ក្រយៅគុកCalling ទៅហើយមកវិញៗ មកលើកនេះមិនបានទៅវិញទេ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍បឹងទំពុន ធ្វើការល្បាតឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ បន្ទាប់ពីពួកគេទាំងនេះបានជិះម៉ូតូឌុបគ្នាចេញពីស្រុកមកទិញថ្នាំញៀននៅភ្នំពេញ លុះត្រឡប់ទៅវិញក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបានតែម្តង ដកហូតថ្នាំញៀន៨កញ្ចប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង២០នាទី យប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ ក្បែរក្លោងទ្វារវត្តសន្សំកុសល ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍បឹងទំពុនបានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនបានខាងលើនេះ ទី១មានឈ្មោះ ហែម ប្រុស អាយុ២៤ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិឧត្តុង្គ ឃុំព្រែកតាបៅ ស្រុកពាមជ័រ ខេត្តព្រៃវែង។ ជនសង្ស័យទី២ឈ្មោះ ញឹម ផល្លី ភេទប្រុស អាយុ១៩ឆ្នាំ និងជនសង្ស័យទី៣ឈ្មោះ ម៉ៅ ពិសាស អាយុ១៨ឆ្នាំ មុខរបរបើករថយន្តដឹកពោត ស្នាក់នៅជាមួយគ្នា។

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ បានឲ្យដឹងថា មុនពេលកើតហេតុពួកគេបានចេញពីស្រុកកំណើតនៅភូមិឧត្តុង្គ ឃុំព្រែកតាបៅ ស្រុកពាមជ័រ ខេត្តព្រៃវែង ឌុបគ្នា៣នាក់ឡើងមកភ្នំពេញមកម្តុំសួនកាណាឌីយ៉ា តាមបណ្តោយផ្លូវវេងស្រេង ដើម្បីផឹកស៊ីសប្បាយ ពេលនោះស្រាប់តែមានក្រុមអ្នកលក់គ្រឿងញៀន ដែលមិនស្គាល់ឈ្មោះនិងអត្តសញ្ញាណ បានមកសួរពួកគេថា ចង់ទិញរបស់ដែរអត់(គ្រឿងញៀន) ពេលនោះជនសង្ស័យក៏ព្រមទិញចំនួន៨កញ្ចប់ក្នុងតម្លៃ៨ម៉ឺនរៀល ទិញរួចក៏នាំគ្នាជិះម៉ូតូត្រឡប់ទៅផ្ទះវិញ តែពេលមកដល់ចំណុចផ្លូវ២៧១ ក្លោងទ្វារវត្តសន្សំកុសល ក៏ប្រទះនឹងកម្លាំងនគរបាលប៉ុស្តិ៍បឹងទំពុន ដែលកំពុងល្បាតបានឃើញមានការសង្ស័យក៏ឃាត់ឲ្យឈប់ដើម្បីត្រួតពិនិត្យស្រាប់តែរកឃើញថ្នាំញៀនទាំង៨កញ្ចប់របស់ជនសង្ស័យតែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់ប៉ុស្តិ៍បឹងទំពុន ដើម្បីឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ កសាងសំណុំរឿងបន្តបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់បន្តទៀត៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង