ព្រះអើយបើកភ្នែកឡើងភ្លើងឆេះអស់១៦ខ្នងផ្ទះ នៅខណ្ឌមានជ័យ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ហេតុការណ៍អគ្គីភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅពីមួយខ្នង ទៅមួយខ្នងជាបន្តបន្ទាប់ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេញរាជធានីភ្នំពេញផ្អើលដល់កងកម្លាំងរបស់រថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងចុះមកធ្វើការបាញ់ពន្លត់ រហូតឆេះរាលដាលដល់ផ្ទះសរុបចំនួន១៩ខ្នងផ្ទះឯណោះ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុផ្ទាល់បានឲ្យដឹងថា មុនពេលកើតហេតុគេមិនបានដឹងថាភ្លើងឆាបឆេះចេញពីផ្ទះមួយណានោះទេ ព្រោះពេលដែលឃើញនោះ គឺភ្លើងបានឆាបឆេះផ្ទះប្រជាពលរដ្ឋជាបន្តបន្ទាប់ទៅហើយ ដោយមានអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ រួមនិងផ្សែងយ៉ាងកខ្មួលខ្មាញ់បានឆាបឆេះឡើងយ៉ាងរន្ធត់បំផុត ជាហេតុបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋនាំគ្នារាយការណ៍ជូនសមត្ថកិច្ចនគរបាលមូលដ្ឋាន ដើម្បីអន្តរាគមន៍ហៅរថយន្តពន្លត់អគ្គីភ័យចុះមកបាញ់ពន្លត់។

ភ្លាមៗនោះដែរ គេសង្កេតឃើញក្រុមរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿង ក្នុងនោះរួមមានរថយន្តពន្លត់អគ្គិភ័យរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញចំនួន៣០គ្រឿង រួមនិងរថយន្តពន្លត់អគ្គីភ័យរបស់ស្រាបៀរកម្ពុជានិងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាច្រើនគ្រឿងទៀត បានចុះមកបាញ់ពន្លត់ភ្លើងដែលកំពុងតែឆាបឆេះនៅនឹងកន្លែងកើតហេតុផងដែរ។ ប៉ុន្តែអ្វីដែលគួរឲ្យស្តាយនោះ ដោយសារតែទំហំនៃព្រះអគ្គីធំខ្លាំងពេក បានឆាបឆេះរាលដាលដល់ផ្ទះជាបន្តបន្ទាប់ សរុបទាំងអស់១៩ខ្នងផ្ទះ ដោយក្នុងចំណោម១៩ខ្នងផ្ទះនេះ មាន១៦ខ្នងត្រូវអគ្គិភ័យលេបត្របាក់គ្មានសល់ និង៣ខ្នងទៀត គ្រាន់តែឆេះរោលភ្លើងនិងផ្សែងតែប៉ុណ្ណោះ។

គួរបញ្ជាក់បន្ថែមថា ខណៈដែលអគ្គិភ័យកំពុងតែឆាបឆេះនោះ គេឃើញស្ត្រីម្នាក់បានស្រែកទ្រហោយំ ស្តាយទ្រព្យសម្បត្តិនិងផ្ទះសម្បែង ដែលកំពុងតែត្រូវព្រះអគ្គីលេបត្របាក់ រហូតដួលសន្លប់បាត់ស្មារតី ត្រូវបានសមត្ថកិច្ចរួមនិងក្រុមគ្រួសារបញ្ជូនតាមម៉ូតូដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ។ ចំណែកមូលហេតុនៃការឆាបឆេះយ៉ាងណានោះ យើងនៅមិនទាន់ដឹងនៅឡើយនោះទេព្រោះសមត្ថកិច្ចកំពុងតែធ្វើការសា្រវជ្រាវនៅឡើយ៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង