យុវជន​ជាង​២០០​នាក់​ធ្វើ​បុណ្យ​ដាំ​កូន​ឈើ​ឧទ្ទិស​កុសល​ជូន​បណ្ឌិត កែម ឡី


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ក្រុម​យុវជន​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ជាង ២០០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​៩ កក្កដា នាំ​គ្នា​ដាំ​ដើមឈើ និង​ហែ​ទៀន​ព្រះវស្សា​ទៅ​ដាក់​ក្នុង​វត្ត​មួយ​នៅ​ជាប់​ព្រំដែន​ថៃ ក្នុង​ស្រុក​អូរជ្រៅ ដើម្បី​ឧទ្ទិស​កុសល​ផល​បុណ្យ​ជូន​លោក​បណ្ឌិត កែម ឡី ក្នុង​ឱកាស​ពិធី​បុណ្យ​ខួប​គម្រប់ ១​ឆ្នាំ ដែល​ឃាតក​បាន​បាញ់​សម្លាប់​លោក។ អង្គការ​សង្គម​ស៊ីវិល​ក្នុង​ខែត្រ​បន្ទាយមានជ័យ លើក​ឡើង​ថា សកម្មភាព​របស់​ក្រុម​យុវជន​នេះ គឺ​ជា​គំរូ​ល្អ​នៅ​ក្នុង​សង្គម​ជាតិ ដោយសារ​ពួក​គាត់​ស្រឡាញ់​បណ្ឌិត កែម ឡី។

ក្រុម​យុវជន​នៅ​ក្រុង​ប៉ោយប៉ែត អះអាង​ថា ការ​ដាំ​ដើមឈើ និង​ហែ​ទៀន​ព្រះវស្សា​របស់​ពួក​គាត់ ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​មាន​ភាព​សប្បាយ​រីករាយ ព្រម​ទាំង​មាន​ការ​ស្វាគមន៍​ពី​ព្រះសង្ឃ​ក្នុង​វត្ត​យ៉ាង​កក់ក្ដៅ។

តំណាង​ក្រុម​យុវជន​មក​ពី​ក្រុង​ប៉ោយប៉ែត លោក ស៊ី វា ថ្លែង​ថា ពួក​គាត់​បាន​នាំ​យក​កូន​ឈើ​ប្រភេទ​ធ្នង់ ផ្ចឹក និង​ឈើ​គគីរ ជាដើម​សរុប​ជាង ១០០​ដើម ដាំ​ក្នុង​ទីធ្លា​វត្ត​ទួលព្រះព្នៅ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ជាប់​ព្រំដែន​ប្រទេស​ថៃ។ លោក​បន្ថែម​ថា ក្រៅ​អំពី​ដាំ​កូន​ឈើ​ហើយ មាន​ហែ​ទៀន​ព្រះវស្សា​ប្រគេន​ដល់​ព្រះសង្ឃ​ក្នុង​វត្ត​មួយ​នេះ ដើម្បី​ឧទ្ទិស​កុសល​ផល​បុណ្យ​ជូន​ដល់​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី ក្នុង​ខួប​គម្រប់ ១​ឆ្នាំ ដែល​ឃាតក​បាន​ផ្ដាច់​ជីវិត​លោក​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។

លោក​សង្កត់​ធ្ងន់​ថា មូលហេតុ​ដែល​ពួក​គាត់​ធ្វើ​បុណ្យ​ឧទ្ទិស​កុសល​ផល​បុណ្យ​ជូន​លោក​បណ្ឌិត កែម ឡី ដោយសារ​សោកស្ដាយ​ទង្វើ​ល្អ​របស់​លោក​បណ្ឌិត ដែល​ជា​គំរូ​ដល់​មនុស្ស​លោក​ជាទូទៅ ហើយ​កាល​ពី​លោក​នៅ​រស់ តែង​ផ្ដល់​គំនិត​ល្អៗ​ដល់​ក្រុង​យុវជន​ឲ្យ​ចេះ​ស្រឡាញ់​ប្រទេស​ជាតិ៖ «ធម្មតា​ពួក​ខ្ញុំ​ជា​យុវជន​គោរព​វីរបុរស​ស្នេហា​ប្រទេស​ជាតិ ហ៊ាន​លះបង់​ជីវិត​ដើម្បី​ថែរក្សា​បូរណភាព​ទឹកដី ហើយ​ភាព​ដែល​យើង​មិន​អាចបំភ្លេច​បាន គឺ​ហ៊ាន​និយាយ​ការពិត គាត់​ចង់​ប្រទេស​ទទួល​បាន​សិទ្ធិ​សេរីភាព បើ​ទោះ​ជិត​ដល់​ថ្ងៃ​គាត់​បាត់បង់​ជីវិត ក៏​គាត់​នៅ​តែ​ធ្វើ​ការងារ​ដើម្បី​ជាតិ​ដែរ ដូច្នេះ​ពួក​យើងមិន​អាច​បំភ្លេច​គាត់​បាន​ទេ»

ចំណែក​ព្រះចៅ​អធិការ​វត្ត​ទួលព្រះព្នៅ ព្រះតេជព្រះគុណ សាំង ប៊ុនសឿន មាន​ថេរ​ដីកា​ត្រេកអរ​យ៉ាង​ខ្លាំង​ដែល​ក្រុម​យុវជន​រាប់​រយ​នាក់ សាមគ្គី​គ្នា​ដាំ​ដើមឈើ និង​ហែ​ទៀន​ព្រះវស្សា​ដាក់​ក្នុង​វត្ត​របស់​ព្រះអង្គ។ ព្រះតេជព្រះគុណ​មាន​ថេរ​ដីកា​បន្ថែម​ថា ផល​បុណ្យ​ដែល​ក្រុម​យុវជន​ឧទ្ទិស នឹង​ទៅ​ដល់​ដួង​វិញ្ញាណក្ខន្ធ​បុព្វការីជន ជាពិសេស​លោក​បណ្ឌិត កែម ឡី បាន​ទៅ​កាន់​សុគតិភព​ជា​ពុំ​ខាន៖ «បាន​ផល​បុណ្យ​ដូចជា​ជូន​ដល់​មាតា​បិតា​ដែល​បាន​ឡើង​ឋានសួគ៌ គាត់​ក៏​បាន​បុណ្យ​បន្ថែម​ទៀត ហើយ​បើ​ធ្លាក់​ចុះ​ទៅ​កន្លែង​មិន​ល្អ បុណ្យ​នេះ​ក៏​ជួយ​ឲ្យ​គាត់​បាន​រួច​ផុត​ទុក្ខ»

ព្រះតេជព្រះគុណ​ចង់​ឲ្យ​ក្រុម​យុវជន​ធ្វើ​បុណ្យ​ដាំ​កូន​ឈើ និង​បុណ្យ​ផ្សេងៗ​ទៀត​ទៅ​ដាក់​ក្នុង​វត្ត​ក្រីក្រ​នៅ​តាម​ព្រំដែន​ជាប់​ប្រទេស​ថៃ ឲ្យ​បាន​ច្រើន​បន្ថែម​ទៀត ដើម្បី​ធ្វើ​ឲ្យ​ទីធ្លា​របស់​វត្ត​មាន​ម្លប់​ត្រជាក់ ងាយស្រួល​ដល់​ពុទ្ធបរិស័ទ​ចត​ឡាន និង​ម៉ូតូ ធ្វើ​បុណ្យ​ធ្វើ​ទាន​នៅ​ក្នុង​វត្ត។

អាជ្ញាធរ​ស្រុក​អូរជ្រៅ មិន​បាន​រារាំង​ដល់​ការ​ធ្វើ​បុណ្យ​ឧទ្ទិស​កុសល​របស់​ក្រុម​យុវជន​ទាំងនោះ​ឡើយ។

ទាក់ទង​នឹង​បញ្ហា​នេះ អភិបាល​ស្រុក​អូរជ្រៅ លោក សាន ស៊ានហូ មាន​ប្រសាសន៍​ថា មូលហេតុ​ដែល​មិន​ហាមឃាត់​ក្រុម​យុវជន​ធ្វើ​បុណ្យ ដោយ​មើល​ឃើញ​ថា ទង្វើ​របស់​ក្រុម​យុវជន​មិន​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​នៅ​ក្នុង​សង្គម ពីព្រោះ​ការ​ដាំ​ដើមឈើ​ជា​សកម្មភាព​បម្រើ​ប្រយោជន៍​របស់​មនុស្ស​ក្នុង​សង្គម៖ «ខ្ញុំ​គិត​ថា​ខែ​នេះ គឺ​ជា​រដូវ​ហែ​ទៀន​ព្រះវស្សា​ទៅ​ដាក់​តាម​វត្ត​អារាម ដូច្នេះ​ខ្ញុំ​មិន​គិត​ជា​រឿង​អ្វី​ផ្សេង។ ខ្ញុំ​គិត​ថា នេះ​ជា​ប្រពៃណី​ខាង​ព្រះពុទ្ធសាសនា ជា​រឿង​មួយ ហើយ​ការ​ដាំ​ដើមឈើ ក៏​ស្រប​តាមការ​ណែនាំ​របស់​ថ្នាក់​ដឹកនាំ​ដែរ»

ក្រៅ​អំពី​ក្រុម​យុវជន​នៅ​ក្រុង​ប៉ោយប៉ែត ហើយ ក៏​មាន​ក្រុម​ពលករ​ខ្មែរ​ដែល​ធ្វើ​ការងារ​នៅ​ខេត្ត​ឈុនបូរី ប្រទេស​ថៃ រាប់​ពាន់​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​៩ កក្កដា ដែល​បាន​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ឲ្យ​ដឹង​ថា ពួក​គេ​ក៏​នាំ​គ្នា​ធ្វើ​បុណ្យ​នៅ​ក្នុង​វត្ត​របស់​ថៃ ដើម្បី​ឧទ្ទិស​កុសល​ផល​បុណ្យ​ជូន​ដល់​លោក​បណ្ឌិត កែម ឡី ដែរ ហើយ​ក្នុង​ពិធី​បុណ្យ​នោះ ថែម​ទាំង​មាន​ដាក់​តាំង​រូប​លោក​បណ្ឌិត កែម ឡី ទៀត​ផង។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា លើក​ឡើង​ថា ការ​ធ្វើ​បុណ្យ​ទាន​របស់​ក្រុម​យុវជន​ទាំងនោះ​នៅ​ព្រំដែន និង​អ្នក​ធ្វើ​ការ​នៅ​ប្រទេស​ថៃ គឺ​ជា​សារ​មួយ​បញ្ជាក់​ថា ពួក​គាត់​ស្រឡាញ់​អ្នក​ចេះ​ដឹង​ដែល​មាន​គំនិត​ជួយ​ឲ្យ​សង្គម​ជាតិ​រីក​ចម្រើន។ លោក​សង្កត់​ធ្ងន់​ទៀត​ថា សកម្មភាព​របស់​ក្រុម​យុវជន​នេះ ក៏​ជា​សារ​មួយ​ទៀត​ដើម្បី​ទទូច​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ស្វែងរក​ឃាតក​ពិតប្រាកដ​ដែល​បាន​សម្លាប់​លោក​បណ្ឌិត កែម ឡី យក​មក​ផ្ដន្ទាទោស​ដើម្បី​ផ្ដល់​យុត្តិធម៌​ជូន​លោក​បណ្ឌិត និង​ក្រុម​គ្រួសារ៖ «នេះ​ជា​សកម្មភាព​ល្អ​មួយ​ដែរ ធ្វើ​ឲ្យ​យុវជន​ភ្ញាក់​រលឹក ហើយ​ខំ​ប្រឹងប្រែង​ធ្វើ​ការ​ដោយ​យក​គំនិត​ច្នៃប្រឌិត​ដូច​លោក​បណ្ឌិត កែម ឡី។ មួយ​វិញ​ទៀត គឺ​ជា​ការ​ឧទ្ទិស​ផល​បុណ្យ​ជូន​ដល់​លោក​បណ្ឌិត ដើម្បី​ឲ្យ​លោក​ទៅ​កាន់​សុគតិភព ហើយ​ក៏ជា​សញ្ញាណ​មួយ គឺ​ក្នុង​បេះដូង​ប្រជាពលរដ្ឋ​នាំ​យក​ទ្រឹស្ដី​របស់​លោក​បណ្ឌិត​ទៅ​អនុវត្ត»

ថវិកា​ដែល​ក្រុម​យុវជន​ធ្វើ​បុណ្យ​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី នៅ​វត្ត​ទួលព្រះព្នៅ បាន​មក​ពី​ការ​រៃអង្គាស​គ្នា​របស់​ក្រុម​យុវជន​នៅ​ក្រុង​ប៉ោយប៉ែត សរុប​អស់​ជាង ៦​លាន​រៀល។ ក្រុម​យុវជន​នៅ​ក្រុង​ប៉ោយប៉ែត អះអាង​ថា ពួក​គេ​នឹង​ប្រមូល​ថវិកា​គ្នា​ធ្វើ​បុណ្យ​ឧទ្ទិស​ដល់​លោក​បណ្ឌិត កែម ឡី ក្នុង​កម្មវិធី​ផ្សេងៗ​នា​ពេល​ខាង​មុខ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង