ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត អំពាវនាវ​ឲ្យ​ពលរដ្ឋ ខ្មែរ​ប្រុងប្រយ័ត្ន​ទៅលើ ទិញ​ទំនិញ​ថៃ​ផ្សារ​តា​ឡាត់​ណាត់​


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

បន្ទាយមានជ័យ ៖ ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ លោក ស៊ាន ស៊ីណាត បានអំពាវនាវឲ្យប្រជាពលរដ្ឋនិងអាជីវករខ្មែរនៅខេត្តបន្ទាយមានជ័យជាពិសេសប្រជាពលរដ្ឋនៅជាប់ព្រំដែនកម្ពុជា-ថៃ សូមមានការប្រុងប្រយ័ត្នទៅលើការទិញទំនិញថៃផ្សារតាឡាត់ណាត់នៅជាប់ព្រំដែន យកប្រើប្រាស់ឬយកមកលក់ចែកចាយបន្តនៅដីខ្មែរ ប្រយ័ត្នទិញទំនិញខូចគុណភាពនិងទំនិញហួសកាលកំណត់ប្រើប្រាស់ បង្កប៉ះពាល់សុខភាពប្រជាពលរដ្ឋខ្មែរ។ ក្រោយមន្ត្រីជំនាញបានចុះពិនិត្យទំនិញនៅមាត់ច្រកទ្វារព្រំដែនម៉ាឡៃ ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ ឈមនិងច្រកណងព្រឺ ស្រុកអារញ្ញ ខេត្តស្រះកែវ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ រកឃើញនិងដកហូតទំនិញថៃជាច្រើនមុខហួសកាលកំណត់ប្រើប្រាស់ហាមឃាត់ខុសច្បាប់និងទំនិញគ្មានសុវត្ថិភាព ដែលអាជីវករខ្មែរនៅក្បែរច្រកទ្វារព្រំដែនម៉ាឡៃ ចូលទិញទំនិញទាំងនោះពីផ្សារថៃយកមកលក់ចែកចាយនៅដីខ្មែរ។

 

 

 

បើតាមការអះអាងរបស់អាជីវករខ្មែរនៅមាត់ច្រកទ្វារព្រំដែនម៉ាឡៃប្រាប់ឲ្យដឹងថា ទំនិញដែលមន្ត្រីជំនាញរកឃើញហួសកាលកំណត់ប្រើប្រាស់ពួកគាត់ចូលទិញពីផ្សារថៃ ដោយមិនបានត្រួតពិនិត្យឲ្យច្បាស់លាស់នោះឡើយ។ ទំនិញទាំងនោះអាជីវករថៃតាំងលក់នៅផ្សារតាឡាត់ណាត់ រៀងរាល់មួយសប្តាហ៍២ដង គឺលក់នៅថ្ងៃអាទិត្យ និងថ្ងៃអង្គារ៍។ ការបើកលក់ ក្នុងមួយសប្តាហ៍២ថ្ងៃទំនិញថៃផ្សារតាឡាត់ណាត់ មានប្រជាពលរដ្ឋនិងអាជីវករខ្មែរមួយចំនួនបាននាំគ្នាចូលទៅទិញទំនិញថៃយកមកប្រើប្រាស់និងយកលក់ចែកចាយបន្ត ដោយមិនដឹងនិងមិនបានចាប់អារម្មណ៍ថាទំនិញទាំងនោះហួសកាលកំណត់ប្រើប្រាស់នោះឡើយ។

 

 

សូមបញ្ជាក់ថាទំនិញដែលមន្ត្រីជំនាញកាំកុងត្រូលសហការជាមួយនិងនគរបាលប្រឆាំងបទល្មើសនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត ដកហូតបានទំនិញខូចគុណភាព និងហួសកាលកំណត់ប្រើប្រាស់ នៅក្នុងការចុះត្រួតពិនិត្យគុណភាព សុវត្ថិភាព ផលិផលនិងទំនិញម្ហូបអាហារ នៅច្រកទ្វារព្រំដែនស្រុកម៉ាឡៃរួមមានៈ ទឹកក្រូចដបតូចថៃ៦៥ដប, ទឹកផ្លែឈើថៃ៦៦ដប, តំណាប់កន្ទួតថៃគ្មានស្លាកសញ្ញាត្រឹមត្រូវ៨គីឡូក្រាម, កំទេចមីថៃ៤គីឡូក្រាម, អាស៊ីតរូបសញ្ញាទន្សាយថៃ ៦ដប, ឡេថៃលាបស្បែកឲ្យស១២កំប៉ុង, ទឹកដោះគោថៃ ២លីត្រ និងផលិតផលម្ហូបអាហារផលិតនៅក្នុងស្រុកមួយចំនួនធំផងដែរ។

 

លោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យបានប្រាប់ឲ្យដឹងថាដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមការណែនាំរបស់ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា និងជាអគ្គនាយកនៃអគ្គនាយកដ្ឋាកាំកុងត្រូលកម្ពុជា លោក ម៉ក់ ពេជ្ជរិទ្ធ មន្ត្រីជំនាញកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យតែងតែយកចិត្តទុកដាក់ធ្វើការបង្ការទប់ស្កាត់ និងត្រួតពិនិត្យរាល់ទំនិញ ខូចគុណភាព និងទំនិញហាមឃាត់ខុសច្បាប់ទាំងនៅលើទីផ្សារក្នុងខេត្តបន្ទាយមានជ័យ និងនៅតាមមាត់ច្រកទ្វារព្រំដែន ដើម្បីចូលរួមលើកកំពស់សុខមាលភាពប្រជាពលរដ្ឋតាមរយៈនៃការចុះពង្រឹងគុណភាព សុវត្ថិភាពផលិតផល និងទំនិញម្ហូបអាហារ។

 

 

លោកបញ្ជាក់ឲ្យដឹងទៀតថា ពាក់ព័ន្ធនិងសុវត្ថិភាពម្ហូបអាហារនេះដែរមន្ត្រីជំនាញកាំកុងត្រូលក៏តែងតែចុះធ្វើការផ្សព្វផ្សាយអប់រំដល់សិស្សានុសិស្សតាមគ្រឹះស្ថាននានានៅក្នុងខេត្តបន្ទាយមានជ័យ និងអាជីវករ ក៏ដូចប្រជាពលរដ្ឋ ឲ្យពួកគាត់យល់ដឹងកាន់តែច្បាស់លាស់ស្តីពីសុវត្ថិភាពនិងផលប៉ះពាល់គ្រោះថ្នាក់សុខភាពនូវទំនិញខូចគុណភាព ទំនិញគ្មានសុវត្ថិភាព ដើម្បីឲ្យពួកគាត់យល់ដឹងហើយចូលរួមទប់ស្កាត់និងបញ្ឈប់រាល់ការទិញទំនិញដែលគ្មានសុវត្ថិភាព និងគ្មានគុណភាពនោះ ៕ ដោយៈ សំ វិច្ឆិកា

10 11

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង