កាកបាទក្រហមកម្ពុជា៖ ផ្តល់អំណោយមនុស្សធម៌ជាលើកទី២ ជូនសមាគមជនពិការ «អង្គរ» ខេត្តសៀមរាប


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

សៀមរាប ៖ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជាលើកទី២ រួមមានគ្រឿងឧបភោគ-បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកា ជូនដល់គ្រួសារជនពិការចំនួន ២៧០គ្រួសារ នៃសមាគមជនពិការអង្គរ ដែលមានទីតាំងស្ថិតនៅ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

ក្នុងឱកាសសំណេះសំណាលនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើរការសួរសុខទុក្ខ ក្តីអាណិត ស្រឡាញ់ នឹករឮក និងកោតសរសើរចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់ជនពិការទាំងអស់ នៃសមាគមជនពិការអង្គរ ដែល “ពិការតែកាយ តែមិនពិការចិត្ត” បានខិតខំអភិវឌ្ឍសមត្ថភាព ជំនាញ វិជ្ជាជីវៈ កសាងមុខរបរដោយសុច្ចរិត ដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពរស់នៅ ឲ្យបានស្មើមុខស្មើមាត់ដូចមនុស្សឯទៀតដែរ។

ក្នុងន័យនេះ កាកបាទក្រហមកម្ពុជា ដែលជាជំនួយការឲ្យអាជ្ញាធរសាធារណៈលើវិស័យមនុស្សធម៌ ជាពិសេស រាជរដ្ឋាភិបាលកម្ពុជា ជានិច្ចកាលតែងគិតគូរយកចិត្តទុកដាក់អនុវត្តគោលនយោបាយលើកកម្ពស់ជនពិការ ធ្វើយ៉ាងណាផ្តល់ភាពកក់ក្តៅ និងផ្តល់ឱកាសដល់ជនពិការមានលទ្ធភាពចូលរួមក្នុងកិច្ចការសង្គម ដើម្បីអភិវឌ្ឍប្រទេសជាតិដែលមានសុខសន្តិភាព ស្ថិរភាពមួយនេះ ឲ្យបានកាន់តែរីកចម្រើនឥតឈប់ឈរ។

ជាមួយគ្នានោះ លោក សេម សុវន្ថា ប្រធានសមាគមជនពិការអង្គរ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរយកចិត្តទុកដាក់ជួយដល់ជនពិការទាំងអស់ ដែលជាជនងាយរងគ្រោះបំផុត ត្រូវការអំណោយមនុស្សធម៌ទាំងនេះជាចាំបាច់ក្នុងការជួយសម្រាលការលំបាកបានមួយរយៈពេលដែរ។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ផ្តល់ជូនសមាគមជនពិការអង្គរ រួមមាន ៖ អង្ករ ៥០០គីឡូក្រាម មីយើង ១០កេស ត្រីខ ១កេស ទឹកក្រូច ១០កេស ទឹកសុទ្ធ ១០កេស ទឹកត្រី ៣៦ដប ទឹកស៊ីអ៊ីវ ៣៦ដប ប្រេងឆា ១២ដប រទេះជនពិការ ១០គ្រឿង និងថវិកា ៤លានរៀល។ ដោយឡែក សម្រាប់ ជនពិការទាំង ២៧០នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង មុង១ ភួយ១ សារ៉ុង១ ក្រមា១ និងថវិកា ៥ម៉ឺនរៀល។

នៅក្នុងដំណើរបេសកកម្មមនុស្សធម៌នោះ លោកជំទាវអគ្គលេខាធិការរងទី១ និងសហការី រួមជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូន គ្រួសារចាស់ជរា ជនពិការក្រីក្រ ចំនួន ៩គ្រួសារ រស់នៅភូមិមណ្ឌល៣ សង្កាត់ស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ទៀតផង៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង