បីឲ្យនាងទទួលបានការអប់រំ និងបណ្តុះបណ្តាលនាងឲ្យមានជំនាញផ្ទាល់ខ្លួនមួយ ដើម្បីទុកទ្រទ្រង់ខ្លួនឯងបាន។ នៅពេលនោះ Diana បានសម្រេចចិត្តរៀនជំនាញថតរូប ព្រោះនាងស្រលាញ់ជំនាញមួយនេះតាំងពីនាងនៅជាមួយនឹងឪពុកម្តាយនាងម្ល៉េះ ម្យ៉ាងវិញទៀត ឪពុករបស់នាងគឺជាអតីតជាងថតរូបស្រាប់។

នៅក្នុងឆ្នាំ ២០០៣ Diana បានសម្រេចនូវក្តីស្រមៃរបស់ខ្លួន ដោយបញ្ចប់ជំនាញថតរូប ហើយមកធ្វើការជាជាងថតរូបជនអនាថានៅក្នុងទីក្រុង Honolulu នៃរដ្ឋ Hawaii សហរដ្ឋអាមេរិក ដើម្បីរៀបចំទុកជាឯកសាររូបភាព។ នៅពេលដែលនាងដើរថតរូបជនអនាថាទាំងអស់នោះ Diana ក៏មានចិត្តនឹកស្រមៃថា នាងនឹងជួបឪពុករបស់នាងនៅថ្ងៃណាមួយជាមិនខាន។

ថ្ងៃមួយនៅក្នុងឆ្នាំ ២០១២ នៅពេលដែល Diana កំពុងតែដើរថតរូបភាពជនអនាថាទាំងអស់នោះ នាងស្រាប់តែមានការភ្ញាក់ខ្លួនព្រើត ហើយលាយឡំនឹងក្តីរំភើបយ៉ាងខ្លាំង ព្រោះនាងបានជួបប្រទះបុរសម្នាក់ដែលឈរធ្មឹងនៅក្បែរធុងសម្រាមដ៏ធំមួយ ស្ថិតនៅក្នុងសភាពប្រឡាក់ខ្លួនយ៉ាងគគ្រិច ហើយមានភិនភាគដូចជាឪពុករបស់នាង។ ភ្លាមៗនោះ នាងបានសម្រេចចិត្តដើរទៅជិតបុរសម្នាក់នោះហើយនិយាយទៅកាន់គាត់ ក៏ប៉ុន្តែគាត់មិនកម្រើក ដែលសូម្បីតែមើលមុខនាងក៏គាត់មិនមើលផង។ នៅពេលដែលនាងបានទៅជិតគាត់ នាងកាន់តែប្រាកដក្នុងចិត្តថា បុរសម្នាក់នោះគឺជាឪពុករបស់នាងយ៉ាងពិតប្រាកដមែន។

អស់រយៈពេល ២ឆ្នាំ Diana តែងតែធ្វើដំណើរឆ្លងកាត់ទីនោះដើម្បីលួចមើលឪពុករបស់នាង ថាតើគាត់នៅទីនោះទៀតឬទេ? ហើយជាញឹកញាប់ នាងតែងតែបបួលឪពុករបស់នាងឲ្យទៅផ្ទះស្នាក់នៅជាមួយនាង តែគាត់នៅតែមិនឆ្លើយតប។

រហូតមកដល់ឆ្នាំ ២០១៤ Diana បានដឹងថា ឪពុករបស់នាងធ្លាប់មានជំងឺគាំងបេះដូង ហើយត្រូវបានមនុស្សម្នានៅទីនោះបញ្ជូនគាត់ទៅកាន់មន្ទីពេទ្យដើម្បីព្យាបាល។ តែគួរឲ្យស្តាយ បើទោះបីជាគ្រូពេទ្យអាចជួយជីវិតគាត់បានមែន ក៏ប៉ុន្តែ គាត់ត្រូវជួបប្រទះនូវជំងឺម្យ៉ាងគឺ វង្វេងស្មារតីយ៉ាងធ្ងន់ធ្ងរ ដូច្នេះ គាត់មិនអាចចងចាំអ្នកណាបានទេ។

ទោះបីជានាងបានដឹងថាឪពុករបស់ខ្លួនមានជំងឺបែបនេះក្តី នាងនៅតែសុខចិត្តតាមមើលថែរូបគាត់ ហើយបានបញ្ជូនគាត់ទៅព្យាបាល រហូតដល់សុខភាពរបស់គាត់បានធូរស្រាលច្រើនគួរឲ្យកត់សម្គាល់។

Diana បានរៀបរាប់ប្រាប់សារព័ត៌មាន អិនប៊ីស៊ីថា នៅពេលនេះនាងពិតជាសប្បាយចិត្តខ្លាំងណាស់ដែលបានឃើញឪពុករបស់នាងមានសុខភាពល្អប្រសើរវិញ ហើយថែមទាំងអាចក្រោកឈរឡើងយ៉ាងស្រស់សង្ហារទៀតផង។ នៅក្នុងពេលនេះ គាត់ចង់ប្រកបរបរធ្វើជាអ្នករត់តាក់ស៊ី ហើយគាត់ក៏ចង់ទៅលេងជាមួយក្រុមគ្រួសារគាត់ដែលរស់នៅក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង