ព្រះអើយ គ្រាន់តែរឿងគ្រែមួយសោះ ដេញកាប់គ្នាផ្អើលភូមិ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទំនប់ទឹក ធ្វើការឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ក្រោយពីជនសង្ស័យរូបនេះបានធ្វើសកម្មភាពផ្ទុះហឹង្សាទាញកាំបិតបុ័ងតោ កាប់ទៅលើបុរសម្នាក់ចំថ្ពាល់ ខាងឆ្វេងបណ្តាលឲ្យរងរបួសធ្ងន់ ព្រោះតែរឿងគ្រែ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ៈ៣០នាទី ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវ៤៣៤ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ តែត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនបានខាងលើនេះ មានឈ្មោះ សូ សុធា ភេទប្រុស អាយុ ២៥ឆ្នាំ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវ៤៣៤ ក្រុម៣៤ ភូមិ៤ (ហៅភូមិផ្អេរ) សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះមានឈ្មោះ យិន ស៊ីថា (ហៅប្រឹស) ភេទប្រុស អាយុ៤៧ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ៤៣៤ ក្រុម៣៤ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន មុខរបររត់ម៉ូតូឌុប រងរបួសធ្ងន់ចំថ្ពាល់ខាងឆ្វេង បណ្តាលឲ្យរយះហូរឈាម។

យោងតាមការឲ្យដឹងពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង១០ៈ៣០នាទី ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ ជនរងគ្រោះកំពុងឈរនៅមុខផ្ទះកើតហេតុ ខណៈនោះស្រាប់តែមានជនសង្ស័យខាងលើ បានដើរចេញពីក្រោយភូមិ ដោយក្នុងដៃមានកាន់ដំបងកន្លះម៉ែត្រ (ឈើជ្រុង) មកសួរនាំជនរងគ្រោះ ថាបានយកកូនគ្រែឈើរបស់ខ្លួនដែរឬក៏អត់ តែជនរងគ្រោះឆ្លើយថា មិនបានយកនោះទេ ទើបឈានទៅដល់ការទាស់ពាក្យសម្តីធ្វើឲ្យជនសង្ស័យទាញដំបង និងវាយតប់គ្នាទៅវិញទៅមក តែត្រូវបានប្រជាពលរដ្ឋដែលនៅក្បែរនោះឃើញនាំគ្នាចាប់បំបែកចេញ ខណៈនោះស្រាប់តែជនសង្ស័យបានស្ទុះរត់ទៅផ្ទះយកកាំបិតបុង័តោ ពណ៌ស មកសៀតចង្កេះដើរចេញមកកន្លែងកើតហេតុវិញ រួចសសៀរក្បែរជនរងគ្រោះ រួចដកកាំបិតពីចង្កេះកាប់ទៅលើជនរងគ្រោះមួយកាំបិតបុ័ងតោ ត្រូវថ្ពាល់ខាងឆ្វេងចេញឈាមធ្វើឲ្យជនរងគ្រោះភ័យប្រញាប់រត់យករួចខ្លួន តែជនសង្ស័យនៅតែដេញតាមកាប់ជនរងគ្រោះ២ទៅ៣កាំបិតបន្ថែមទៀត តែមិនត្រូវនិងប្រញាប់រត់ឲ្យគេជួយ ទើបជនសង្ស័យប្រញាប់រត់គេចខ្លួនបាត់តែម្តង ដោយបានបោះកាំបិតចោលនៅម្តុំផ្សារសុវណ្ណា។ ចំណែកជនរងគ្រោះបានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យរយៈពេល៣ថ្ងៃ លុះដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង៨ព្រឹក ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ទំនប់ទឹក ទើបសមត្ថកិច្ចឈានទៅដល់ការចាប់ខ្លួនជនសង្ស័យបានតែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទំនប់ទឹក ធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង