បង្រ្កាបក្រុមអ្នកច្នៃម៉ូតូ បង្កអសន្តិសុខសង្គម រំខានគេឯង


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ ម៉ូតូកែច្នៃបំពង់ស៊ីម៉ាំង១៣គ្រេឿង បង្កជាសម្លេងឮៗ និងបំពាក់ឡាស៊ែខុសទម្រង់ដើម ត្រូវបានកម្លាំងនគរបាលខណ្ឌមានជ័យ ធ្វើការឃាត់ជាបន្តបន្ទាប់ក្នុងរយៈពេល២ថ្ងៃ នៅក្នុងមូលដ្ឋានសង្កាត់ទាំង៧ ក្នុងខណ្ឌមានជ័យ ។

លោកវរសេនីយ៍ត្រី ហួរ ម៉េងវ៉ាង អធិការរងនគរបាលខណ្ឌមានជ័យ ទទួលផែនព្រហ្មទណ្ឌ បានអោយដឹងថា ដោយអនុវត្តទៅតាមបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ តម្រូវអោយសមត្ថកិច្ចក្រោមឱវាទ ពិសេសកម្លាំងនគរបាលទាំង១២ខណ្ឌ ធ្វើយ៉ាងណាត្រូវបង្កើនការយកចិត្តទុកយកដាក់ខ្ពស់លើគ្រប់យានជំនិះដែលមានបំពាក់នូវបំពង់ស៊ីម៉ាំងកែច្នៃ ខុសទម្រង់ដើមបង្កជាសម្លេងឮរំពងខ្លាំងៗ រំខានដល់អ្នកដំណើរតាមដងផ្លូវ និងពលរដ្ឋទូទៅ ។

លោកអធិការរងបន្តថា ម៉ូតូទាំង១៣គ្រេឿង ត្រូវឃាត់ជាបន្តបន្ទាប់ ក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី៧ និងទី៨ ដោយសមត្ថកិច្ចជិះល្បាតប្រទះឃើញ ហើយធ្វើការឃាត់យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌតែម្តង ។ ការឃាត់នេះ ពុំមានជាប់ពាក់ព័ន្ធនឹងបទល្មើសនោះទេ គឺដោយអនុវត្តតាមបទបញ្ជាថ្នាក់លើ ត្រូវតែឃាត់យកមកពិន័យ និងធ្វើការអប់រំជាកំហិត ។

សូមបញ្ជាក់ថា នៅវេលាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧ សមត្ថកិច្ចខណ្ឌមានជ័យ ដឹកនាំដោយលោកអធិការរងហួរ ម៉េងវ៉ាង បានធ្វើការបង្ហាញម៉ូតូទាំង១៣គ្រេឿងជាសាធារណៈ និងអញ្ជើញម្ចាស់ម៉ូតូអោយយកឯកសារ មកទទួលយកទៅវិញផងដែរ ។ ប៉ុន្តែទន្ទឹមនឹងនោះ មុនពេលដែលសមត្ថកិច្ចអនុញ្ញាតិអោយទៅវិញ គឺតម្រូវអោយម្ចាស់ម៉ូតូដោះបំពង់ស៊ីម៉ាំងកែច្នៃ និងឡាស៊ែចេញពីម៉ូតូ រួចបំពាក់គ្រឿងបន្លាស់ដើមមកវិញ ។ បន្ថែមពីនោះ សមត្ថកិច្ចក៏បានធ្វើការផាកពិន័យ និងធ្វើកិច្ចសន្យាជាមួយម្ចាស់ម៉ូតូ ត្រូវបញ្ឈប់សកម្មភាពនេះនៅថ្ងៃខាងមុខទៀតផងដែរ ៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង