ទឹកជំនន់ក្នុង​ខេត្តស្ទឹង​ត្រែង…បន្តកើនឡើងខ្លាំងជន់លិចចូលតំបន់មួយចំនួនទៀត


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

(ស្ទឹងត្រែង)៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ឲ្យដឹងថា គិតមកដល់ម៉ោង៧ព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨នេះ ទឹកទន្លេមេគង្គលើក្នុងខេត្តស្ទឹងត្រែង បានបន្តកើនឡើងដល់កម្ពស់១០.៨៤ម៉ែត្រ ខណៈកម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្ន១០.៧០ម៉ែត្រ។

ដើម្បី​ធានា​បាន​នូវ​ការ​ការពារ​សន្តិសុខ សុវត្ថិភាព និង​ធានា​ដល់​ការ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​ត្រៀម​បង្ការ​ផលប៉ះពាល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តស្ទឹងត្រែង ពិសេស​ប្រជាពលរដ្ឋ​រស់នៅ​ប្រកប​មុខរបរ​តាម​ដង​ទន្លេមេគង្គ និងទន្លេសេកុង ក្នុង​ខេត្តស្ទឹងត្រែង ។ រដ្ឋបាល​ខេត្តស្ទឹងត្រែង​បាន​អំពាវនាវ​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ករណី​ទឹកជំនន់​តាម​ទីតាំង​នានា​ ដែល​នឹង​អាច​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ភូមិ ឃុំ​សង្កាត់​តាម​ដង​ទន្លេមេគង្គ​ និង​ទន្លេសេកុង ។

ជាមួយនឹង​ករណី​នេះ រដ្ឋបាល​ខេត្ត​បាន​ស្នើ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច កម្លាំង​គ្រប់​ផ្នែក​ទាំងអស់​នៅ​ថ្នាក់​ភូមិ ឃុំ សង្កាត់ ក្រុង ស្រុក ក្នុង​ខេត្តស្ទឹងត្រែង ដាក់​ចេញ​នូវ​ផែនការ​ត្រៀម​បង្ការ​ និង​ត្រៀម​ជួយ​អន្តរាគមន៍​ស​ង្គ្រោះ​​ប្រជាពលរដ្ឋ​កំពុង​រស់នៅ ប្រកប​មុខរបរ​តាម​មូលដ្ឋាន​ ដែល​នឹង​អាច​រង​ផល​ប៉ះពាល់​ដោយ​គ្រោះ​ធម្មជាតិ​នេះ ​ឱ្យ​បាន​ទាន់​ពេលវេលា ធានា​បាន​ភាព​កក់ក្តៅ​ និង​សាមគ្គីភាព ។

សូមជម្រាបថា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ ក្រសួងធនធានទឹក បានចេញសេចក្ដីជូនដំណឹងមួយបន្ថែមទៀត ស្ដីអំពីទឹកជំនន់ទន្លេមេគង្គលើ ដែលកំពុងហក់ឡើងខ្លាំង ដោយសារមានការធ្លាក់ភ្លៀង ជាបន្ដបន្ទាប់ ក្នុងកម្រិតពីមធ្យមទៅច្រើន នៅក្នុងតំបន់អាងទន្លេមេគង្គក្នុងប្រទេសថៃ និងឡាវ បានបង្កឲ្យទឹកទន្លេមេគង្គ ក្នុងប្រទេសកម្ពុជា បន្ដកើនឡើង ២-៣ ថ្ងៃបន្ថែមទៀត។

សេចក្ដីជូនដំណឹងបានបញ្ជាក់ថា យោងតាមការព្យាករ កម្ពស់ទឹកទន្លេមេគង្គលើកម្ពុជា អាចកើនឡើងដល់៖

* នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ ទន្លេមេគង្គស្ទឹងត្រែង ទឹកអាចនឹងកើនឡើងដល់កម្ពស់ ១១.៤០ ម៉ែត្រ (កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន ១០.៧០​ ម៉ែត្រ)។

* នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨ ទន្លេមេគង្គក្រចេះ ទឹកអាចនឹងកើនឡើងដល់កម្ពស់ ២២.១៥ ម៉ែត្រ (កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន ២២.០០ ម៉ែត្រ)។

* នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨ ទន្លេមេគង្គកំពង់ចាម ទឹកអាចនឹងកើនឡើងដល់កម្ពស់ ១៥.២៥ ម៉ែត្រ (កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន ១៥.២០ ម៉ែត្រ)។

ក្រសួង​បាន​ប្រកាស​ទៀត​ថា ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន មេត្ដាជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជ្រៀសវាងនូវគ្រោះថា្នក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង