ផ្ទុះការតវ៉ាក្នុងវេទិកាសាធារណៈរបស់ចៅសង្កាត់ទំនប់ទឹក រឿងមិនធ្វើតាមសន្យា


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ ប្រជាពលរដ្ឋប្រមាណជិត៤០នាក់បានផ្ទុះការតវ៉ាយ៉ាងខ្លាំងចំពោះលោកចៅសង្កាត់ទំនប់ទឹក ខណ្ឌចំការមន លោក អ៊ុក ស៊ីណាត មកពីគណៈបក្សសង្គ្រោះជាតិ ខណៈដែលក្រុមអ្នកតវ៉ាទាំងនោះចូលរួមវេទិកាសាធារណៈដែលបានប្រព្រឹត្តធ្វើឡើងកាលពីព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ ក្រោមវត្តមានលោកចៅសង្កាត់ ចៅសង្កាត់រង មេភូមិ និងប្រធានក្រុមប្រឹក្សាផងដែរ។

ប្រភពពីភ្នាក់ងារកាសែតនគរវត្តប្រចាំខណ្ឌចំការមនបានប្រាប់ឲ្យដឹងថា ការតវ៉ានេះគឺផ្តើមចេញពីការសន្យា របស់លោក អ៊ុក ស៊ីណាត ចៅសង្កាត់ថ្មីទើបជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ ដែលកាលនោះលោកចៅសង្កាត់រូបនេះបានសន្យាចំពោះមុខពលរដ្ឋអ្នកគាំទ្រថា បើគាត់ជាប់ឆ្នោតគាត់នឹងដាក់ប្រព័ន្ធលូ ធ្វើផ្លូវបេតុងគ្រប់ភូមិ និងជួយដោះស្រាយបន្ទប់ជួល ផ្ទះជួល ផងដែរ ដោយសារតែការសន្យាហើយធ្វើមិនបាននេះហើយបានធ្វើឲ្យពលរដ្ឋខឹងសម្បារយ៉ាងខ្លាំង។ ប្រភពដដែលបានបន្តថា ពលរដ្ឋតវ៉ាទាំងនោះភាគច្រើនជាអ្នកគាំទ្របក្សសង្គ្រោះជាតិ។

នៅក្នុងវេទិកាសាធារណៈដដែលនោះ ស្រ្តីម្នាក់បានលើកជាសំណួរថា តើលុយ៥០ម៉ឺនដុល្លារនោះបានមកពីណា? ហើយការដែលលោកសន្យានោះបានត្រឹមតែថា តែផ្ទុយទៅវិញការអនុវត្តគឺគ្មាន។

ពាក់ព័ន្ធនឹងសំណួរខាងលើនេះ លោក អ៊ុក ស៊ីណាត បានឆ្លើយដោះសារថា នេះជារឿងថ្នាក់ជាតិយើងត្រឹមសង្កាត់ដោះស្រាយមិនចេញទេ។ ត្រឹមសង្កាត់ខ្ញុំមានស្អីឲ្យ ហើយយើងមានអំណាចឯណា? បើបក្សឈ្នះឆ្នោតថ្នាក់ជាតិ អាហ្នឹងជូនដោយស្មោះត្រង់។ ឲ្យតែអាយុ៦៥ឆ្នាំឡើងគឺអាហ្នឹងមានគោលការណ៍របស់បក្ស។ លោកបានបន្តថា ចំពោះលុយ៥០ម៉ឺនដុល្លារក្នុង១ឃុំឬសង្កាត់ នឹងគឺជាលុយរបស់រដ្ឋាភិបាល ហើយលុយនោះជិត៥ពាន់លានដែលរដ្ឋសភាអនុម័តប្រចាំឆ្នាំគឺលុយហ្នឹង ហើយ១៥៤៦ឃុំ គឺរដ្ឋចាយអស់តែជាង៨០០លានដុល្លារទេគឺចាយអត់អស់ផង។

ទោះបីជាយ៉ាងនេះក្តី ប្រជាពលរដ្ឋបានលើកឡើងថាសង្កាត់គឺជាម៉ែឪរបស់ពលរដ្ឋរឿងអីដែលនិយាយដោះសារជាប់ឆ្នោតក្រុមប្រឹក្សាឃុំ នឹងដោះស្រាយគ្រប់យ៉ាងជូនពលរដ្ឋ តែឥឡូវបែរជានិយាយថាទាល់តែបក្សខ្លួនឈ្នះឆ្នោតថ្នាក់ជាតិទើបដោះស្រាយបាន ដល់ពេលបក្សខ្លួនឈ្នះឆ្នោតថ្នាក់ជាតិចាំ មើលថា ចាំឈ្នះឆ្នោតថ្នាក់ស្អីទៀត។

ដោយសារតែការតវ៉ាមានសន្ទុះខ្លាំងក្លាពេកធ្វើឲ្យលោកចៅសង្កាត់ទ្រាំលែងបានក៏សម្រេចបិទវេទិកាពាក់កណ្តាលទីរួចដើរចេញបាត់តែម្តង៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង