ល្បែងចាប់កូនខ្លែង ជាល្បែងដែលជិតបាត់សាបសូន្យទៅហើយ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ល្បែងចាប់កូនខ្លែង ជាល្បែងរបស់កុមារាកុមារីជំទង់ៗ ដែលគេតែងលេងក្នុងវេលាយប់ខែភ្លឺ នៅរដូវចូលឆ្នាំ ឬ នៅពេលទំនេរ។

សកម្មភាពរបស់អ្នកលេង ដូចរូបភាពនេះ ៖

ល្បែងនេះ ពេលលេងគេចាត់ម្នាក់ដែលមានមាឌមាំធំ ឲ្យធ្វើជាមេហ្វូងហៅថា មេមាន់ ចាត់ច្រើននាក់ឲ្យធ្វើជាកូនមាន់ ហើយគេចាត់ម្នាក់ទៀតឲ្យធ្វើជាខ្លែង ចាំចាប់កូនមាន់។ ម្នាក់ៗគេយកក្រមាក្រវ៉ាត់ចង្កេះឲ្យតឹងណែន ការពារកុំឲ្យរបូតសំលៀកបំពាក់។

គេនាំគ្នាបង្កាត់ភ្លើងឲ្យបានជាភ្នក់ ១តូច ដោយកំទេចឧស ហើយម្នាក់ដែលធ្វើជាមេមាន់បញ្ជាឲ្យកូនៗរបស់ខ្លួនតោងចង្កេះតគ្នា រហូតដល់អស់ ដោយឈរជាជួរ រួចដើរក្រឡឹងព័ទ្ធជុំវិញភ្នក់ភ្លើង។ ជាមួយគ្នានេះ មេមាន់ពោលពាក្យចំអកឡកឡឺយឲ្យន័យទៅខ្លែងថា៖

ចាប់កូនខ្លែងប្រឡែងកូនអក

ពពេចញ៉ែកញ៉ក កូនអញតែមួយ។

ជីកអន្លុងដាំត្រកួន

ទន្សាយរត់ពួន ត្រកួនឡើលាស់។

ទៀនមួយគូ តាំងយូបាំងព្រះ

លើកដៃសំំពះ ដូនៗសុំភ្លើង។

ចំណែកម្នាក់ដែលធ្វើខ្លែងឈរធ្វើព្រងើយ កាលបានឮមាន់និងកូនមាន់ស្រែកដូច្នោះ ក៏ដើរចូលទៅរកភ្នក់ភ្លើង ហើយនិយាយ សុំភ្លើងថា «ដូនៗ សុំភ្លើង !» ។

      មាន់ឆ្លើយថាៈ  រលត់

      ខ្លែងសុំថាៈ    សុំមួយអង្កត់

      មេមាន់ឆ្លើយថាៈ      រលាយ

      ខ្លែងសុំថាៈ    សុំទឹកបាយ

      មេមាន់ឆ្លើយថាៈ      ឆ្កែលិឍ

      ខ្លែងសុំថាៈ    សុំកាំបិត

      មេមាន់ឆ្លើយថាៈ      មិនទាន់ច្រុង

      ខ្លែងសុំថាៈ    សុំល្ហុង

      មេមាន់ឆ្លើយថាៈ      មិនទាន់ដាំ

      ខ្លែងសុំថាៈ    សុំថ្នាំ

      មេមាន់ឆ្លើយថាៈ      មិនទាន់ហាល

      ខ្លែងសុំថាៈ    សុំផាល

      មេមាន់ឆ្លើយថាៈ      មិនទាន់សិត

ហើយខ្លែងក៏អង្គុយនៅបៀតភ្លក់ភ្លើងនោះ។

ចំណែកមេមាន់ក៏នាំកូនរបស់ខ្លួនដើរ ប្រទក្សិណព័ទ្ធជុំវិញខ្លែងនិង ភ្នក់ភ្លើង ហើយស្រែកច្រៀងទាំងមេទាំងកូនថាៈ

      ចាប់កូនខ្លែងប្រឡែងកូនមាន់ (បន្ទរ) អាឡយ ។

      បើទៅទាន់ យកមាន់ទៅលាក់ (បន្ទរ) អាឡយៗ ។

      លាក់ទុកឯណា លាក់ក្បាលដំណេក (បន្ទរ) អាឡយៗ ។

      រលឹកពីដេក វាយមាន់តូងតាង ។

មាន់ច្រៀងចប់ក៏ឈប់ឈរតម្រៀបគ្នា។

ខ្លែងក៏ស្រែកសុំភ្លើងម្ដងទៀតថា «ដូនៗ សុំភ្លើង» ។

មាន់ឆ្លើយថា ក្អែកពាំទៅទម្លាក់ក្នុងទឹកទន្លេបាត់ទៅហើយ រួចក៏ដើរព័ទ្ធជុំវិញភ្នក់ភ្លើង ហើយច្រៀងតទៅទៀតថាៈ

      ប្អូនវេញខ្សែរសូត្រ បង្ហូតតាមគោម (បន្ទរ) អាឡយៗ

      ខ្លែងអើយកុំលោម មិនបានមាន់ទេ (បន្ទរ) អាឡយៗ

ហើយឈរស្ងៀម។

ខ្លែងក៏និយាយទទូចសុំកូនថាៈ

      ខ្លែងៈ  ដូនៗ ឲ្យសុំកូនមុខ

      មាន់ៈ  ឳពុកមិនឲ្យ

      ខ្លែងៈ  សុំកូនក្រោយ

      មាន់ៈ  កំបាក់កំបែកយកចុះ

ខ្លែងកាលបានឮមេមាន់ថា ឲ្យកូនណាកំបាក់កំបែក ដូច្នេះក៏តាំងដេញចាប់បេះយកកូនណាដែលនៅក្រោយគេ ឯមេមាន់ខំប្រឹងការពារកូនរបស់ខ្លួនកុំអោយគេបេះយកបាន ឯកូនមាន់ក៏ខំប្រឹងតោងចង្កេះគ្នាយ៉ាងជាប់ រត់ពេនចុះពេនឡើង​ ខ្លាចខ្លែងចាប់បេះយកខ្លួនម្នាក់ៗបាន ជួនក៏ខ្លែងបេះយកបាន ម្ដង១ ម្ដង២ ទាល់តែអស់ ជួនក៏បេះបានតែ១ ។ តែគេមានលក្ខខ័ណ្ឌមួយថា បើកូនណារបូតពីមេ ព្រោះប្រឹងគេចខ្លាំង ហើយកូននោះគេក្រាបទៅនឹងដី នោះមេខ្លែងមិនត្រូវចាប់គេទេ។ កាលអស់កម្លាំងហត់រៀងខ្លួនហើយ ក៏ឈប់សម្រាកបន្តិចហើយផ្លាស់ប្ដូរគ្នាលេងតទៀត គេលេងតែរបៀបនេះរហូតដល់ពេលយប់។

 

ប៉ុន្តែល្បែងដូចគ្នានេះ នៅស្រុកខ្លះ ជាការបង្ហាត់មនុស្សឲ្យចេះប្រុងស្នៀត ប្រុងស្មារតីឲ្យរហ័សរហួន ចេះការពារខ្លួន និងគ្រួសារផង៕

ប្រភពរូបភាព ៖ Youtube

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង