ខ្លាំងប៉ះខ្លាំង ផ្លូវស្រឡះសោះហេតុអីនៅជិះបុកគ្នាទៀត?
ពោធិ៍សាត់ ៖ កាលពីវេលាម៉ោង ៩ៈ១០នាទីព្រឹក ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូនិងម៉ូតូ នៅកំណាត់ផ្លូវជាតិលេខ៥៥ ស្ថិតនៅភូមិប្រមោយ ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
អ្នកឃើញហេតុការណ៍ប្រាប់អោយដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើកបរម៉ូតូ ម៉ាក ហុងដា អាយខុន ពណ៌ក្រហម ធ្វើដំណើរពីកើតទៅលិច និងបុរសម្នាក់ទៀតដែលបើកបរម៉ូតូមួយគ្រឿង ម៉ាក ហុងដា ឌ្រីម ស៊េរីឆ្នាំ២០១៦ បើកបរពីលិចទៅកើត លុះមកដល់កន្លែងកើតហេតុ មិនដឹងមូលហេតុអីទេ ស្រាប់តែម៉ូតូទាំងពីរគ្រឿងដែលបើកបញ្រ្ចាសទិសគ្នានេះ បានបុកគ្នាពេញទំហឹងតែម្ដង ធ្វើអោយអ្នកបើកបរទាំងសងខាងរងរបួសធ្ងន់ទាំងពីរនាក់។
តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា ហេតុការណ៍នេះបង្កឡើងដោយម៉ូតូម៉ាក HONDA ICON ពណ៌ក្រហម ពាក់ស្លាកលេខ ពោធិ៍សាត់ 1C-2525 ធ្វើដំណើរពីកើតទៅលិច បើកបរដោយឈ្មោះ អ៊ឹម សារ៉ាវីន ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិឃុំកើតហេតុ(របួសធ្ងន់) បានបុកជាមួយ ម៉ូតូម៉ាក HONDA Dream C125 ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1F-6081 ធ្វើដំណើរពីលិចទៅកើត បើកបរដោយឈ្មោះ ជិន ចាន់សាត ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ បុគ្គលិកអង្គការ K.K.C.M រស់នៅភូមិឃុំកើតហេតុ(របួសធ្ងន់) ជនរងគ្រោះទាំង ០២ នាក់ ត្រូវបានអ្នកឃើញហេតុការណ៍បញ្ជូនទៅមន្ទីពេទ្យខេត្តពោធិ៍សាត់ ៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង
មតិលើបញ្តាញសង្គម Facebook