រដ្ឋាភិបាល ចាប់ខ្លួនលោក កឹម សុខា ដោយសារ តែវីដេអូឃ្លីប មួយនេះ?


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់នគរបាលរាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា លោក កឹម សុខា ប្រធានគណបក្ស សង្រ្គោះជាតិ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ ពាក់ព័ន្ធនឹងទង្វើក្បត់ជាតិ ដោយធ្វើតាមបញ្ជារបស់មហាអំណាចអាមេរិក ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដោយគំរូនឹងប្រទេសយូហ្គោស្លាវី និងសើប៊ី។

លោក កឹម សុខា ត្រូវបានចាប់ខ្លួននៅផ្ទះរបស់លោក ស្ថិតនៅផ្ទះលេខ៩៧ ផ្លូវ៣១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។ ការចាប់ខ្លួននេះមានអង្គរក្សរបស់លោក កឹម សុខា ប្រមាណ៨នាក់ផងដែរ។

លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន វេលាម៉ោង១២ៈ៣០នាទី ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ នៅគេហដ្ឋានរបស់លោក តាមបទចោទថាជាជន ក្បត់ជាតិ ដោយយោងតាមឃ្លីបសម្លេងវីឌីអូដែលលោកបាននិយាយនៅប្រទេសអូស្ត្រាលី ថាសហរដ្ឋអាមេរិកជាអ្នកបង្រៀនលោកឲ្យប្តូររបបតាមបែប យូហ្គោស្លាវី និងស៊ែបប៊ី ដោយឲ្យលាលែងពីបក្សនយោបាយមកបង្កើតអង្គការ ដើម្បីបញ្ជ្រៀបព័ត៌មានចូលតាមប្រជាពលរដ្ឋថ្នាក់ក្រោមសិន ទើបអាចប្តូររបបបាន ។ល។

ការចាប់ខ្លួនលោក កឹម សុខា នៅពេលនេះធ្វើឡើងបន្ទាប់ពីវីដេអូមួយ ដែលលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បាននិយាយសារភាពកាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៣ នៅប្រទេសអូស្រ្តាលីថា ខ្លួនបានធ្វើតាមបញ្ជារបស់មហាអំណាចអាមេរិក ក្នុងការរៀបចំផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដោយយកគំរូទៅនឹងប្រទេសយូហ្គោស្លាវី និងសើប៊ីដែរ។

នាយប់រំលងអាធ្រាត្រចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ រាជរដ្ឋាភិបាលបានចេញសេចក្តីថ្លែងការណ៍មួយ ជុំវិញការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធនឹងអំពើឃុបឃិតគ្នាជាសម្ងាត់ដោយប្រព្រឹត្តិអំពើក្បត់ជាតិ។

រាជរដ្ឋាភិបាល សូមជម្រាបជូនថា តាមរយៈវីដេអូឃ្លីប ដែលត្រូវបានផ្សព្វផ្សាយដោយបណ្តាញ CBN (Cambodia Broadcasting Network) ដែលមានទីតាំងនៅអូស្រ្តាលី និងភស្តុតាងដទៃទៀត ដែលអាជ្ញាធរមានសមត្ថកិច្ចប្រមូលបាន គឺបានបង្ហាញឲ្យឃើញច្បាស់អំពីផែនការសម្ងាត់ នៃការឃុបឃិតគ្នា រវាងឈ្មោះ កឹម សុខា និងបក្សពួក ជាមួយបរទេស ដែលធ្វើឲ្យប៉ះពាល់ដល់ព្រះរាជាណាចក្រកម្ពុជា។ អំពីនៃការឃុបឃិតគ្នាជាសម្ងាត់ខាងលើនេះ គឺជាអំពើក្បត់ជាតិ ដែលមានចែងនិងផ្តន្ទាទោសតាមបញ្ញត្តិនៃមាត្រា ៤៤៣ (បទសន្ធិដ្ឋិភាពជាមួយបរទេស) ក្នុងផ្នែកទី១ ស្តីពីអំពើក្បត់ជាតិ និងអំពើចារកម្ម ជំពូកទី២ ស្តីពីការប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ មាតិកាទី១ ស្តីពីការប៉ះពាល់ដល់ស្ថាប័នចម្បងរបស់រដ្ឋ គន្ថីទី៤ ស្តីពីបទល្មើសប្រឆាំងនឹងជាតិ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

វីដេអូឃ្លីបនេះ ក៏កំពុងតែបន្តផ្សព្វផ្សាយរហូតមកដល់ពេលនេះផងដែរ។ បច្ចុប្បន្ននេះឈ្មោះ កឹម សុខា ស្ថិតនៅក្រោមការឃាត់ខ្លួន និងការចាត់ការតាមច្បាប់ ដោយស្ថាប័នមានសមត្ថកិច្ច និងស្ថាប័នតុលាការ។

រាជរដ្ឋាភិបាល សូមអំពាវនាវឲ្យរក្សាការស្ងប់ស្ងាត់ និងទុកករណីនេះ ជូនតុលាការដើម្បីចាត់ការបន្តជាមួយសមត្ថកិច្ចស្របតាមច្បាប់ និងនីតិវិធីជាធរមាន៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង