ច្បាស់ហើយ! នារីវៀតណាមដែលគេសង្ស័យជាអ្នកចាប់ក្មេងនោះតាមពិតសសៃប្រសាទសោះ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ ក្រោយពីលទ្ធផលនៃមន្ទីរពេទ្យមួយចំនួនក្នុងក្រុងភ្នំពេញ ពិនិត្យថា នារីវៀតណាមម្នាក់មានជំងឺសសៃប្រសាទ ខណៈដែលត្រូវបានប្រជាពលរដ្ឋហ៊ុមព័ទ្ធខ្លាចក្រែងរត់គេចខ្លួនពីសមត្ថកិច្ចកាលពីយប់ម៉ិញនៅនគរបាលប៉ុស្តិ៍ទួលសង្កែ ក្នុងករណីល្បួងចាប់ក្មេងស្រីនោះ ត្រូវបានសមត្ថកិច្ចដោះលែងឲ្យត្រឡប់ទៅផ្ទះវិញហើយ។

លោក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌឬស្សីកែវ បានអោយដឹងថា នៅព្រលប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ កម្លាំងជំនាញរបស់អធិការដ្ឋាន និងប៉ុស្តិ៍ទួលសង្កែ បានបញ្ជូនស្ត្រីម្នាក់ពាក់ព័ន្ធល្បួងចាប់ក្មេងស្រី ទៅពិនិត្យសតិនៅមន្ទីរពេទ្យកាល់ម៉ែត្រដើម្បីពិនិត្យ (ធ្វើកោសល្យវិច្ច័យលើរោគសញ្ញាសរសៃប្រសាទ ប៉ុន្តែដោយមន្ទីរពេទ្រកាល់ម៉ែត្រ មិនមានវិជ្ជបណ្ឌិតឯកទេសសំរាប់ពិនិត្យ និងព្យាបាល កម្លាំងអធិការដ្ឋានក៏បានបន្តបញ្ជូនវៀតណាមរូបនោះទៅមន្ទីរពេទ្យ មិត្តភាពកម្ពុជា សូវៀត ជាលទ្ធផលនៃការពិនិត្យរបស់លោកគ្រូពេទ្យឯកទេស នៅវេលាម៉ោង៤និង៣០នាទីល្ងាច បានបញ្ជាក់ថា ស្ត្រីខាងលើពិតជាមានជំងឺសរសៃប្រសាទ ហើយបានផ្តល់ថ្នាំសរសៃប្រសាទសំរាប់លេបព្យាបាលចំនួន៣សប្តាហ៍ ប៉ុន្តែអោយមួយសប្តាហ៍ត្រូវទៅពិនិត្យម្តង ព្រមទាំងបានចេញសំបុត្របើកថ្នាំដល់ស្ត្រីខាងលើនេះយកទៅព្យាបាលជាបន្តបន្ទាប់ផងដែរ។

ក្រោយពីទទួលបានលទ្ធផលបឋម ដើមបណ្តឹងនិងក្រុមគ្រួសាររបស់ក្មេងស្រី ដែលបានចូលរួមទៅជាមួយសមត្ថកិច្ច និងស្ត្រីជាជនបង្ករ មិនបានបន្តការប្តឹងផ្តល់ ហើយសមត្ថកិច្ចយើងបានរាយការណ៍ជូនលោក ស៊ិន វីរៈ ព្រះរាជអាជ្ញារង ហើយបានអោយស្ត្រីនោះ វិលត្រឡប់ទៅលំនៅដ្ឋានវិញ ដោយមានការធានាពីក្រុមគ្រួសារ នៅពេលណាដែលសមត្ថកិច្ចត្រូវការ ត្រូវតែមកបង្ហាញមុខគ្រប់ពេល។

គួររំលឹកថាកាលវេលាម៉ោង៦និង៣០នាទី ព្រលប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ មានហេតុការណ៍មួយបានបង្ករឲ្យមានការភ្ញាក់ផ្អើលនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ចំនុចមុខសាលាប៊ែលធី ក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែខណ្ឌឫស្សីកែវ ដោយជនសង្ស័យជាជនជាតិវៀតណាមម្នាក់ បានល្បួងក្មេងស្រីជនជាតិខ្មែរម្នាក់បំរុងចាប់តែឪពុកមកទាន់ក៏ដេញចាប់ប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែ។

ជនសង្ស័យមានឈ្មោះ ចាំង ភេទស្រី អាយុ២៦ឆ្នាំ មុខរបរកោសខ្យល់ ស្នាក់នៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។ ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះ រស់ ស្រីនិច ភេទស្រី អាយុ១៤ឆ្នាំ មុខរបរសិស្សស្នាក់នៅជាមួយឪពុកឈ្មោះ អឹម រិទ្ធី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ និងមានម្ដាយឈ្មោះ សួន ស្រីឡឹង ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរនៅផ្ទះ។

សូមជម្រាបថា ពាក្យបាត់ក្មេងប្រុសក្មេងស្រី ត្រូវបានគេវះយកគ្រឿងក្នុង កំពុងតែជារឿងក្តៅគគុក ល្បីល្បាញក្នុងបណ្តាញសង្គមហ្វេសប៊ុក រហូតដល់នាយកដ្ឋានកណ្តាលសន្តិសុខនៃក្រសួងមហាផ្ទៃបានប្រកាសថា បើមានករណីបាត់ក្មេង សូមប្រញាប់ទូរស័ព្ទទៅកាន់លេខសមត្ថកិច្ចចំនួនពីរខ្សែ- 031 201 2345/ 031 601 2345 ដើម្បីទទួលបានការអន្តរាគមន៍ពីសមត្ថកិច្ច៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង