អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងនៅខណ្ឌឫស្សីកែវ
ភ្នំពេញ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា មានអគ្គីភ័យយ៉ាងសាហាវមួយ បានបំផ្លាញផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង នៅតាមជួរមាត់ច្រាំងទន្លេ ហូសពីស្ពានបេឡេ ប្រហែល៥០ម៉ែត្រ ស្ថិតភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ដោយបង្កការភ្ញាក់ផ្អើលជាខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ រួមទាំងសមត្ថកិច្ចកាលពីវេលម៉ោង៣ និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨នេះ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ការឆេះ គឺបណ្តាលមកពីទុស្សេខ្សែភ្លើងឆេះយ៉ាងសន្ធោសន្ធៅ ទើបឆ្លងរាលដាលរហូតផ្ទុះធុងហ្គាសឆេះកាន់តែខ្លាំងឡើង ។ ហើយភ្លាមៗនោះប្រជាពលរដ្ធក៏បានរាយការណ៍ទៅសមត្ថកិច្ច ហើយពួកគាត់បានយកទឹកជះជាបណ្ដើរៗផងដែរ តែទោះជាយ៉ាងណាពួកគាត់មិនអាចពន្លត់អគ្គីភ័យដោយខ្លួនឯងបាននោះទេ រហូតមានការរាលដាលឆេះយ៉ាងសន្ធោសន្ធៅពីផ្ទះមួយ ទៅផ្ទះមួយអស់ជាច្រើនខ្នងតែម្ដង ។
ភ្លាមៗ សមត្ថកិច្ចមូលដ្ឋានបានចេញរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងមកធ្វើការបាញ់ពន្លត់យ៉ាងញាប់ដៃ ញាប់ជើងផងដែរ តែដោយសារការចូលរថយន្តពន្លត់អគ្គីភ័យនោះមានការពិបាកបន្តិច រួមជាមួយផ្ទះពួកគាត់សង់ឡើងសុទ្ធតែឈើ ប្រក់សង្ហសី ទើបធ្វើឲ្យការបាញ់ពន្លត់ពិបាក និងមានការឆាបឆេះរហ័ស ទើបបណ្ដាលឲ្យឆេះអស់ជាច្រើនខ្នង ។ តែទោះជាយ៉ាងណា កម្លាំងអន្តរាគមន៍ពន្លត់អគ្គីភ័យ បានខិតខំបាញ់ទឹកពន្លត់ និងប្រើពេលវេលាជាង២ម៉ោង ទើបបាញ់រលត់នៅវិញជាស្ថាពរនៅវេលាម៉ោង៥ជិតភ្លឺ ។
ប្រភពចុងក្រោយបន្តថា ហេតុការណ៍នេះ ភ្លើងឆេះផ្ទះអស់ទាំងស្រុង សរុប៦៤ខ្នង ផ្ទះស្មើនឹង៦៤គ្រួសារ ដោយខូចខាតសម្ភារអស់ជាច្រើន តែមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ ។ នៅក្នុងប្រតិបត្តិការនេះ រថយន្តពន្លត់អគ្គិភ័យមកពីអង្គភាពមួយចំនួនជួយអន្តរាគមន៍បាញ់ទឹកចំនួន៣២គ្រឿង ក្នុងនោះរថយន្តរបស់ស្នងការរាជធានីភ្នំពេញ ២២គ្រឿង (ប្រើទឹកអស់១១០ជើង), ខណ្ឌជ្រោយចង្វារ៦គ្រឿង (ប្រើទឹកអស់១០ជើង), ខណ្ឌប្ញស្សីកែវ១គ្រឿង ប្រើទឹកអស់៣ជើង, ក្រសួងមហាផ្ទៃ៣គ្រឿង (ប្រើទឹកអស់៦ជើង) និងខាងម៉ារីនរបស់ចរាចរណ៍ជើងទឹក២គ្រឿងផងដែរ ។
មតិលើបញ្តាញសង្គម Facebook