អភិបាលរាជធានីភ្នំពេញថ្មីដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដីចុះពិនិត្យមើលសកម្មភាពកាយប្រឡាយស្ទឹងមានជ័យ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ដើម្បីរំដោះទឹកចេញពីតំបន់លិចលង់ដោយជំនន់ទឹកភ្លៀងកាលពីព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧ អភិបាលរាជធានីភ្នំពេញថ្មី លោក ឃួង ស្រេង ​បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដីចុះពិនិត្យមើលសកម្មភាពកាយប្រឡាយស្ទឹងមានជ័យ។ យោងតាមមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ប្រឡាយស្ទឹងមានជ័យ មានប្រវែង ១,៩០០ម៉ែត្រ និងមានសារៈសំខាន់ណាស់ ក្នុងការដោះស្រាយជំនន់ទឹកភ្លៀងចេញពីតំបន់ព្រលានយន្តហោះ ផ្លូវ២០០៤ ផ្លូវ២០០២ និងតំបន់ស្ទឹងមានជ័យ ដោយទំលាក់ទឹកទៅស្ថានីយ៍បឹងទំពុន។

មន្ត្រីខាងលើបញ្ជាក់ថា ប្រឡាយនេះនឹងស្ថាបនាឡើង ដោយបុកស៊ីផាយ មានទទឹងមាត់លើ១០ម៉ែត្រ ស្ថាបនាផ្លូវបេតុងសងខាងប្រឡាយម្ខាង៦ម៉ែត្រ និងម្ខាងទៀត២ម៉ែត្រ។ ចំពោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ទៅនឹងការអភិវឌ្ឍប្រឡាយនេះ មានចំនួនប្រមាណ ១,០០០គ្រួសារ ហើយប្រជាពលរដ្ឋទាំងអស់ ក្រោយផលប៉ះពាល់ ហើយទទួលបានប្លង់កម្មសិទ្ធិស្របច្បាប់ពីរដ្ឋបាលរាជធានីភ្នំពេញ។ គួរបញ្ជាក់ផងដែរថា ខណៈចុះពិនិត្យមើលស្ថានភាពប្រឡាយស្ទឹងមានជ័យ កាលពីព្រឹកថ្ងៃ២៧ ខែមិថុនា ឆ្នាំ​២០១៧ កន្លងទៅ លោក ឃួង ស្រេង បានជម្រុញឲ្យលោក សាំង ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ដាក់គ្រឿងចក្រជាបន្ទាន់ ដើម្បីកាយប្រឡាយស្ទឹងមានជ័យរំដោះទឹកចេញ។

ការស្តារប្រឡាយស្ទឹងមានជ័យជាបណ្តោះអាសន្ននេះ វានឹងប៉ះពាល់ផ្ទះប្រជាពលរដ្ឋដែលសង់រំលោភលើប្រឡាយនេះ២ម៉ែត្រ ហើយលើបញ្ហានេះ លោកអភិបាលរាជធានីភ្នំពេញថ្មី បានស្នើរ​សុំឲ្យប្រជាពលរដ្ឋយោគយល់។ ចំណែកអាជ្ញាធរវិញ លោក ឃួង ស្រេង ក៏បានស្នើរ​ឲ្យមានការថតរូប និងធ្វើស្ថិតិឲ្យបានច្បាស់លាស់ចំពោះប្រជាពលរដ្ឋដែលប៉ះពាល់ ដោយលោកសន្យាថា នឹងដោះស្រាយជូនប្រជាពលរដ្ឋទាំងអស់ម្នាក់ដីឡូមួយល្វែងនៅហ្នឹងកន្លែង ពោលគឺមួយគ្រួសារអាចទទួលបានដី១ឡូទំហំ ទទឹង៤ម៉ែត្រ បណ្តោយជាង១០ម៉ែត្រ និងផ្តល់កម្មសិទ្ធិស្របច្បាប់ផងដែរ។

ក្រោយពីទទួលបានដីធ្លីហើយ នៅពេលសាងសង់ប្រជាពលរដ្ឋត្រូវតែសុំច្បាប់ពីអាជ្ញាធរ ដោយមិនត្រូវបង់ប្រាក់ឡើយ សូម្បីតែពន្ធប្រថាប់ត្រា ហើយការងារនេះលោកសន្យាថា នឹងធ្វើឲ្យបានសម្រេចនិងរួចរាល់នៅមុន ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំ២០១៨ ខាងមុខនេះ។ ចំពោះគម្រោងនេះ ប្រជាពលរដ្ឋរស់នៅតាមប្រឡាយស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងខណ្ឌសែនសុខ ពិតជាត្រេកអរយ៉ាងខ្លាំងដោយពួកគាត់អាចទទួលបានដីជាកម្មសិទ្ធិស្របច្បាប់ ក្រោយពីកាត់ទំហំប្រឡាយធ្វើផ្លូវតាមប្រឡាយនេះរួច៕​ អត្ថបទដោយ​៖ អ្នក​ប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង